ចិនប្រកាសថា បានត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បង្រួប​បង្រួម​កោះតៃវ៉ាន់

ប្រទេស​ចិន​ដីគោក និង​កោះតៃវ៉ាន់

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Le Yucheng បានប្រកាសថា ប្រទេស​នេះ​មិន​អនុញ្ញាតឱ្យ​តៃវ៉ាន់​ឯករាជ្យ ហើយ​ថា បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ប​ម្រួ​ប​បង្រួម ដោយ​មិន​បោះបង់​ជម្រើស​ណាមួយ​ឡើយ។

«ការបង្រួបបង្រួម​ប្រទេស រវាង​កោះ​តៃវ៉ាន់ និង​ចិនដីគោក គឺជា​ដំណើរការ​ប្រវត្តិសាស្ត្រ​មួយ ដែល​មិន​ត្រូវបាន​រារាំង​ដោយ​បុគ្គល និង​កម្លាំង​ណាមួយ។ យើង​មិន​ទុកឱ្យ​តៃវ៉ាន់​ឯករាជ្យ» លោក Le Yucheng បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី16មេសា។

នៅពេល​ត្រូវបាន​សួរ​អំពី​ពេលវេលា​ជាក់លាក់​សម្រាប់​ការបង្រួបបង្រួម លោក Le Yucheng បញ្ជាក់ថា «នោះ​គឺជា​ដំណើរការ​នៃ​ប្រវត្តិសាស្ត្រ» ហើយ​ថា ចិន​ប្ដេជ្ញា​ជំរុញ​យុទ្ធនាការ​បង្រួបបង្រួម​ប្រទេស។

«យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​គ្រប់យ៉ាង​ដែល​អាច​បង្រួបបង្រួម និង​សន្តិភាព។ ប្រការនេះ​មានន័យថា យើង​មិន​សន្យាថា​នឹង​បោះបង់​ជម្រើសផ្សេងៗឡើយ» នេះ​បើតាម​សម្ដី​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Le Yucheng។

អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng

ការលើកឡើង​របស់លោក Le Yucheng ត្រូវបាន​ធ្វើឡើង​បន្ទាន់​ពី​ប្រធានាធិបតី​អាមេរិក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ចេញ​សេចក្ដីប្រកាស​រួម​ស្ដីអំពី​បញ្ហា​កោះ​តៃវ៉ាន់។ ចិន​យល់ថា នេះ​គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​បញ្ជូន​សញ្ញា​ថា សហរដ្ឋអាមេរិក-ជប៉ុន កំពុង​ព្យាយាម​រារាំង​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​ដែលមាន​បំណង​បង្រួបបង្រួម​ប្រទេស។

លោក Le Yucheng សង្កត់ធ្ងន់ថា គោលការណ៍ «ចិន​តែមួយ» គឺជា​បន្ទាត់​ក្រហម​របស់​ប្រទេស​ចិន ហើយ​គ្មាន​នរណាម្នាក់​គួរ​ឆ្លងកាត់​វា​នោះទេ បើទោះជា​នៅ​ថ្នាក់ទាប ឬ​ថ្នាក់ខ្ពស់។ «បញ្ហា​តៃវ៉ាន់ គឺ​ត្រូវ​យោងទៅលើ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន។ ជា​សាមញ្ញ​គឺថា ពុំមាន​កន្លែង​សម្រាប់​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ»។

ចិនដីគោក តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដោយ​រង់ចាំតែ​ពេលវេលា​បង្រួបបង្រួម​ប៉ុណ្ណោះ បើទោះជា​ត្រូវ​ប្រើប្រាស់​កម្លាំងបាយ។ ភាព​តានតឹង​បាន​កើនឡើង​នៅលើ​តំបន់​ប្រទាញប្រទង់​នេះ នៅពេល​ចិនដីគោក បាន​បង្កើន​វត្តមាន និង​ធ្វើ​សកម្មភាព​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់ បង្ខំ​ឱ្យ​កោះ​នេះ​បង្កើន​ការវិនិយោគ​ទៅលើ​វិស័យ​យោធា​ដើម្បី​ពង្រឹងកម្លាំង​ការពារ​ខ្លួន៕

ប្រភព៖ Global Times
ប្រែ​សម្រួល៖ បុត្រា

Advertisement