សញ្ញា​តានតឹង!!  រុស្ស៊ី បញ្ជូនទាហាន​ជាង 150,000នាក់ ចូល​ប្រកៀក​ព្រំដែន អ៊ុយ​ក្រែ​ន

លោក ចូ​សេ​ហ្វ បា​រេល​ល៍ ប្រធាន​ផ្នែក​នយោបាយ​អន្តរជាតិរ​បស់​សហភាព​អឺរ៉ុប បានឱ្យដឹង​កាលពី​ថ្ងៃ​ម្សិលមិញ (ទី19មេសា) ថា កងទ័ព​រុស្ស៊ី បានដាក់​កម្លាំង​ទាហាន​ជាង 150,000នាក់ ចូល​ប្រកៀក​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​ចំនួន​មួយ ច្រើនជាង​កាលពី​គ្រា​ដែល រុស្ស៊ី​វាយ​ចូលកាន់​កាប់​ឈូង​សមុទ្រ​គ្រី​មៀ នៅ​ឆ្នាំ2014 ទៅទៀត ខណៈដែល​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក ទទួលស្គាល់ថា ជា​ស្ថានការណ៍ ដែល “គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង។

“ពេលនេះ មាន​ទាហាន​រុស្ស៊ី​កំពុង​ត្រៀមកម្លាំង​នៅ​បរិវេណ​ព្រំដែន​អ៊ុយ​ក្រែ​ន និង​គ្រី​មៀ ច្រើនជាង 150,000នាក់ ភាព​ប្រឈម​ក្នុងការ​កើតការ​ប៉ះទង្គិច​គ្នា ហាក់ដូចជា​កាន់តែ​លេច​ច្បាស់​ឡើង​ហើយ” លោក​បា​រេល​ល៍ បាន​ថ្លែង​ក្នុង​បទ​សម្ភាស និង​បាន​បដិសេធ​បង្ហើប​ឱ្យដឹង ពី​ប្រភពព័ត៌មាន​នេះ។

តែ​យ៉ាងណាក្ដី លោក​បា​រេល​ល៍ បាន​អះអាងថា EU (សហភាព​អឺរ៉ុប) មិនទាន់មាន​ផែនការ​ក្នុង​ការប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​នៅឡើយ​ទេ ទោះជា​ការបន្ថែម​កម្លាំង​យោធា​នៅតាម​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​គ្រានេះ ដែល​អាច​និយាយបានថា ច្រើន​ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ។

ចំណែក​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ចំនួន​ទាហាន​រុស្ស៊ី​នៅឯ​ព្រំដែន​អ៊ុយ​ក្រែ​ន នាពេលនេះ អាច​និយាយបានថា ច្រើនជាង​កាលពី​ឆ្នាំ2014 និង​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ថា តើ​មាន​គោលបំណង ដើម្បី​ធ្វើ​សមយុទ្ធ ឬ​យ៉ាងណា​នៅឡើយ។

“វា​ជា​ការដាក់​កម្លាំងយោធា ដែល​ច្រើន​បំផុត ចាប់តាំងពី​ឆ្នាំ2014 ដែល​រុស្ស៊ី​បាន​ល្មើស​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​អ៊ុយ​ក្រែ​ន” លោក​ច​ន ឃើ​ប៊ី​យ៍ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ បាន​បន្តទៀតថា “តែ​យើង​មើលឃើញ​យ៉ាងច្បាស់​ថា ច្រើនជាង​កាលពី​ឆ្នាំ2014 ទៅទៀត”

“យើង​យល់ឃើញថា កា​រប​ន្កើ​ន​កម្លាំង​ទាហាន​បែបនេះ គឺជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​មែនទែន”

ខណៈពេល​ជាមួយគ្នា លោក និ​ដ ផ្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន “ព្រួយបារម្ភ​យ៉ាងខ្លាំង” ចំពោះ​ផែនការ​របស់​ប្រទេស​រុស្ស៊ី ក្នុង​ការហាម​មិនឱ្យ​នាវាចម្បាំង​បរទេស និង​នាវា​ប្រភេទផ្សេងៗទៀត ឆ្លងកាត់​ចូលទៅ​កាន់​ទីតាំង​មួយចំនួន​របស់​មហាសមុទ្រ​ខ្មៅ រយៈពេល 6ខែ។

លោក​ផ្រៃ​ស៍ បាន​ថ្លែងថា “នេះ គឺ​ម្ដង​ទៀតហើយ ដែល​ក្រុង​ម៉ូស្គូ លើកកម្ពស់​ភាព​តានតឹង​ជា​ឯកតោភាគី ដើម្បី​ចង់​កាត់បន្ថយ​ស្ថិរភាព​របស់​ប្រទេស​អ៊ុយ​ក្រែ​ន”

ឯ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​វិញ ព្រួយបារម្ភ​ថា ប្រទេស​រុស្ស៊ី ដែល​ផ្ដល់​ការគាំទ្រ ទាំង​ខាង​នយោបាយ និង​យោធា​ទៅ​ក្រុម​ឧទ្ទាម​បែងចែក​ទឹកដី នៅក្នុង​ភូមិភាគ ដុង​បាស់ (Donbass) ភាគ​ខាងកើត អាច​កំពុង​រក​លេស ដើម្បី​ចាប់ផ្ដើម​ធ្វើការ​វាយប្រហា​រ ខណៈដែល​ក្រុង​ម៉ូស្គូ អះអាងថា “មិនដែល​គំរាម​អ្នកណា​ឡើយ” ព្រមទាំង​ចោទប្រកាន់ ក្រុង​គៀវ ថា សម្ដែង​អាកប្បកិរិយា​ញុះញង់។

សង្គ្រាម​ក្នុង​ភូមិភាគ ដុង​បា​ស់ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អស់​ច្រើនជាង 13,000នាក់​ទៅហើយ និង​ធ្វើឱ្យ​មនុស្ស​ជិត 1.5លាន​នាក់​ទៀត ត្រូវ​ឃ្លាត​ចាក​ពី​ទីលំនៅ ក្រោយពី​ទំនាស់​បាន​ផ្ទុះឡើង​កាលពី 7ឆ្នាំមុន ដោយសារ​ការដែល​ប្រទេស​រុស្ស៊ី​នាំ​កម្លាំង​ទាហាន ចូល​ដណ្ដើមយក​ឈូង​សមុទ្រ​គ្រី​មៀ ពី​ប្រទេស​អ៊ុយ​ក្រែ​ន។

ថ្មីៗនេះ ការិយាល័យ​គ្រប់គ្រង​ការហោះហើរ​នៃ​សហរដ្ឋអាមេរិក (FAA) បានប្រកាស​ព្រមាន​ពី​ភាព​ប្រឈម​​ចំពោះ​​អាកាស​យាន​ និង​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ផ្សេងៗ ឱ្យ “មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត” បើ​ចាំបាច់​ត្រូវ​ហោះ​កាត់​ពីលើ​ដែនអាកាស​ព្រំដែន​រុស្ស៊ី-អ៊ុយ​ក្រែ​ន ក្នុងអំឡុង​ពេលនេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters, AFP
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement