បាតុករ​មី​យ៉ាន​ម៉ា 4នាក់​ទៀត​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស

បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ Dawei កាល​ពី​ថ្ងៃទី 25​មីនា​

បាតុករ​ភូមា (មី​យ៉ាន​ម៉ា) ចំនួន 4នាក់​ទៀត​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 26មីនា នាំឱ្យ​តួលេខ​អ្នកស្លាប់​ដោយសារ​ការបង្ក្រាប​ពី​របប​យោធា ក្រោយ​រដ្ឋប្រហារ កើនឡើង​ដល់​ជាង 320នាក់។

បាតុកម្ម​ជាច្រើន​កន្លែង​បានកើត​ឡើង​នៅ​ពាសពេញ​ប្រទេស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 26មីនា រួមមាន​ទាំង​តំបន់ Mandalay, Sagaing, Karen និង Chin ផងដែរ។ សាក្សី​បានឱ្យដឹងថា កងកម្លាំង​សន្តិសុខ​បាន​បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដែល​កាន់​ទង់​ពណ៌​ខ្មៅ​នៅ​ភាគខាងត្បូង​ទីក្រុង Myeik។

«មនុស្ស​ពីរ​នាក់​ត្រូវបាន​បាញ់​ចំក្បាល។ យើង​មិនបាន​នាំយក​សាកសព​របស់​ជ​ន​រងគ្រោះ​ទី​បី ព្រោះតែ​កងកម្លាំងប្រដាប់អាវុធ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនោះ» សាក្សី​ម្នាក់​បាន​និយាយ​ដូច្នេះ។ សាក្សី​ម្នាក់ទៀត​ប្រាប់ថា គាត់​បានឃើញ​សាកសព​ទី​បួន ខណៈ​សារព័ត៌មាន Myanmar Now ក៏បាន​រាយការណ៍​ថា មនុស្ស​ចំនួន 4នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង Myeik។

យោងតាម​តួលេខ​ពី​សមាគម​សង្គ្រោះ​អ្នកទោសនយោបាយ (AAPP) គិត​ត្រឹម​យប់​ថ្ងៃទី 25មីនា បាតុករ​យ៉ាងតិច​ចំនួន 320នាក់​បាន​ស្លាប់ រាប់​ចាប់ពី​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា។

«គ្រប់គ្នា​គួរ​រៀនសូត្រ​ពី​សោកនាដកម្ម​នៃ​ការស្លាប់​ដ៏​អាក្រក់​មុន​នោះ។ គ្រប់គ្នា​អាច​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាញ់​តម្រង់​ក្បាល ឬ​ខ្នង» របប​សឹក​ភូមា​បាន​ព្រមាន​ដូច្នេះ​កាលពី​ម្សិលមិញ។

ពលរដ្ឋ​មី​យ៉ាន​ម៉ា បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ស្ទើរតែ​រាល់ថ្ងៃ បន្ទាប់ពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ និង​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្ស​កាន់អំណាច កាលពីដើម​ខែកុម្ភៈ ឆ្នាំ2021៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement