អូ​ហូ!! ខាត់ សុ​ឃីម ចំណាស់​ហ្នឹងហើយ​ទទួលបាន​តម្លៃ​ខ្លួន10ម៉ឺន​ដុល្លារ​ទៀត

ព័ត៌មាន​ផ្លូវការ​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ ដឺ​ផ្លា​ទី​នី​ម ព្រី​មៀម​វ័ធ​ធើ (The Platinum Premium Water) បាន បញ្ជាក់ថា អ្នកនាង ខាត់ សុ​ឃីម ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើជា Brand Ambassador ឱ្យ​ផលិតផល​មួយ​នេះ ផ្ដាច់មុខ​ពេញ​រយៈពេល5ឆ្នាំ។

វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារា​កម្ពុជា​ដែល​មានឱកាស​បានក្លាយ​ជា​ Brand Ambassador ឱ្យ​ផលិតផល​នេះ​ផលិតផល​នោះ ប៉ុន្ដែ​លោកអ្នក​ពិតជា​ភ្ញាក់ផ្អើល​មិន​ខាន​នៅពេល​ដឹង​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​រូបនេះ។

តាម​ការ​បង្ហើប​ព័ត៌មាន​មកឱ្យ​ដឹងថា តារា​ចាស់វស្សា​រូបនេះ​ស៊ីថ្លៃ​រហូតដល់​ក្នុង​រង្វង់10ម៉ឺន​ដុល្លារ។ ជា​តម្លៃ​ស្ប៉ត​ពាណិជ្ជកម្ម​មិនធម្មតា​មួយ ដែល​គេ​កម្រ​បានឃើញ​តារា​សិល្បៈ​ណា​ទទួលបាន​ណាស់។ សឹងតែ​អាច​និយាយបានថា តារាស្រីក្មេងល្បីៗនៅក្នុង​ប្រទេស​កម្ពុជា​ពុំទាន់​មាន​នរណា​ទទួល​បានឡើយ​ក្រៅពី​លោក​ព្រាប សុវត្ថិ និង​អ្នកនាង ឱក សុគន្ធ​កញ្ញា។

អ្នកនាង ខាត់ សុ​ឃីម ប្រាប់ថា កន្លងមក​មិនដែល​មាន​ផលិតផល​ណាមួយ​ជ្រើស​យក​អ្នកនាង​ធ្វើជា​តំណាង​ផ្ដាច់មុខ ឬ​ហៅថា Brand Ambassador តំណាង​ផលិតផល​រហូតដល់5ឆ្នាំ​នោះទេ។នាង​បញ្ជាក់ថា នាង​មានការ​ភ្ញាក់ផ្អើល​មែនទែន​នៅពេល​ក្រុមហ៊ុន​ទឹក​សុទ្ធ The Platinum Premium Water ជ្រើស​យក​នាង​ឱ្យធ្វើ​កុងត្រា ដែល​គ្រាន់តែ​បានឮ​តម្លៃ​ក្នុង​ការងារ​នេះ​ភ្លាម ក៏​អរ​ស្ទើរ​និយាយ​លែងចេញ​ទៅហើយ ដោយ​អ្នកនាង​បាន​ចាត់ទុកថា ទទួលបាន​ទាំង​កិត្តិយស ទាំង​តម្លៃ​ខ្លួន​ខ្ពស់​មិនធម្មតា​ទៀត។

ទោះបីជា​គ្មាន​ការ​បង្ហើប​ប្រាប់​ពី​តម្លៃ​ខ្លួន​ពិតប្រាកដ​សម្រាប់​ការងារ​ដែល​បាន​កុងត្រា​ផ្ដាច់មុខ​ក្នុង​រយៈពេល5ឆ្នាំ​ក្ដី ប៉ុន្តែ​យោងតាម​ប្រភព​ចេញពី​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា អ្នកនាង​នឹង​ទទួលបាន​តម្លៃ​ខ្លួន​រហូតដល់10ម៉ឺន​ដុល្លារ ដោយ​ថវិកា​ដែល​អ្នកនាង​ទទួលបាន​នោះ​គឺ​ក្រុមហ៊ុន​នឹង​ប្រគល់ឱ្យ​ផ្ដាច់ ដោយ​មិនឱ្យ​ជាដំណាក់ៗនោះឡើយ។ ទោះយ៉ាងណា​អ្នកនាង​ខាត់ សុ​ឃីម ក៏​ពុំបាន​បដិសេធ​ពី​តួលេខ​នៃ​ចំនួន​ប្រាក់​តម្លៃ​ខ្លួន​នោះដែរ៕

ក្នុងអំឡុង5ឆ្នាំនេះ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​បង្ហាញមុខ​ថត​ហ្វិ​ក្ស៍ និង​ថត​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​រៀងរាល់3ខែម្ដង និង​សកម្មភាព​ការងារ​ណា​ដែល​មិន​មានចែង​ក្នុង​កិច្ចសន្យា ហើយ​តម្រូវឱ្យ​អ្នកនាង​ធ្វើ គឺ​អ្នកនាង​នឹងត្រូវ​ទទួលបាន​កម្រៃ​បន្ថែម៕

Advertisement