សុវណ្ណ មករា លេងឈឺៗដាក់ ហេង ឡុង និងចន ច័ន្ទលក្ខិណា

ថ្មីៗនេះអតីតតារាសម្ដែងល្បីឈ្មោះ សុវណ្ណ មករា បានវាយប្រហារលោក ហេង ឡុង និងអ្នកនាង ចន ចន័្ទលក្ខិណា ឈឺៗតែម្ដង។ ពាក្យឌឺដងគ្នាតាមរយៈបណ្ដាញសង្គមនេះបានធ្វើឱ្យមហាជនកំពុងមានការចាប់អារម្មណ៍ និងចង់ដឹងជាខ្លាំងថា តើរឿងហេតុនោះវានឹងទៅជាយ៉ាងណា?។

លោក សុវណ្ណ មករា បានសរសេរថា៖ «ឡុងអើយឡុង បើឡុងឯងជាមនុស្សប្រុសពិតមែន ត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលឡុងឯង Share and Post កាលពីលើកទី1 កុំ Edit ច្រើនពេក ឬក៏ឡុងឯងយកចនច័ន្ទមកធ្វើជាខែលបិទបាំងភាពជាប្រុស និងមុខរបររបស់ឡុងឯង? ហើយរឿងមួយទៀតគឺរឿងប្រាក់មូលនិធិសិល្បៈ កុំថាគេមិនដឹងឲ្យសោះ កុំឱ្យលេចឮថា កិបកេងយកប្រាក់មូលិនិធិសិល្បៈទៅប្រើប្រាស់រឿងបំណុលផ្ទាល់ខ្លួនឱ្យសោះ ខ្ញុំគ្រាន់តែបារម្ភជំនួសក្នុងន័យមិត្តភាពប៉ុណ្ណោះSic »

បន្ទាប់ពីមានការលើកឡើងបែបនេះអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈខ្មែរក្នុងអាណត្ដិថ្មី ហាក់មានអារម្មណ៍មិនសូវស្រួលបានលេបខាយពាក្យសំដីទៅកាន់លោក សុវណ្ណ មករា ដែលគេមើលឃើញថា ពាក្យទាំងនោះហាក់បំណងនិយាយដៀមដាមដល់តារាសម្ដែងនោះថា ជាអ្នកបោកប្រាស់បងប្អូនជីដូនមួយរបស់នាង។​

ទោះយ៉ាងណាលោក សុវណ្ណ មករា​ ក៏មិនបាននៅស្ងៀមដែរ ដោយបានបន្ថែមទៅទៀតថា៖ «អ្នកនាងចនច័ន្ទ អើយ អ្នកនាងចនចន្ទ័ តើត្រង់ណាទៅដែលថា ខ្ញុំបោកបងប្អូនជីដូនមួយរបស់អ្នកនាង ចនច័ន្ទឯងហ្នឹង? ទំនេរៗ មិនព្រមគិតមើលពីការងារសមាគមទេ ឥឡូវធុំក្លិនមិនស្រួលហើយឮថា លុយរៃអង្គាសរបស់សមាគមលើកមុនហ្នឹង បាត់អស់រលីងហើយឥឡូវហ្នឹង»។ ជាមួយនេះដែរក៏មានសារថ្មីបន្ដថា៖ «ផ្ដាំទៅចនច័ន្ទបន្តិច ដែលអ្នកឯងថា ខ្ញុំបោកបងប្អូនជីដូនមួយរបស់អ្នកឯងហ្នឹង ការពិតគាត់គឺជាអតីតភរិយារបស់ខ្ញុំដែលនៅប្រទេសហ្វាំងឡង់ ហើយមានតែគាត់ទេដែលដឹងច្បាស់ អ្នកឯងអាចសួរគាត់បាន ឮហើយឬនៅលោកស្រីប្រធានជាទីរាប់អាននៃខ្ញុំអើយ? ហើយរឿងមួយទៀតដែលលោកស្រីប្រធានចោទថា ខ្ញុំដើរបោកស្រីៗហ្នឹង បើលោកស្រីប្រធានមានពេលទំនេរ សូមអញ្ជើញពួកគាត់ទាំងអស់នោះមកជួបបន្តិចមើល តើមានអ្នកណាខ្លះ? ព្រោះខ្លួនខ្ញុំផ្ទាល់ ក៏មិនបានដឹងដែរ? ម្យ៉ាងវិញទៀត ខ្ញុំមិនដែលចង់ប៉ះពាល់លោកស្រីប្រធានឯងហ្នឹងទេ ខ្ញុំគ្រាន់តែចង់តបតជាមួយនឹងប្រុសកំពូលស្នេហ៏របស់លោកស្រីប្រធានតែប៉ុណ្ណឹងឯង ហើយជួយបកស្រាយប្រាប់ពីចម្ងល់ដែលខ្ញុំ និងអ្នកគ្រប់គ្នាសួររឿងប្រាក់មូលនិធិសិល្បៈដែលចាយវាយខុសទិសដៅនោះផងលោកស្រីប្រធាន????»

សង្រ្គាមពាក្យសំដីរវាងអតីតតារាសម្ដែងមានប្រជាប្រិយភាព និងលោកស្រីប្រធានសមាគមដែលបានកើតឡើងនេះ មិនទាន់មាននរណាហ៊ានកាត់សេចក្ដីថា អ្នកណាត្រូវ ឬអ្នកណាខុសនោះទេ?។ ផ្ទុយទៅវិញសាធារណជនជាច្រើនគ្រាន់តែចង់ដឹងថា តើការលើកឡើងខាងលើរបស់លោក សុវណ្ណ មករា វាអាចជាការពិតដែរឬទេ? ទោះជាយ៉ាងណាយើងមិនហ៊ានសន្និដ្ឋានថា បែបណានៅឡើយ យើងបានត្រឹមតែរង់ចាំមើលថា តើលោកហេង ឡុង ឬក៏អ្នកនាង ចន ច័ន្ទលក្ខិណានឹងមានប្រតិកម្មបែបណាខ្លះចំពោះការលើកឡើងនេះ ព្រោះវាអាចជះឥទ្ធិពលមិនល្អដល់ប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះរបស់ខ្លួន៕

Advertisement