ស្ដាប់​សំដី​របស់​តូ​តា​ហើយ ប្រុសៗដឹង​តែ​ពេញចិត្ដ​ហ្មង!

បើទោះជា​កញ្ញា​តូ​តា ជា​តារា​សម្ដែង​មានកេរ្ដិ៍ឈ្មោះ​បោះ​សំឡេង និង​រូប​សម្រស់​ស្រស់ស្អាត​ក៏ដោយ តែ​នាង​ធ្លាប់​បញ្ជាក់ថា នាង​ពុំ​ចង់​នៅ​លីវ​យូរពេក​នោះទេ។

កាលពីមុន​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា ធ្លាប់បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពេល​នាង​មាន​អាយុ​ត្រឹម 24-25 នាង​នឹង​ជ្រើសរើស​គូជីវិត​ហើយ ដ្បិតអី​នាង​មាន​អ្នក​ស្រឡាញ់​ពេញ​បេះដូង​ទៅហើយ។ លុះ​មកដល់​វ័យ​ប៉ុណ្ណឹង​នាង​បែរជា​លើកឡើងថា នាង​មិនទាន់​ចង់​គិត​ទេ រហូតដល់​គេ​គិតថា ការពន្យារ​ពេលនេះ​បែបនេះ​បណ្ដាលមកពី​នាង​ជួប​បញ្ហា​ស្នេហា?

ជួប​ជាមួយ​កញ្ញា​តូ​តា នាង​បញ្ជាក់ថា សព្វថ្ងៃ​មាន​បុរស​ច្រើនណាស់​ស្រឡាញ់​នាង ម្នាក់ៗសុទ្ធតែជា​បុរស​ល្អ និង​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ដែល​នាង​ចង់បាន ដែលមាន​ទាំង​អ្នកធ្វើការងារ​ជា​មន្ដ្រីរាជការ​អាចឱ្យ​នាង​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ចិ​ត្ដ​ជ្រើសរើស។ នាង​បន្ដថា៖ «មូលហេតុ​ខ្ញុំ​ចង់​ពន្យារពេល​គិតពី​រឿងនេះ ដោយសារតែ​ខ្ញុំ​ចង់ទុក​ពេលវេលា​មើល​ចិ​ត្ដ​ពួកគាត់​ឱ្យបាន​ច្បាស់​ជាមុនសិន ដ្បិតអី​រឿង​អនាគត​ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់។ ម្យ៉ាង​ក៏​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ចាប់យក​ឱកាស​ការងារ​ក្នុង​សិល្បៈ​ដើម្បី​បន្សល់​កេរ្ដិ៍ឈ្មោះ​ឱ្យបាន​ច្រើន​បន្ដិច​សិន​ដែរ»។

កញ្ញា​តូ​តា ប្រាប់ថា នាង​ដឹងថា បុរស​ទាំងនោះ​ស្រឡាញ់​នាង តែ​នាង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រាកដ​ក្នុង​ចិ​ត្ដ​សិន​ថា ការស្រឡាញ់​នោះ​ចេញពី​បេះដូង​ពិត​មិនមែនជា​ក្ដី​ស្រឡាញ់​ក្លែងក្លាយ។ ណាមួយ​នាង​ក៏​ចង់​ទុកពេល​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ឱ្យមាន​ភាព​រឹងប៉ឹង​ក្នុង​ជីវិត​ដែរ។ ជាមួយគ្នានេះដែរ តូ​តា ក៏បាន​បង្ហើប​ឱ្យដឹងថា ទោះបី​នាង​ជា​ស្ដ្រី​មែន តែ​ក៏​មិន​ចង់​ដាក់បន្ទុក​ទាំងស្រុង​លើ​ស្វាមី​ក្រោយពេល​រៀបការ​ហើយ​ដែរ។

នាង​បញ្ជាក់ថា៖ «ចិ​ត្ដ​ខ្ញុំ បើ​ទោះ​មាន​មុខរបរ​ផ្ទាល់ខ្លួន​ធំដុំ​ក៏ដោយ ក៏​យើង​មិនត្រូវ​ធ្វើ​ចរិត​ឆ្មើងឆ្មៃ​ដាក់​ស្វាមី​ដែរ ត្រូវមាន​ការគោរព​គ្នា​ទៅវិញទៅមក​ទៅ​រស់​នៅមាន​សុភមង្គល»៕

Advertisement