រូបភាព​ថ្មី «មហា​សែន​ច្បាស់ ត្រជាក់​ភ្នែក» ស្ដីពី​ព្រះ​ទិនករ

ជាង​ថតរូប​ជនជាតិ​អាមេរិកាំង​ម្នាក់ បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក ក្នុងចំណោម​រូបថត​ដែល​ច្បាស់​បំផុត ស្ដីពី​ព្រះអាទិត្យ ដោយ​ភាពច្បាស់​របស់​វា ឡើងដល់ 230 មេ​ហ្គា​ភី​កសែ​ល។

ដើម្បី​បង្កើតបាន​រូបថត​ដែលមាន​ភាពច្បាស់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ តារាវិទូ និង​ជាជាង​ថតរូប​ម្នាក់​ឈ្មោះ Andrew McCarthy បាន​ប្រើប្រាស់​តេ​ឡេ​ស្កុប​តារាសាស្ត្រ​ដែលមាន​ប្រវែង​ប្រសព្វ 4,000ម​ម និង​អាច​ពង្រីក​បាន​ធំ​ជាង 10ដង បើ​ធៀប​នឹង​តេ​ឡេ​ស្កុប​តារាសាស្ត្រ​ស្ដង់ដា ដើម្បី​ផ្ដិត​យក​រូបភាព​ដាច់ដោយឡែក​ចំនួន​ជិត 100,000ទីតាំង​ផ្សេងគ្នា​របស់​ព្រះអាទិត្យ ក្នុង​ល្បឿន​ប្រហែល 100រូប/វិនាទី ហើយ​ក្រោយមក​ក៏​ផ្គុំ​រូបថត​ទាំងនេះ​ទៅជា​រូបភាព​តែមួយ​សន្លឹក​គត់។

«រូបថត​ទាំងនេះ ត្រូវបាន​ថត​នៅវេលា​ថ្ងៃ​ជិត​ត្រង់ ពេល​ព្រះអាទិត្យ​បាន​ឡើង​ខ្ពស់ ប៉ុន្តែ បរិយាកាស​នៅតែ​ស្ងប់ស្ងាត់» McCarthy បញ្ជាក់។

ក្នុង​រូបភាព​ដែល​បាន​ផ្គុំ និង​មាន​ភាពច្បាស់​ឡើងដល់ 230 មេ​ហ្គា​ភី​កសែ​ល ព្រះ​ទិនករ​បង្ហាញខ្លួន​យ៉ាង​ក្រហមឆ្អិនឆ្អៅ និង​ជះ​ពន្លឺ​ភ្លឺ​សព្វ​បរិយាកាស។ វា​ច្បាស់​រហូតដល់​ថ្នាក់ អាច​មើលឃើញ​ទាំង​កាំរស្មី plasma នៅ​ជាយ​ព្រះអាទិត្យ​ដែល​បាន​ជះ​ចូលទៅ​កាន់​បរិយាកាស ហាក់បីដូចជា​អណ្ដាតភ្លើង​យ៉ាង​ស្រស់ស្អាត។

លោក Andrew McCarthy

«កាំរស្មី plasma នេះ អណ្ដែត​នៅក្នុង​បរិយាកាស​របស់​ព្រះអាទិត្យ ដោយសារតែ​ឥទ្ធិពល​របស់​កម្លាំង​ទំនាញ​ដ៏​មហិមា។ បាតុភូត​នេះ កើត​ឡើងជា​ញឹកញាប់ និង​អូស​បន្លាយពេល​យូរ» តារាវិទូ McCarthy បរិយាយ​បន្ថែម។

លោក McCarthy ទើបតែ​បានចាប់ផ្ដើម​ថតរូប​ទាក់ទង​នឹង​តារាសាស្ត្រ​កាលពី 3ឆ្នាំ​មកនេះ​ប៉ុណ្ណោះ។ មុននេះ McCarthy ក៏​ធ្លាប់បាន​ថតរូប​ព្រះ​ចន្ទ​យ៉ាងច្បាស់​ផងដែរ។ រូបភាព​ដ៏​មហា​សែន​ច្បាស់​ស្ដីពី​ព្រះ​ចន្ទ​របស់ McCarthy ត្រូវបាន​ផ្គុំ​ពី​រូបថត​នៃ​ទីតាំងផ្សេងៗគ្នា​ចំនួន ពី 50,000-150,000កន្លែង​នៃ​ចន្ទមណ្ឌល៕

ប្រភព៖ Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement