Recky ផលិត​បទ«កប់​កា​លៀន» ដើម្បី​សាកល្បង​វិជ្ជា​គុន

ក្រោយ​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ការងារ​ពិធីករ​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រី្ដ AD នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ Recky បានបញ្ជាក់​ប្រាប់ថា នៅ​សប្ដាហ៍​ក្រោយនេះ​លោក​នឹង​ចេញ​បទ​ថ្មី​របស់ខ្លួន​ប្រភេទ Original Song មាន​ចំណងជើង​ថា «កប់​កា​លៀន»

លោក Recky បញ្ជាក់ថា កន្លងមក​លោក​ធ្លាប់បាន​ផលិត​បទ​ចម្រៀង​ច្រើន​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​មនោសញ្ចេតនា ហើយ​មូល​ហេតុដែល​លោក​ប្ដូរ​ស្ទីល​នៃ​ការ​ច្រៀង​ទៅជា​ប្រភេទ​បទ​ញាក់ និង​មាន Rap វិញ​ផង​នោះ ព្រោះ​លោក​ចង់​សាកល្បង​សមត្ថភាព​នៃ​ការ​ច្រៀង Rap របស់ខ្លួន​ដែល​ធ្លាប់​ចេះ​ជា​យូរ​មកហើយ​ផង។ ម្យ៉ាង​ចាត់ទុកថា ជាការ​បើកឱកាស​ផ្លាស់ប្ដូរ​បទពិសោធ​ថ្មី​របស់លោក​ដើម្បី​ឈានទៅ​ក្លាយជា​តារាចម្រៀង Rap ផងដែរ។

នៅក្នុង​អត្ថន័យ​បទ​ចម្រៀង «កប់​កា​លៀន» អ្នកនិពន្ធ​បានលើកឡើង​ក្នុងន័យ​រិះគន់ចំៗទៅលើ​នារី​ខ្មែរ​បច្ចុប្បន្ន​ដែល​និយម​ស្លៀក​ខ្លី​កប់​ក្រលៀន​ហួស​ហេតុដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​ដែល​ពី​ដើម​មក​មិន​ដែលមាន​ដូច្នេះ។ បទ​នេះ​ត្រូវបាន​សម្ដែង​ដោយ​តារា​ស្រី 3ដួង មាន​កញ្ញា​ម៉ា​និ​ច កញ្ញា Lita កញ្ញា ណា​ម​ហ្វា។ និពន្ធ​ទំនុកច្រៀង​ដោយ​លោក​សួន សេ​បញ្ញា និង​បទ​ភ្លេង​ដោយ DJ វ៉ូ​ច។

ជាមួយនឹង​បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​លោក Recky បញ្ជាក់ថា៖ «បើទោះជា​ខ្ញុំ​ធ្លាប់​ចេញ​បទ​ចម្រៀង​ទទួលបាន​ការគាំទ្រ​ច្រើន​ក៏ដោយ តែ​ខ្ញុំ​ក៏​មិនទាន់​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​ព្រោះ​ជា​បទពិសោធ​ថ្មី​របស់ខ្ញុំ។ ម្យ៉ាង​អត្ថន័យ​របស់​បទ​នេះ​បាន​រិះគន់ចំៗទៅលើ​ស្ដ្រី​ខ្មែរ​ដែល​និយម​ស្លៀក​ខ្លី​ហួសហេតុ​ពេក ដូច្នេះ​ពួកគាត់​អាច​នឹងមិន​សប្បាយ​ចិ​ត្ដ​ជាមួយ​បទ​នេះ​ក៏​អាច​ថា​បានដែរ»

លោក Recky បាន​បញ្ជាក់ថា ក្នុង​ស្នាដៃ​ថ្មី​ដែល​នឹង​ចេញ​នា​សប្ដាហ៍​ក្រោយនេះ លោក​ក៏បាន​ត្រៀម​ចិត្ដទ​ទួល​យក​រាល់​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ពី​មហាជន​រួចហើយ​ដែរ​ដើម្បី​យកមក​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត ខណៈដែល​លោក​គ្រោង​នឹង​ចេញ​បទ​ថ្មី​ជា​បន្ដបន្ទាប់៕

Advertisement