លោក អ៊ិន សុ​ភិន ស្រឡាញ់​កូន​របស់​ប៉ែន ចំ​រ៉ុង ដូច​កូនពៅ

បើទោះជា​មានកូន៣នាក់ធំៗទៅហើយ​ក៏ដោយ ក៏​ម្ចាស់​ផលិតកម្ម​ល្បីឈ្មោះ​លោក អ៉ិន សុ​ភិន បាន​អះអាងថា លោក​ស្រឡាញ់​កូន​របស់​ប៉ែន ចំ​រ៉ុង លើសពី​កូនបង្កើត​របស់ខ្លួន​ទៅទៀត ដើម្បីឱ្យ​ភិន សុ​ដា​លី​ស បាន​រួច​បន្ទុក ហើយ​មាន​សេរីភាព​ទៅណា​មក​ណា​ដូច​ក្រមុំ។ លោក​ថា មិន​ត្រឹមតែ​បំពេញ​តួនាទី​ជា​ជីតា​ប៉ុណ្ណោះ ទេ គឺ​លោក និង​ភរិយា​សព្វថ្ងៃ​មិន​ខុសពី​ឪពុកម្ដាយ​បង្កើត​របស់​កូនស្រី​របស់​ភិន សុ​ដា​លី​ស​ឡើយ។

លោក អ៉ិន សុ​ភិន និយាយ​ទៅ​គឺ​ខុសពី​ជីតា​ទូទៅ ដែល​គ្រាន់តែ​ជួយ​សម្រួល​មើល​កិច្ចការ​ខុសត្រូវ​បន្តិចបន្តួច​ចំពោះ​ចៅ  តែ​លោក​សឹងតែ​លើសពី​ឪពុក​បង្កើត​មួយចំនួន​ទៅទៀត​ចំពោះ​ចៅស្រី​ម្នាក់នេះ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​កូនស្រី​របស់លោក គឺ​ភិន សុ​ដា​លី​ស អាច​មិនដឹង​ពី​សុខទុក្ខ​របស់​កូន​ច្រើនជាង​លោក​ផង។ លោក​ថា សប្បាយចិត្ត​ណាស់​នៅពេល​ឃើញ​ចៅស្រី​ដំបូង​នេះ​កាន់តែ​ធំឡើងៗ ជាពិសេស​នៅពេល​ចៅស្រី​ចេះ​សើច និង​ចេះ​លេង​ជាមួយ​លោក ដែល​ធ្វើឱ្យ​លោក​សប្បាយចិត្ត​ខ្លាំងណាស់។

លោក​ថា រាល់ថ្ងៃ​ចៅស្រី​ម្នាក់នេះ មិន​ខុសពី​មាន​ជីតា​ជា​ឪពុក​នោះទេ ដោយសារតែ​គ្រប់​កាលៈទេសៈ​គឹ​លោក​ចាត់ទុក​នាង​តូច​មិន​ខុសពី​កូនបង្កើត​របស់ខ្លួន​ឡើយ។ លោក​ប្រកាសថា បើ​តាមតែ​ធ្លាប់​មានកូន៣នាក់​រួចហើយ លោក​គួរតែ​ធុញទ្រាន់​ក្នុងការ​មើលថែ​ក្មេង​តូច ប៉ុន្តែ​នេះ​មកពី​លោក​ចេះតែ​គិត និង​អាណិត​ចៅស្រី​ម្នាក់នេះ ទើប​ធ្វើឱ្យ​កាន់តែ​ស្រឡាញ់ ហើយ​ស្រឡាញ់​ខ្លាំង​ទៀត គឺ​ស្រឡាញ់​លើសពី​ចៅ ដែល​មិន​ខុសពី​កូនពៅ​របស់លោក​ឡើយ។ លោក​បាន​ទាំង​ត្រៀម​ចំណែក​មរតក​ទុកឱ្យ​នាង​តូច មិន​ខុសគ្នា​ពី​កូនម្នាក់ៗរបស់លោក​នោះទេ ដោយ​លោក​បាន​បញ្ជាក់ថា បំណាច់​នាង​កើតមក​មិនមាន​ឪពុក​ទៅហើយ គឺ​លោក​សុខចិត្ត​រ៉ាប់រង​ទាំង​ការ​មើលថែ ទាំ ទាំង​ការ​ថ្នាក់ថ្នម និង​ការបែងចែក​ចំណែក​ទ្រព្យ​ឱ្យ ដើម្បីឱ្យ​ពេល​ចៅ​ធំ​ឡើង​មិនមាន​អារម្មណ៍​តូចចិត្ត៕

Advertisement