ម៉ា​រ៉ា បូ​ណ្ណា ចេញមុខ​បកស្រាយ​ការពារ​កិ​ត្ដិ​យស សាធ រស្មី

ក្រោយពី​អ្នកនាង សាធ រស្មី ប្រកាសថា នាង​មិនមាន​ពាក់ព័ន្ធ​នឹង​អតីត​ស្វាមី​របស់ខ្លួន​គឺ​លោក ជៀស ស្រួច ទេនោះ ស្រាប់តែថ្មីៗនេះ​លេចចេញ​នូវ​ព័ត៌មាន​ថ្មី​មួយ​ទៀតថា នាង​បាន​សាង​ស្នេហ៍​ជាមួយនឹង​លោក​ម៉ា​រ៉ា បូ​ណា្ណ។

ពាក់ព័ន្ធ​ចំណង​ស្នេហ៍​រវាង​អ្នកនាង សាធ រស្មី និង​លោក ម៉ា​រ៉ា បូ​ណ្ណា ជា​តារាចម្រៀង និង​តារា​សម្ដែង​ត្រូវបាន​គេ​មើលឃើញថា ទើបតែ​ផ្ទុះ​រឿង​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ពោល​ក្រោយពី​នាង​ចាប់ផ្ដើម​ទទួលយក​ការសម្ដែង​ជា​ញឹកញាប់​ជាមួយ​លោក ម៉ា​រ៉ា បូ​ណ្ណា។ ក្រោយពី​ផ្ទុះ​រឿងនេះ​ឡើង​ភ្លាម គេ​ពុំ​បានឃើញ​ភាគី​ខាង​ស្រី​ចេញមុខ​មក​បកស្រាយ​នោះទេ ផ្ទុយទៅវិញ​បែរជា​លោក ម៉ា​រ៉ា បូ​ណ្ណា ជា​អ្នក​ចេញមក​បកស្រាយ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទៅវិញ។

លោក ម៉ា​រ៉ា បូ​ណ្ណា បាន​សំណូមពរ​កុំឱ្យ​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូបលោក និង​អ្នកនាង សាធ រស្មី ថា​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​គ្នា​នោះ គឺ​គ្មានទេ  ពោលគឺ​គ្មានទេ ហើយ​លោក​ក៏​មិន​ចង់​ល្បីឈ្មោះ​ដោយសារ​រឿងនេះ​ដែរ។ លោក​បន្ដថា៖«ខ្ញុំ​អត់​មាន​ស្នេហា​ស៊ីជម្រៅ​អី​ជាមួយ សាធ រស្មី នោះទេ យើង​គ្រាន់តែ​ជា​អ្នកសិល្បៈ​សម្ដែង​ជុំគ្នា​ប៉ុណ្ណោះ មូលហេតុ​ខ្ញុំ​ចេញមក​បកស្រាយ ព្រោះ​បងប្អូន​ចង់ដឹង​ពី​រឿងនេះ។ សម្រាប់​ខ្ញុំ​បើ​បងប្អូន​មិ​ត្ដ​ភ័ក្ដិ​ប្រហែលជា​សម្បូរ​ច្រើន ប៉ុន្ដែ​ស្នេហា​ដូចជា​អត់​សូវ​មាន​ទេ ដូច្នេះ​សូម​ឈប់​យល់ច្រឡំ​ទៅ»។

តារាចម្រៀង​រូបនេះ​បន្ដថា រវាង​លោក និង​អ្នកនាង សាធ រស្មី មិនអាច​យកទៅ​ប្រៀបធៀប​គ្នា​បានទេ ព្រោះ​នាង​មាន​រូប​សម្រស់​ស្អាត​ខ្លាំង​ដូច​ទេពអប្សរ បែរមក​មើលរូប​រាង និង​សម្បុរស្បែក​របស់លោក​វិញ បើ​ឈរ​ជិត​អ្នកនាង សាធ រស្មី ដូច​ក្អែក​ពាំ​ពងមាន់​អ៊ីចឹង  ដូច្នេះ​រវាង​លោក និង​នាង​គ្រាន់តែ​ជា​មិ​ត្ដ​ភ័ក្ដិ​តែប៉ុណ្ណោះ៕

Advertisement