អែន ជេឡា បញ្ជាក់មូលហេតុពិតដែលស្ងាត់ឈឺងពីសិល្បៈច្រើនឆ្នាំ និងប្រកាសជំហរថ្មីពេលវិលមកវិញ

ថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា អែន ជេឡា បានបង្ហាញវត្តមានត្រឡប់ចូលសិល្បៈវិញដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំងមែនទែន។ កញ្ញាបានបញ្ចេញវីដេអូបទចម្រៀង«ពេលជួបពេលឃ្លាតពិបាកដូចគ្នា» នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប ជាការច្រៀងថ្មីឡើងវិញ ដើម្បីបើកទំព័រអាជីពតារាចម្រៀងថ្មីម្ដងទៀត។ ការវិលមកវិញរបស់កញ្ញា អែន ជេឡា នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យមូលហេតុពិត នៃការផ្អាកពីសិល្បៈរបស់កញ្ញា តើកញ្ញាមានមូលហេតុអ្វី បានជាស្ងាត់ឈឺងបែបនេះពីសិល្បៈ?

នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១នេះ កញ្ញា អែន ជេឡា បានប្រាប់សារព័ត៌មានឡារ៉ែនថា « ខ្ញុំបានផ្អាកពីសិល្បៈរយៈពេលយូរខ្លាំងមែនទែន បើគិតទៅជិត១០ទៅហើយ។ មូលហេតុពិតនៃស្ងាត់ពីសិល្បៈបែបនេះ គឺខ្ញុំចង់ដកឃ្លាបន្ដការសិក្សាឱ្យចប់សព្វគ្រប់ និងទទួលបានការថ្មីដែលល្អប្រសើមួយសម្រាប់ខ្លួន។ ហេតុផលមួយទៀតនោះគឺ កាលដែលខ្ញុំចូលសិល្បៈ នៅពេលនោះខ្ញុំមានវ័យក្មេង ខាងក្រុមគ្រួសារខ្ញុំតែងតែណែនាំឱ្យបន្ដការសិក្សាឱ្យចប់ដើមចប់ចុងសិន ពួកគាត់មិនសូវចង់ឱ្យខ្ញុំភ្លើតភ្លើន ឬប្រឡូកសិល្បៈដោយបោះបង់ការសិក្សាររបស់ខ្លួននោះទេ»។

ម្ចាស់បទ «ទោះវេលាមិនស័ក្ដសម» រូបនេះបានបន្ដទៀតថា «ការវិលត្រឡប់មកវិញនេះ គឺខ្ញុំនឹករលឹកដល់អ្នកគាំទ្រខ្លាំងមែន ព្រោះខ្ញុំបានបែកពីពួកគាត់យូរខ្លាំងដូចគ្នា។ ហេតុផលនៃការសម្រេចចិត្តបង្ហាញមុខក្នុងសិល្បៈវិញ គឺខ្ញុំគិតថា នៅពេលនេះខ្ញុំមានភាពចាស់ទុំជាងមុន មានការគិតច្រើន មានការងារធ្វើល្អមួយហើយ និងបានបញ្ចប់ការសិក្សាអស់ហើយ។ ខ្ញុំបានតាំងជំហរថ្មីសម្រាប់គោលដៅសិល្បៈនេះ ដោយបានបង្កើតឆាណែលយូធូបខ្លួនឯងមានឈ្មោះ Angella -Official និងមានហ្វេសប៊ុកផេក Angella-អែនជេឡា។ ចម្រៀងដំបូងនេះខ្ញុំបាននាំអារម្មណ៍របស់ហ្វេនឱ្យវិលទៅកាន់អតីតកាល កាលពី៨ឆ្នាំមុន ដែលអ្នកទាំងអស់ស្រឡាញ់នឹងគាំទ្ររូបនាងខ្ញុំ»។

កញ្ញា អែន ជេឡា បានប្រាប់សារព័ត៌មានឡារ៉ែនទៀតថា « កន្លងមកមានផលិតកម្មជាច្រើនទាក់ទងឱ្យនាងខ្ញុំទៅច្រៀងវិញ តែនៅពេលនេះនាងខ្ញុំចេះតែស្ងាត់ ដោយសារតែផ្ដោតសំខាន់លើការសិក្សា។ ឥលូវនេះនាងខ្ញុំបានផលិតបទចម្រៀងដោយខ្លួនឯង ហើយនាងខ្ញុំនឹងរៀបចំគោលដៅថ្មីលើវិថីសិល្បៈ។ ខ្ញុំនឹងមានបទមនោសញ្ចេតនាច្រើនបទទៀត ត្រៀមបង្ហាញអ្នកគាំទ្ររបស់នាងខ្ញុំ។ នាងខ្ញុំសង្ឃឹមថា ហ្វេនគ្រប់គ្នានៅតែស្រឡាញ់និងចង់ស្ដាប់បទនាងខ្ញុំនៅក្នុងបេះដូងដដែរ។ ខ្ញុំក៏សូមអរគុណដល់សារព័ត៌មានឡារ៉ែន ដែលបានសម្ភាសន៍ការបកស្រាយរបស់នាងខ្ញុំ សង្ឃឹមថា អ្នកគាំទ្រទាំងអស់បានយល់ការពិត និងនៅតែស្រឡាញ់សំឡេងរបស់នាងខ្ញុំដូចមុន»៕

ទស្សនាបទចម្រៀង ពេលជួប ពេលឃ្លាតពិបាកដូចគ្នា(cover) -​ អែនជេឡា៖

Advertisement