តើ​មនុស្ស​អាច​រស់​បានយូរ​ប៉ុន​ណា​នៅក្នុង​ទី​អវកាស បើ​សិន​មិន​មាន​ឈុត​​ការ​ពារ​ខ្លួន​?

នៅពេល​ស្ថិតក្នុង​ទី​អវកាស​ដោយ​មិនបាន​ពាក់​ឈុត​ការពារ មនុស្ស​អាច​បាត់បង់​ស្មារតី​ដោយសារតែ​កង្វះ​​អុកស៊ីសែន ក្រោយ​រយៈពេល​ប្រហែល​ពី 10 ទៅ 15 នាទី ហើយក៏​បាត់បង់​ជីវិត​យ៉ាង​ឆាប់រហ័ស។

សម្លៀកបំពាក់​អវកាស​អនុញ្ញាតឱ្យ​មនុស្ស​ចេញមក​ខាងក្រៅ​យានអវកាស​ក្នុង​រយៈពេល​ខ្លី តាមរយៈ​ការផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន ទឹក សម្ពាធ និង​ការការពារ​រាងកាយ។ ប៉ុន្តែ បើសិន​មិនបាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​​អវកាស តើ​មនុស្ស​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ហើយ​អាច​រស់​បានយូរ​ប៉ុន​ណា​?

យោងតាម Stefaan de Mey បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ក្នុង​រយៈពេល​ខ្លី ប្រហែល​ពី 10 ទៅ 15 វិនាទី មនុស្ស​នឹង​បាត់បង់​ស្មារតី ដោយសារតែ​កង្វះ​​អុកស៊ីសែន។ ក្នុង​ទី​អវកាស អុកស៊ីសែន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ។ «អុកស៊ីសែន​ចាប់ផ្ដើម​រីក​ឡើង និង​ធ្វើឱ្យ​បែក​សួត ឈាម​ប្រែជា​ពុះ និង​បែក​ពពុះ នាំឱ្យ​ស្ទះ​សរសៃឈាម បង្ក​គ្រោះថ្នាក់​ដល់​ជីវិត» Mey ឱ្យដឹង​ដូច្នេះ។

កង្វះ​សម្ពាធ​ទាំងស្រុង​ក៏​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​គ្រោះថ្នាក់​ដល់​ជីវិត។ ធាតុ​រាវ​របស់​រាងកាយ មានដូចជា​ទឹកមាត់ និង​ទឹកភ្នែក​ជាដើម​នឹងត្រូវ​ពុះ។ រាងកាយ​មនុស្ស​នឹង​ប៉ោង​ឡើង ប៉ុន្តែ​ស្បែក​អាច​ទប់​ទល់នឹង​ការប្រែប្រួល​សម្ពាធ។ ក្នុងករណី​សំណាងល្អ​​បំផុត អ្នកនឹង​មាន​ពេល​ច្រើន​វិនាទី មុនពេល​ប្រើប្រាស់​អស់​អុកស៊ីសែន​ក្នុង​សរសៃឈាម ហើយ​អ្នក​ក៏​ចាប់ផ្ដើម​បាត់បង់​ស្មារតី។ ដោយសារ​មិនអាច​កែប្រែ​ស្ថានការណ៍ អាការ​ស្លាប់​ខួរក្បាល​នឹង​កើតឡើង​ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ លើកលែងតែ​អ្នក​ត្រូវបាន​គេ​សង្គ្រោះ​ទាន់​ពេល​។

ក្រៅពី​ការផ្ដល់​អុកស៊ីសែន និង​សម្ពាធ ឈុត​សម្លៀកបំពាក់​អវកាស​ក៏​ការពារ​មនុស្ស​ពី​ការគំរាមកំហែង និង​ហានិភ័យ​នានា ក្នុងនោះ​រួមមាន កម្ដៅ​ដល់ 120 អង្សា​សេ ត្រជាក់​ដល់ -150 អង្សា​សេ និង​វិទ្យុសកម្ម​ដែល​អាចឱ្យ​កើត​ជំងឺមហារីក ឬ​អាចម៍ផ្កាយ​បុក​ទម្លុះ​រាងកាយ​ជាដើម៕

Advertisement