តារា​សម្ដែង​ស្រី​នៅក្នុង​រឿង Deadpool 2 ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ពេល​កំពុង​ថត​រឿង

តាមរយៈ​សារព័ត៌មាន Thansettakij បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា តារា​សម្ដែង​ជំនួស​តួឯក​ស្រី​នៅក្នុង​រឿង Deadpool 2 បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេល​កំពុង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ដោយសារតែ​ខុស​បច្ចេកទេស។

បន្ទាប់ពី​កើតហេតុ​ការណ៍​នោះភ្លាមៗ តារា​ឯក​ប្រុស​លោក Ryan Reynolds មាន​វ័យ 40 ឆ្នាំ ដែល​បាន​សម្ដែង​ជា​តួ Deadpool បាន​បញ្ចេញ​នូវ​អារម្មណ៍​សោកស្ដាយ និង​ទុក្ខសោក​ចំពោះ​ការបាត់បង់​តារា​សម្ដែង​ស្រី​ម្នាក់​នោះ​តាមរយៈ​សារ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា “នៅថ្ងៃនេះ យើង​បាន​បាត់បង់​សមាជិក​ក្រុមការងារ​ម្នាក់ ខណៈ​កំពុង​ថត​រឿង Deadpool 2 ។ យើង​សោកស្តាយ​ខ្លាំងណាស់ ស្ទើ​តែ​គាំងបេះដូង​ស្លាប់ ព្រោះ​មិន​នឹកស្មានថា មាន​ករណីបែបនេះ​កើតឡើង។ សូម​ចូលរួម​សម្តែង​ការសោកស្តាយ និង​ជា​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​របស់​នាង​ផង”។

គួរបញ្ជាក់​ផងដែរ​ថា តារា​សម្ដែង​ស្រី​ដែល​បាន​បាត់បង់​ជីវិត​នោះ​មាន​ឈ្មោះថា Joy SJ Harris ត្រូវបាន​អ្នកដឹកនាំ​រឿង​ដាក់ឱ្យ​នាង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ជំនួស​តារា​ឯក​ស្រី Zazie Beetz ព្រោះថា នាង​គឺជា​កីឡាការិនី និង​ជា​អ្នកជំនាញ​ខាង​ជិះ​ម៉ូតូ​ធំ​អាជីព ហើយ​នាង​បាន​ថត​ទាំងអស់​ចំនួន 5 ឈុត​រួចមកហើយ ក៏ប៉ុន្ដែ​ដោយសារ​ឈុត​ចុងក្រោយ​មួយ​នេះ តម្រូវ​ឱ្យប្រើ​ល្បឿន​លឿន​ក្នុង​ការបើកបរ ធ្វើឱ្យ​មានការ​ភ្លាត់ស្នៀត​ខាង​បច្ចេកទេស ទើប​បណ្ដាលឱ្យ​រងគ្រោះ​ដល់​ជីវិត​នៅនឹងកន្លែង​បែបនេះ​តែម្តង៕

Advertisement