អគារ​រាង​មូល​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក បើក​ទ្វារ​នៅ​ខែ​កញ្ញា

(សហរដ្ឋ​អាម៉េរិក) – អគារ Sphere នៅ Las Vegas គឺជា​សំណង់​ដែលមាន​រាង​មូល​ធំជាងគេ​លើ​ពិភពលោក និង​គ្របដណ្ដប់​ដោយ​អំពូល​ភ្លើង LED នៅ​ខាងក្រៅ ហើយ​គ្រោង​នឹង​បើកទ្វារ​ចាប់ពី​ខែកញ្ញា​ខាងមុខ។

អគារ Sphere មាន​កម្ពស់ 111 ម៉ែត្រ និង​ទទឹង 157 ម៉ែត្រ។ ការចំណាយ​លើ​ការសាងសង់​អគារ​នេះ​គឺ​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ។ អំពូល​ភ្លើង LED នៅ​ខាងក្រៅ​គ្របដណ្ដប់​លើ​ផ្ទៃក្រឡា​ប្រហែល 54,000 ម៉ែត្រការ៉េ។ អគារ​នេះ​ប្រើប្រាស់​អំពូល​ភ្លើង LED សរុប 1.2 លាន​ឈុត ក្នុងមួយឈុតៗមាន 48 អំពូល។ ផ្នែក​ខាងក្រៅ​របស់​អគារ Sphere អាច​រចនា​ឡើងវិញ​បាន​ទាំងស្រុង​តាមរយៈ​កម្មវិធី​កុំព្យូទ័រ ដើម្បី​បង្ហាញ​ទិដ្ឋភាព​ដែល​គេ​ចង់បាន។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 05 កក្កដា 2023។

Sphere អាចដាក់​កៅអី​បាន 17,000 ឬ​កន្លែង​ឈរ​បាន 20,000 នាក់ ដែល​អាច​ប្រារព្ធ​កម្មវិធីធំៗដូចជា ពិ​ធិ​ប្រគំ​តន្ត្រី ឬ​ប្រដាល់។ល។ ខណៈ​ផ្នែក​ខាងក្នុង​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង លើកលែងតែ​អេក្រង់​ទូរទស្សន៍​ខ្នាត​យក្ស។

កៅអី​ទាំងអស់​នឹងត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា 4D រួមមាន ប្រព័ន្ធ​ដែល​អនុញ្ញាតឱ្យ​អ្នក​អង្គុយ​ទទួល​អារម្មណ៍​ដឹង​ពី​ជំនោរ​ខ្យល់ ការប្ដូរ​ផ្លាស់​កម្ដៅ និង​ក្លិនក្រអូបជា​ដើម ក៏​ដូចជា​ប្រព័ន្ធ​កាមេរ៉ា​ពិសេស​អាច​ថតរូប​ក្នុង​ល្បឿន 120 រូប/វិនាទី។

«ដោយ​ស្ថិតក្នុង​កម្មវិធី​សម្ដែង​ពិសេស​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​​ជាតិ គ្រឿង​លំអ​ខាងក្រៅ​ដែល​ធ្វើ​ពី​អំពូល​ភ្លើង LED របស់ Sphere ដែលជា​អេក្រង់ LED ធំជាងគេ​លើ​ពិភពលោក នឹងត្រូវ​បាន​បើក​ទាំងស្រុង​ជា​លើក​ដំបូង» នេះ​បើតាម​ក្រុមហ៊ុន Sphere។

Sphere ត្រូវបាន​រចនា​ឡើង​ដោយ Populous ដែលជា​ក្រុមហ៊ុន​ស្ថាបត្យកម្មអន្តរជាតិ នៅ​ពីក្រោយ​សំណង់​កីឡា​លំដាប់​កំពូល​ជាច្រើន​របស់​ពិភពលោក។ បច្ចុប្បន្ន ការងារ​សាងសង់​របស់​អគារ​នេះ​សម្រេចបាន​ទាំងស្រុង ហើយ​គ្រោង​នឹង​បើកទ្វារ​នៅ​ខែកញ្ញា​ខាងមុខ ដែល​ចាប់ផ្ដើម​ដោយ​ការប្រគំ​តន្ត្រី​ជា​បន្តបន្ទាប់។ Populous ក៏មាន​គម្រោង​សាងសង់​អគារ​ប្រហាក់ប្រហែល​នឹង Sphere មួយ​ផ្សេងទៀត​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស៕

Advertisement