មិនធម្មតា!! បទ« ពឺតៗ» ខេមរៈ សិរីមន្ត ម្នាក់ៗបញ្ចេញក្បាច់រាំក្នុងTikTokញាក់សាច់

ដូចមហាជនបានដឹងហើយថា «TikTok» ជាកម្មវិធីកម្សាន្តបែបឌីជីថលមួយ ដែលមានប្រភពមកពីប្រទេសចិន។ កម្មវិធីទូរស័ព្ទនេះទើបតែចាប់កំណើតក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែទទួលបានការគាំទ្រហួសពីការស្មាន។ បច្ចុប្បន្ន កម្មវិធីនេះកំពុងតែល្បីខ្ទរខ្ទារពាសពេញពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ដោយគេសង្កេតឃើញមានអ្នកប្រើប្រាស់ច្រើនលើសលុប ហើយក៏មានមនុស្សជាច្រើនកំពុងតែទាញប្រជាប្រិយភាព ពីមហាជនតាមរយៈ App ទូរស័ព្ទមួយនេះផងដែរ។

នៅក្នុងនោះដែរ រយៈពេលប្រមាណជាមួយខែចុងក្រោយនេះ បទចម្រៀងរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម រស្មីហង្សមាស ចំណងជើងថា «ពឺតៗ» បាននឹងកំពុងផ្ទុះការគាំទ្រក្នុងកម្មវិធី «TikTok» ដោយមានអ្នកធ្វើត្រាប់តាមវីដេអូចម្រៀងនេះ រហូតដល់រាប់សែន ក្នុងចំណោមនោះមិនត្រឹមមានអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះទេ តែកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះ ក្នុងចំណោមអ្នកដែលស្រឡាញ់ Cover វីដេអូ បទនេះ មានទាំងប្រទេសថៃ និងប្រទេសឡាវយ៉ាងច្រើន ព្រោងព្រាតទៀតផង។

បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះ មិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ ងាកទៅផ្នែក YouTube វិញក៏មិនធម្មតា ដោយត្រឹមតែមួយខែរាប់ចាប់ពីថ្ងៃចេញបទនេះជាផ្លូវការរហូតមកទល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2020 (រសៀលម៉ោង5) មានអ្នកចុចចូលទស្សនារហូតដល់ទៅជិត 7.1លានដងទៅហើយ។ ការផ្ទុះការគាំទ្រខ្លាំងនៅពេលនេះ គឺទាំងមិនទាន់ចេញជា OFFICIAL MV នៅឡើយទេ យ៉ាងណាមិញ ខណៈពេលនេះ គេកំពុងតែចាំអ៊ុតមើលថាតើទម្រាំ MV ផ្លូវការបទនេះ តើនឹងផ្ទុះខ្លាំងដល់កម្រិតណា បើត្រឹមតែចេញ ជា Audio ក៏ល្បីយ៉ាងហ្នឹងទៅហើយនោះ។ ក្រៅពីបទនេះ នៅមានបទចម្រៀងថ្មីៗជាច្រើនផ្សេងទៀតរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលផ្ទុះការគាំទ្រខ្លាំងដូចគ្នា ជាក់ស្តែងមានដូចជាបទ I’m Not The Gang ក៏កំពុង តែទទួលការគាំទ្រមិនធម្មតាដែរ៕

 

 

Advertisement