(វីដេអូ)-ក្រុម​នាវិក​ឥណ្ឌូនេស៊ី ច្រៀង​ចម្រៀង​លាគ្នា មុនពេល​នាវាមុជទឹក​ជួប​គ្រោះថ្នាក់

វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​សកម្មភាព​ច្រៀង​ចម្រៀង​រួមគ្នា​របស់​ក្រុម​នាវិក​នៃ​នាវាមុជទឹក KRI Nanggala នាំឱ្យ​មនុស្ស​ជាច្រើន​មានការ​សោកស្ដាយ និង​អាណិតអាសូរ​ចំពោះ​ពួកគេ។

វីដេអូ​នេះ​ត្រូវបាន​ថត​មុនពេល KRI Nanggala 402 ជួប​គ្រោះថ្នាក់ និង​បាន​បង្ហាញថា សមាជិក​មួយចំនួន​នៃ​ក្រុម​នាវិក​ចំនួន 53 ច្រៀង​ចម្រៀង «Sampai Jumpa» ជា​បទ​ចម្រៀង​ដែល​ល្បីល្បាញ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​វា​មានន័យថា «លាយ​ហើយ»។ Heri Oktavian ដែលជា​មេបញ្ជាការ និង​នាវិក​ជាច្រើនរូប កំពុង​ឈរ និង​អង្គុយ​ជុំវិញ​អ្នក​ដេញ​ហ្គី​តា។

«បើទោះជា​ខ្ញុំ​មិនបាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចងចាំ ហើយក៏​មិនបាន​ត្រៀម​ដើម្បី​រស់​ដោយ​គ្មាន​រូប​អូន សូម​បួងសួង​ឱ្យ​អូន​ជួបតែ​ប្រការល្អៗបំផុត» ចម្រៀង​នេះ មាន​ឃ្លា​ច្រៀង​ដូច្នេះ។

អ្នកនាំពាក្យ​របស់​កង​ទ័ព​ឥណ្ឌូនេស៊ី Djawara Whimbo បាន​និយាយថា វីដេអូ និង​សកម្មភាព​នេះ ត្រូវបាន​ធ្វើឡើង​ដូច​ជាការ​លាគ្នា​សម្រាប់​មេបញ្ជាការ ដែល​ជិត​អស់​អាណត្តិ​នៃ​កងកម្លាំង​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី។ មេបញ្ជាការ​ថ្មី បាន​ចូលមក​កាន់តំណែង​នេះ កាលពីដើម​ខែមីនា ឆ្នាំ2021។

នាវាមុជទឹក KRI Nanggala បាន​ទាក់ទង​លើកចុងក្រោយ​ទៅកាន់​ទីបញ្ជាការ​នៅវេលា​ម៉ោង 3ព្រឹក ថ្ងៃទី21 ខែមេសា និង​បាន​ដាច់​ទំនាក់ទំនង​ទាំងស្រុង​ចាប់ពី​ម៉ោង 4 និង30នាទី។ សាកសព​នាវា​ដែល​បាន​បែក​ជា​បួន​ចំណែកធំៗ​ ត្រូវ​បាន​​រកឃើញ​កាលពី​ថ្ងៃទី25 ខែមេសា និង​កំពុង​ស្ថិតនៅ​បាទសមុទ្រ Bali។ ក្រុម​នាវិក​ដែលមាន​សមាជិក​ចំនួន 53នាក់ ត្រូវ​បាន​​ប្រកាស​ថា ​បាន​បាត់​បង់ជីវិត។

លោក​ Hadi Tjahjanto

ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី មិនទាន់​កំណត់​បាន​មូលហេតុ​សំខាន់​ទាក់ទិន​នឹង​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ យល់ថា នាវា​នេះ​ទំនងជា​បាន​ជួប​បញ្ហា​ដាច់​ភ្លើង បណ្ដាលឱ្យ​ក្រុម​នាវិក​មិនអាច​បញ្ជា​ឱ្យ​នាវា​ផុស​ឡើងលើ​ផ្ទៃ​ទឹក។ Hadi Tjahjanto មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី បានឱ្យដឹងថា មិនមាន​ករណី​ផ្ទុះ​ណាមួយ​កើតឡើង​នោះទេ នៅក្នុង​អំឡុងពេល​នាវា​ត្រូវ​លិច។

លោក Yudo Margono

មេ​បញ្ជា​កងទ័ពជើងទឹក​ឥ​ណ្ដូ​នេ​ស៊ី លោក Yudo Margono ច្រានចោល​បញ្ហា​កំហុស​របស់​មនុស្ស ដោយ​និយាយថា ដំណើរការ​ដ៏​ត្រឹមត្រូវ ត្រូវបាន​ធ្វើឡើង​នៅពេល​នាវា​ចេញ​ប្រតិបត្តិការ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement