មហាជនភ្ញាក់ផ្អើល ខណៈ ម៉ៅ ហាជី បង្ហាញចម្ការទំពាំងបាយជូរខ្លួននៅបាត់ដំបង

ភ្នំពេញៈ ទើប​តែ​​​​​ល្បី​នឹង​រឿង​​​​​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Tundra ជាង ៣​ម៉ឺន​ដុល្លារ និង​ផ្ទះល្វែង​នៅ​បុរី​​ប៉េង​ហួត​មាន​តម្លៃរាប់​ម៉ឺន​ដុល្លារ​ ​ មុន​​​នេះ​​សោះ ​​ តារា​ចម្រៀង​ប្រុស​​ចំណូល​ថ្មីរបស់​ផលិត​កម្ម​ថោន​​លោក ម៉ៅ ហា​ជី​ ​ឥឡូវ​ក៏​បន្ត​ធ្វើ​ឲ្យ​មហាជន​​ស្រឡាំង​កាំង និង​ការ​សម្ញែង​រូបថត​ទៅ​មើលចម្ការ​​ទំពាំង​​បាយជូរ​ដែល​​មាន​ទំ​ហំ​រាប់​សិប​​ហិចតា​ ដែល​គេ​​ឃើញ​​​​តាម​រ​យៈ​រូប​ថត​​មួយ​សន្លឹក និង​​សារ​​ថា៖ «មក​មើល​​ចម្ការ​ម្តង​ទុក​ចោល​យូរ​ហើយ!»។​

តែ​បន្ទាប់​ពី​សាក​​​​សួ​រ​លម្អិត​ទៅ​លោក ម៉ៅ ហាជី ឆ្លើយ​ប្រាប់​ថា៖ «រូបថត​នោះ ពិត​ណាស់​រូបថត​បង្ហាញ​ភ្ជាប់​នឹង​ចម្ការ​ទំ​ពាំង​បាយជូរ​នៅ​ស្តៅ ស្រុក​បវិល​ ខេត្ត​បាត់ដំបង តែ​វា​ជា​​ដំណើរ​ទៅ​លេង​ចម្ការ​​​​បងប្អូន​ក៏​ថត​លេង​ទៅ ដឹង​អី​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្ញុំ​ជា​ថៅកែចម្ការ​​ទៀត»។

ដោយ​ឡែក​លោក ម៉ៅ ហាជី ក៏ត្រូវ​មហាជន​សម្គាល់ថា ឥឡូវនេះ​កាក់កប និង​ហ៊ឺហា​ខ្លាំង​ដោយ​បាន​​ដូរឡាន​ពី Highlander តម្លៃ​ជាង ១ ម៉ឺន ដុល្លារ មកជិះ​រថយន្ត​ម៉ាក Tundra តម្លៃ​ជាង ៣ ម៉ឺន ដុល្លារ​។​​ឆ្លើយ​ដោយ​មិនលាក់​លៀម​នឹង​ដំណឹង​ដូរម៉ាក​រថយន្ត​ពី Highlander មកជិះ​ម៉ាក​ជិះ​រថយន្ត​ទំនើប​ជាង​មុនម៉ាក Tundra ព្រោះតែ​កាក់កប​ខ្លាំង​នឹង​អាជីព​ជាតារា​ចម្រៀង​មហាជន​ចូលចិត្ត​ខ្លាំង​ មិនចាញ់​តារា​ចម្រៀង​រលក​មុន លោក ម៉ៅ ហាជី បង្ហើប​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «អូ!ខ្ញុំ​ពិតជា​បានដូរ​ម៉ាកឡាន​មែន​បង!ខ្ញុំ​មិនលាក់​ទេ​ព្រោះវា​ជាកម្លាំង ​ញើស​ឈាម​រកបាន ដោយសារ​តែការ​ខំប្រឹង​ខ្លួនឯង គឺនៅ​សព្វថ្ងៃ​ជិះ​រថយន្ត​ម៉ាក Tundra មាន​ស៊េរី​ឆ្នាំ ២០០៧ តែប៉ុណ្ណោះ​មាន​តម្លៃ ៣២ ០០០ ដុល្លារ ដែល​បានដូរ​ពីរថយន្ត​មុនម៉ាក Highlander ដែល​ខ្ញុំបាន​ទិញ​តម្លៃ ១៨ ០០០ ដុល្លារ នោះ»។

តែលោក​ហាក់​ដូចជា​បាន​ច្រានចោល​ទៅនឹង​រឿង​ប្រភព​ថវិកា ដែល​រកបាន​យកទៅ​ដូរ​រថ​​យន្ត​​ថ្មី​នោះ​​ថា៖ «តាម​ពិតទៅ​លុយ​ទិញ​រថយន្ត​ថ្មី​នេះ មិនមែន​ទើបតែ​ខ្ញុំបាន​មក​ច្រៀង​ក្នុង​ផលិត​កម្ម​ថោន​នោះ​ទេ។ ខ្ញុំបាន​សន្សំ​ពី​ការងារ​សិល្បៈ ដែល​ចំណាយ​ពេល​មួយឆ្នាំ​ឯណោះ​គឺឆ្នាំ ២០១៦ នោះ​គឺជា​ឆ្នាំ​ដែលខ្ញុំ​ទទួលបាន​ការចាប់អារម្មណ៍​បណ្តា​ក្រុមហ៊ុន រៀបចំ​កម្មវិធី​តន្ត្រី​តាម​ខេត្ត និងរាល់​កម្មវិធី​មង្គល​នានា ដែល​បងប្អូន​ខ្មែរ​បានស្គាល់​ខ្ញុំ ហើយ​ហៅ​ទៅច្រៀង​ជា​ហូរហែ​ពេញ ១ ឆ្នាំ​តែម្តង។ ដូច្នេះ​ហើយ​បានជា​ខ្ញុំអាច​សន្សំ​ប្រាក់់​យកមក​ដូរ​រថយន្ត​នេះ​បាន»។

គួររំឭកថា លោក ម៉ៅ ហាជី ជា​បេក្ខជន​ប្រឡង​ប្រជែង​នៃ​កម្មវិធី​ចម្រៀង​ក្នុង​លំដាប់​ពិភពលោក​រដូវ​ កាលទី ១ ឆ្នាំ ២០១៥ ហើយ​លោក ក៏ជា​បេក្ខជន​ម្នាក់​នៅក្នុង​ចំណោម​បេក្ខជន​បីរូប​ចុងក្រោយ ទទួល​បាន​ការគាំទ្រ​ពី​មហាជន​បោះឆ្នោត​ឲ្យឈាន​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ រួមមាន​ដូចជា​លោក នី រតនា ជាម្ចាស់​ពាន Cambodian Idol ឆ្នាំ ២០១៥ លោក សៅ ឧត្តម និង​រូបលោក៕​

Advertisement