ឱក សុគន្ធកញ្ញា ផ្ដាំទៅ ខេមរៈ សិរីមន្ដ ៖ «ឈប់​អន់ចិត្ត​ទៀត ​OK ចាស់ៗ​អស់ហើយ»

ព្រោះតែកន្លង​មកទស្សនិកជនក៏ដូចជាអ្នកគាំទ្រតែងតែ​​ផ្គូផ្គងចង់ឱ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ចាប់ដៃគូច្រៀងជាមួយគ្នា ដោយសារតែយល់ឃើញថា អ្នកទាំងពីរពិត​ជាដៃគូដ៏​ស័ក្កិ​សម​ឥត​ខ្ចោះ ហើយក៏ជាតារាចម្រៀង​ដែល​ឈរ​លំដាប់ជួរ​មុខ​​ក្នុង​ប្រទេសផងដែរ ។ តាំងពីទ្រនំផលិតកម្ម U2 រហូតមកជ្រកនៅហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ខេមរៈ សិរីមន្ត ត្រូវបានហ្វេនៗគាំទ្រឱ្យជាដៃគូចម្រៀងលំដាប់កំពូល។

ថ្មីៗនេះកំពូលតារាចម្រៀងល្បីឈ្មោះរស់​ក្នុងផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះរូបភាពរួមមិត្តសំឡាញ់ក្នុងវិថីចម្រៀងលោក ខេមរៈ សិរីមន្ដ ក្នុងឱកាស​ថ្ងៃកំណើតយ៉ាង​ភ្ញាក់ផ្អើល​ពីសំណាក់​អ្នកគាំទ្រ​ជាមួយពាក្យពេចន៍ដ៏ស្និទ្ធស្នាល​មិនធ្លាប់ឃើញពីមុនមកឡើយ។

តារាស្រីដែលជាប្អូនថ្លៃថៅកែហង្សមាសបានរៀបរាប់​ឲ្យដឹង​កាន់តែច្បាស់​ទំនាក់ទំនងរួម សិរីមន្ដ ថា៖ «ថ្វី​ត្បិត​តែ​យើង​ជាមិត្ត តែគ្មានឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល​ភ្លេចគិតពី​សុខទុក្ខ​គ្នា​ឡើយ​ ហើយខ្ញុំនៅតែចាំថាខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ»។ សុគន្ធ កញ្ញា តារាចម្រៀងកូនមួយត្រួយជីវិតមានឈ្មោះឆលី បានថ្លែង​នូវចុងបញ្ចប់​នៃសំណេរខ្លួន​ពីការជូនពរថា៖ «សូម​ឲ្យ​អ្នកទទួល​បាន​អ្វី​ៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នា ឈប់​អន់ចិត្ត​ទៀត ​OK ចាស់ៗ​អស់ហើយ​»៕

 

Advertisement