ជប៉ុន​ពិភាក្សា​អំពី​បញ្ហា​ស្នង​រាជ​របស់​ក្ស​ត្រី ដើម្បី​ធានា​ស្ថិរភាព​រាជបល្ល័ង្ក​នៃ​ប្រទេស​នេះ

ប្រទេស​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​ផ្លូវការ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​នានា​ក្នុង​បំណង​ធានា​លើ​បញ្ហា​ស្នង​រាជបល្ល័ង្ក ក្នុងនោះ​ក៏មាន​ទាំង​ការអនុញ្ញាតឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ​ផងដែរ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​បេក្ខភាព​ស្នង​រាជ​តិចទៅ។

យោងតាម​សារព័ត៌មាន Kyodo News ដើម្បី​ធានា​នូវ​អនាគត​នៃ​របបរាជានិយម​យូរអង្វែង​ជាងគេ​ក្នុង​ពិភពលោក ក្រុមប្រឹក្សារាជបល្ល័ង្ក​មួយ​ដែលមាន​សមាជិក 6រួប បាន​បើក​កិច្ចពិភាក្សា​ដំបូង​កាលពី​ថ្ងៃទី 23មីនា ក្រោម​ការដឹកនាំ​របស់ Atsushi Seike អតីត​នាយក​សាកលវិទ្យាល័យ Keio។ ក្រុមប្រឹក្សា​នេះ​បាន​សន្យាថា នឹង​បើក​កិច្ចពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន និង​មិន​ប្រញាប់ប្រញាល់ ជា​បន្តបន្ទាប់​នាពេលខាងមុខ។

ឆ្លើយតប​នឹង​ក្រុម​អ្នកយកព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​ដំបូង លោក Seike ឱ្យដឹងថា៖ «មានការ​យល់ឃើញខុសៗគ្នា​ជាច្រើន ហើយ​យ៉ាងហោចណាស់ យើង​ក៏​អាច​ពិនិត្យមើល​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​វិធីសាស្ត្រនីមួយ»។

ប៉ុន្តែ ជាក់ស្ដែង​គឺ​មិនមាន​ពេល​ច្រើន​ទៀត​នោះទេ​សម្រាប់​រាជរ​ង្ស នៅពេលដែល​បច្ចុប្បន្ននេះ បេក្ខភាព​ស្នង​រាជ​ផ្លូវការ​ជា​ក្សត្រា​មានតែ3អង្គ​ប៉ុណ្ណោះ រីឯ​ក្ស​ត្រី​ទាំងឡាយ​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​សាមញ្ញ ត្រូវ​បោះបង់​ឋានៈ​ជា​សមាជិក​រាជរ​ង្ស ទៅតាម​គោលការណ៍​ច្បាប់។

មហាក្សត្រ Naruhito, ព្រះមហេសី Masako និងព្រះរាជបុត្រី Aiko យាងចូលរួមព្រឹត្តិការណ៍ Tokyo’s Chiyoda Ward កាលពីឆ្នាំ2016

អតីតមន្ត្រី​ជាន់ខ្ពស់​មួយរូប​បាន​ព្រមាន​ថា ការ​ស្នង​រាជ​របស់​រាជវង្ស​ដែលមាន​អាយុកាល​ជាង 2,600ឆ្នាំ​មកនេះ​នៅ​ប្រទេស​ជប៉ុន អាច​ត្រូវ​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ បើសិនជា​រដ្ឋាភិបាល​មិនមាន​អន្តរាគមន៍​ទាន់ពេល។

បច្ចុប្បន្ន មាន​បេក្ខភាព​ស្នង​រាជ​ស្របច្បាប់​បន្ទាប់ពី​មហាក្សត្រ Naruhito (ព្រះជន្ម 61វស្សា) មាន​ចំនួន​តែ 3អង្គ​គត់ រួមមាន អនុជ (ប្អូនប្រុស) Fumihito (55 វស្សា), រាជនត្តា (ចៅ) Hisahito (ព្រះជន្ម 14វស្សា) និង​បិតុលា (មា) Hitachi (ព្រះជន្ម 85វស្សា)។ ព្រះរាជបុត្រ​តែមួយ​អង្គ​គត់​របស់​មហាក្សត្រ Naruhito និង​មហេសី Masako គឺ​ព្រះ​នាង Aiko ព្រះជន្ម 19វស្សា។

គោលការណ៍​បេក្ខភាព​ស្នង​រាជ​ត្រូវតែ​ជា​ក្សត្រា ត្រូវបាន​លើកយក​មក​ពិភាក្សា​កាលពី​មុននេះ​រួចមកហើយ ពិសេស​គឺ​នៅពេល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Junichiro Koizumi កាលពី​ឆ្នាំ2005 នៅពេលដែល​ក្រុមប្រឹក្សា​នៃ​អ្នកជំនាញ​មួយ​បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ស្នង​រាជ។ ក៏ប៉ុន្តែ ការពិភាក្សា​ត្រូវបាន​ពន្យារពេល បន្ទាប់ពី​ព្រះអង្គម្ចាស់ Hisahito បាន​ប្រសូត្រ​កាលពី​ខែកញ្ញា2006 ក្នុងនាម​ជា​សមាជិក (សមាជិក​ភេទ​ប្រុស) ដំបូង​របស់​រាជរ​ង្ស ក្នុងអំឡុង41ឆ្នាំ​មកនេះ។

កាលពី​ខែតុលា2012 រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Yoshihiko Noda បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​សមាជិកា​ក្នុង​រាជវង្ស មាន​សិទ្ធិ​បង្កើត​សាខា​រាជវង្ស​ដោយឡែក សូម្បីតែ​នៅពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​សាមញ្ញ។ ប៉ុន្តែ ប្រធានបទ​នេះ​ក៏ត្រូវ​បំភ្លេចចោល នៅពេល​លោក Shinzo Abe ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។

ព្រះនាង Aiko (ស្ដាំបង្អស់) ជារាជបុត្រតែមួយអង្គគត់របស់មហាក្សត្រ Naruhito និងមហេសី Masako

ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​ជប៉ុន គឺ​លោក Yoshihide Suga ក៏​មិនសូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​ខាងលើ និង​មានការ​ប្រុងប្រយ័ត្ន​នៅ​ចំពោះ​ការប្ដូរ​ផ្លាស់​ដែល​អាច​កើតមាន។

មានការ​លើក​ថា ក្រុមប្រឹក្សារាជបល្ល័ង្ក​ថ្មី​នឹងមិន​សម្រេចចិត្ត​អ្វីមួយ​នៅមុន​ការបោះឆ្នោត​សភា​ជាន់​ទាប​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុងឆ្នាំនេះ។ ប៉ុន្តែ បើទោះជា​ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Suga ក៏ត្រូវ​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​មួយ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​រាជបល្ល័ង្ក​របស់​ប្រទេស​នេះ។

យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​របស់ Kyodo News ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​រដូវ​ផ្កា​រីក​ឆ្នាំមុន ពលរដ្ឋ​ជប៉ុន​ចំនួន 85% គាំទ្រ​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ និង 79% គាំទ្រ​បេក្ខភាព​ស្នង​រាជ​អាច​ប្រើប្រាស់​ត្រកូល​ខាង​ម្ដាយ៕

ប្រភព​៖ Kyodo News
ប្រែសម្រួល​៖ បុត្រា

Advertisement