ចាន់ណា រ៉ូ​ណាន់ កំពុង​ធ្វើឱ្យ​ទស្សនិកជន​ជ្រួលច្របល់

បន្ទាប់ពី​មាន​មហាជន​ជាច្រើន​បង្ហាញ​ពី​ភាព​អន្ទះសា​ចង់​ទស្សនា​ខ្សែភាពយន្ត​រឿង «សសរកន្លោង» រហូតមកដល់​ពេលនេះ​លោក ចាន់ណា រ៉ូ​ណាន់ ជា​អ្នកដឹកនាំ​រឿង​មិនទាន់​អាចឆ្លើយតប​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​បាន​នៅឡើយ​ទេ​ថា តើ​រឿង​នោះ​នឹង​ត្រូវដាក់​បញ្ចាំង​នៅពេលណា?

មាន​អ្នកគាំទ្រ​ស្នាដៃ​លោក ចាន់ ណា​រ៉ូ​ណាន់ ជាច្រើន​បាន​ឆា​តទៅ​សួរ​លោក និង​ចូល​ Comment ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចង់ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​បញ្ចាំង​រឿង «សសរកន្លោង» ពិតប្រាកដ ខណៈ​ពួកគេ​មានការ​ជឿជាក់​លើ​ស្នាដៃ​អ្នកដឹកនាំ​រឿង​វ័យក្មេង​រូបនេះ​ជាខ្លាំង​តាមរយៈ​ការ​ទស្សនា​រឿង «កំណត់ហេតុ​នាង​នាថ» កន្លងមក។

លោក ចាន់ណា រ៉ូ​ណាន់ បាន​ប្រាប់​ឡា​រ៉ែ​ន ​Online ថា នៅពេលនេះ​លោក​មិនទាន់​អាច​កំណត់ពេល​វេលា​នៃ​ការដាក់​បញ្ចាំង​រឿង «សសរកន្លោង» បាន​នៅឡើយ​ទេ។ លោក​បានដឹងថា មាន​អ្នកគាំទ្រ​ជាច្រើន​កំពុងតែ​អន្ទះសា​ចង់​ទស្សនា​រឿងនេះ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​លោក​កាន់​តែមាន​មោទនភាព និង​សប្បាយ​ចិ​ត្ដ​ក្នុង​ការផលិត​រឿងនេះ​យ៉ាង​សម្រិតសម្រាំង។

លោក​បន្ដថា៖ កន្លងមក​ខ្ញុំ​ផលិត​រឿង «កំណត់ហេតុ​នាង​នាថ» ទទួលបាន​ការគាំទ្រ និង​ទទួល​បានការ​ទុក​ចិ​ត្ដ​ខ្លាំង​ពី​ទស្សនិកជន ដូច្នេះ​ខ្ញុំ​មិន​ចង់​បន្ធូរដៃ​ក្នុងការ​ផលិត​រឿង «សសរកន្លោង» នេះ​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​ទស្សនិកជន​ទាំងអស់​ខាត​ពេលវេលា និង​ចំណាយលុយ​ឥតប្រយោជន៍​ក្នុង​ការទិញ​សំបុត្រ​ចូល​ទស្សនា​រឿងនេះ​ឡើយ។ ទាំងនេះហើយ​ជាហេតុ​ដែល​ខ្ញុំ​ត្រូវ​ការធ្វើ​វា​យ៉ាង​សម្រិតសម្រាំង។

រឿង «សសរកន្លោង» ត្រូវ​ចំណាយ​ទុន​ផលិត​ក្នុង​រង្វង់​ទឹកប្រាក់​ជាង 7ម៉ឺន​ដុល្លារ ខណៈ​រឿង «កំណត់ហេតុ​នាង​នាថ» ប្រើ​ទុន​អស់​តែ6ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ឈ្នះ​បាន​ពានរង្វាន់​ប្រចាំឆ្នាំ2016 ចំនួន3រង្វាន់ គឺ​ពានរង្វាន់​ភាពយន្ដ​រក​ប្រាក់ចំណូល​បាន​ច្រើនជាងគេ (30ម៉ឺន​ដុល្លារ) ពានរង្វាន់​ភាពយន្ដ​ទទួលបាន​អ្នកទស្សនា​ច្រើនជាងគេ (ប្រកួត​ជាមួយ​រឿង​បរទេស) និង​ពានរង្វាន់​ខ្សែភាពយន្ដ​ខ្មែរ​ល្អ​ជាងគេ​ប្រចាំឆ្នាំ។

បច្ចុប្បន្ន​រឿង «សសរកន្លោង» ត្រូវបាន​រៀបចំ​បច្ចេក​ទេស​ថ្មី​ទាំង​រូបភាព និង​ការ​កាត់​ប្លង់​រួចរាល់​អស់ហើយ នៅសល់តែ​សំឡេង​មួយ​មុខ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​សម្រិតសម្រាំង ព្រោះ​សំឡេង​ក៏​ជា​កត្តា​ទាក់ទាញ​ខ្លាំងណាស់​មួយ​ដែរ​សម្រាប់​ប្រភេទ​រឿង​ខ្មោច​ដូចដែល​លោក​ធ្លាប់បាន​ផលិត​មក។ទោះជា​យ៉ាងណា​លោក រ៉ូ​ណាន់ ប្រាប់ថា លោក​នឹង​ប្រឹងប្រែង​សម្រុក​ធ្វើការ​ងារ​នេះ​ឱ្យ​ហើយ​រួចរាល់ សម្រាប់​ដាក់​បញ្ចាំង​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ៕

Advertisement