ព្រាប សុវត្ថិ រិះគន់ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍មួយចំនួន

ក្នុង​វេទិកា​ស្ដីពី​បរិស្ថាន​កាលពី​ម្សិលមិញ​គេ​សង្កេតឃើញ​តារាចម្រៀង​ស្រី មាស សុខ​សោភា លើកឡើង​នូវ​សំណូមពរ 3ចំណុច ដល់​រាជរដ្ឋាភិបាល ដោយឡែក​លោក ព្រាប សុវត្ថិ ហាក់​ពុំបាន​បញ្ចេញមតិ​អ្វី​សោះ គ្រា​ដែល​គេ​មើលឃើញថា លោក​ដូច​ជាមាន​អារម្មណ៍​ភិតភ័យ។

បើទោះជា​លោក ព្រាប សុវត្ថិ មិនបាន​បញ្ចេញមតិ​អ្វី​ជា​ដុំកំភួន​ក្នុង​វេទិកាសាធារណៈ​នោះ​ក៏ដោយ ប៉ុន្ដែ​ក្នុងការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​វិញ លោក​បានលើកឡើង​នូវ​សំណូមពរ​មួយចំនួន​ជុំវិញ​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ពិសេស​តំបន់​កម្សាន្ដ​ស្ថិតនៅក្នុង​ខេត្ដ​រតនគិរី។ លោក ព្រាប សុវត្ថិ បញ្ជាក់​ប្រាប់ថា ប្រទេស​កម្ពុជា ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ពិសេស​តំបន់​ទេសចរណ៍ ដូច្នេះ​យើង​គួរតែ​ចូលរួម​ថែរក្សា​វា​ឱ្យ​បានល្អ​ក្នុង​ចំណែក​នៃ​ការអភិរក្ស និង​អភិវឌ្ឍន៍​យើង​គួរតែមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ ដូចជា​នៅ​ខេត្ដ​រតនគិរី ជាដើម។

លោក​បាន​លើក​ឧទាហរណ៍​ថា៖ «តំបន់​បឹង​យក្ស​ឡោម…ពិភពលោក​គេ​ស្គាល់​បឹង​យក្ស​ឡោម ប៉ុន្ដែ​បើ​យើង​មើល​ពី​ផ្លូវ​ចូលទៅ​តំបន់​នោះ​វិញ ហាក់​មិនទាន់​ល្អ​សម្រាប់​ការទាក់ទាញ​នៅឡើយ​ទេ ប្រសិនបើ​យើង​ធ្វើការ​កែលម្អ​ផ្លូវ និង​រៀបចំ​បរិស្ថាន​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ ក៏​វា​កាន់តែ​ល្អ​សម្រាប់​មុខមាត់​ខេត្ដ​នេះ​ផងដែរ»។ លោក​បន្ដថា មាន​ខេត្ដ​ខ្លះ​ពុំមាន​អ្វី​ជា​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឬក៏​អាច​យកទៅ​បង្អួត​ដល់​ពិភពលោក​ផង ដូច្នេះ​វា​ជា​ភ័ព្វសំណាង​សម្រាប់​ខេត្ដ​ខ្លះ​ដែលមាន​តំបន់​កម្សាន្ដ​សម្រាប់​បង្អួត​ដល់​គេ​នោះ​ហើយ។

តារាចម្រៀង​លំដាប់​កំពូល​រូបនេះ​បានលើកឡើង​ទៀតថា ជាក់ស្ដែង​ដូចជា​បទ​លោកតា ស៊ិន ស៊ី​សាមុត ឬ​បទ​របស់លោក​ជាដើម បាន​ចូលរួម​ច្រៀង​លើក​ពី​តំបន់​ទេសចរណ៍​មួយចំនួន​ស្ដាប់ទៅ​ពីរោះ​រហូត​មាន​អ្នកខ្លះ​មាន​ក្ដី​ស្រមៃ​ថា​ចង់ទៅ​ស្គាល់ ព្រោះ​មិនដឹងថា តំបន់​នោះ​ល្អ​ប៉ុនណា​ទេ? ប៉ុន្ដែ​ទិដ្ឋភាព​ជាក់ស្ដែង មិនមែន​ដូច​ក្នុង​ចម្រៀង​ទេ ពោលគឺ​កន្លែង​នោះ​សម្បូរ​ទៅដោយ​សំរាម។ លោក​បញ្ជាក់ថា តំបន់​បឹង​កន្សែង គឺ​យើង​មាន​បទ «អក​បឹង​កន្សែង» ស្ដាប់ទៅ​ពិ​រោះ​រណ្ដំ តែ​ភាពជាក់ស្ដែង​អ្វីដែល​លោក​ក៏ដូចជា​មហាជន​ទូទៅ​អាច​មើលឃើញ​នៅ​បឹង​កន្សែង​នោះ គឺមាន​សំរាម​ច្រើន ដូច្នេះ​គួរតែ​ជួយ​គ្នា​ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ​ដើម្បី​សោភ័ណភាព និង​សុខមាលភាព​ភ្ញៀវទេសចរ និង​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ទីនោះ។

ពាក់ព័ន្ធ​នឹង​កម្រង​ទេសភាព​នៅ​ខេត្ដ​រតនគិរី កន្លងមក​គេ​មើលឃើញថា លោក ព្រាប សុវត្ថិ បាន​បង្ហើរ​សំនៀង​ជាច្រើន​បទ​ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​តំបន់​ទេសចរណ៍​ជាច្រើន​នៅក្នុង​ខេត្ដ​នេះ​ដូចជា​បទ «សាង​ស្នេហ៍​នៅបឹង​យក្ស​ឡា​ម» ជាដើម៕

Advertisement