ជិតដាច់ឆ្នាំ2020 រ៉ាប៊ី ត្អូញរកម្ចាស់បេះដូង

តារាចម្រៀងទ្រនំ ថោន កញ្ញា ផាន វីរ៉ាទី ហៅ កញ្ញា រ៉ាប៊ី បានរអ៊ូថា ជិតចប់ឆ្នាំ ២០២០ ហើយ នាងនៅតែគ្មានម្ចាស់ចិន្តាមកនែបនិត្យនៅឡើយទេ។ យ៉ាងណាមិញ រ៉ាប៊ី ក៏បានព្រលយពីលក្ខខណ្ឌនៃសេចក្តីប្រាថ្នាចំពោះបុរសជាគូគ្រងខ្លួន នាពេលអនាគតឱ្យដឹងថា បុរសដែលនាងចង់បាន ឬស្រឡាញ់ជាគូជីវិត គឺជាបុរសដែលគោរពស្រឡាញ់ និងឱ្យតម្លៃនាងឱ្យបានច្រើន គឺមានសេរីភាពក្នុងការចាយវាយ និងការរស់នៅជាដើម។

កញ្ញា រ៉ាប៊ី បានរអ៊ូថា៖ «រកសង្សារក្នុងស្រុកមួយគ្រាប់ ធ្វើថ្នាំមិនបានសោះ ហើយក៏គ្មានប្រុសស្នេហ៍នៅបរទេសណាដែរ អ៊ីចឹងសរុបទៅឆ្នាំ2020 បេះដូងនាងខ្ញុំ គឺទទេស្អាតតែម្ដង មិនទាន់មានប្រុសណាម្នាក់មកធ្វើជាម្ចាស់ចិត្តឡើយ»។ តែយ៉ាងណាតាមប្រភពអ្នកតាមដានប្រមាញ់ពីជីវិតឯកជនរបស់នាង បានព្រលយឲ្យដឹងថា អំឡុងពេលដែលនាងចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នាងមានគេទាក់ទងផងដែរ ប៉ុន្តែដោយសាររូបនាងមិនបង្ហាញភ្លើងខៀវឱ្យគេ ទើបស្ងាត់ទៅវិញអស់ទៅ ស្រាប់តែឥឡូវ បែរមករអ៊ូថារកសង្សារម្នាក់មិនបានទៅវិញ។

តារាចម្រៀងរូបស្រស់ រ៉ាប៊ី ជាតារាចម្រៀងស្រីសំខាន់ម្នាក់របស់ផលិតកម្ម ថោន ក៏ធ្លាប់បញ្ជាក់ដែរថា៖ «ជារឿងធម្មតាទេ សម្រាប់ជីវិតមនុស្សមិនទាន់មានគូគ្រង គឺតែងតែមានគេមកតាមដូច្នេះហើយ។ តែសម្រាប់នាងខ្ញុំ នាពេលនេះដូចជា មិនទាន់ចង់គិតគូរខ្លាំងលើរឿងគូគ្រងអ្វីនោះឡើយ គឺនាងខ្ញុំចង់ប្រើពេលរកប្រាក់ពីការងារសិល្បៈនេះមួយរយៈសិន ព្រោះថាក្រោយពីបានវិលមកពីអាមេរិកមកនោះ ខ្ញុំក៏ទទួលការងារសិល្បៈច្រើនណាស់ គឺសឹងតែគ្មានពេលទំនេរទេ ពីមួយអាទិត្យ ទៅមួយអាទិត្យ»។ ម្ចាស់បទ «ដង្កូវវើកៗ» រូបនេះ ស្រូបបានប្រជាប្រិយភាពល្បីខ្លាំងពីយុវវ័យសម័យថ្មី ក៏បានឱ្យដឹងពីមូលហេតុ ពុំទាន់បើកចិត្តទទួលយកស្នេហ៍ពីក្រុមកន្លង់បរទេសជាអាណិកជនខ្មែរ-អាមេរិកទាំងឡាយ ដែលតាមសុំស្នេហ៍ដែរថា៖ «ម្យ៉ាងទៀតអ្នកតាមសួរនាំខ្ញុំនោះ ភាគច្រើននៅមិនទាន់ពេញចិត្ត ឬត្រូវចិត្តចង់បានរបស់នាងខ្ញុំនោះឡើយ។ នាងខ្ញុំក៏សន្យាក្នុងចិត្តខ្លួនដែរថា បើមិនត្រូវចិត្តនាងខ្ញុំប្រាថ្នាចង់បានទេ គឺសុខចិត្តនៅទំនេរល្អជាង»។

 

 

Advertisement