សាយ សៀ​រ៉ា ការ​សន្សំ​ប្រាក់​ជា​រឿង​សំខាន់​ក្នុង​ការរៀបចំ​ផែនការ​ជីវិត

សាយ សៀ​រ៉ា កំពុងមាន​កេរ្ដិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ និង​ការ​ស្លៀកពាក់​តុបតែង​ខ្លួន​របស់លោក​ក៏មាន​ភាពស្រស់​សង្ហា​ផងដែរ។ ទោះយ៉ាងណា​តារា​សិល្បៈ​រូបនេះ បញ្ជាក់ថា ចំពោះ​ការរៀបចំ​ខ្លួន​នេះ គឺ​ពុំបាន​ចំណាយ​ថវិកា​ច្រើន​ទេ។

ស្ទើរតែ​រាល់ពេល​លោក​សាយ សៀ​រ៉ា ស្លៀកពាក់​ចូលរួម​កម្មវិធី​នានា មិន​ថា​ជា​លក្ខណៈ​សាម​ញ្ញា ឬ​ផ្លូវការ​នោះទេ លោក​តែងមាន​ការតុបតែង​ខ្លួន​យ៉ាង​សមសួន​ទៅនឹង​រូបរាង​រហូត​មានការ​សន្និដ្ឋានថា សម្លៀកបំពាក់​ដែល​តារា​រូបនោះ​ស្លៀក​អាចជា​ម៉ាក​ដែល​ល្បី និងថ្លៃៗណាស់​មើលទៅ។ តែ​ផ្ទុយទៅវិញ​លោក​សាយ សៀ​រ៉ា បានបញ្ជាក់​ប្រាប់​មកវិញ​ថា បើ​ប្រៀបធៀប​ទៅ​សង្គម​បច្ចុប្បន្ន​ប្រជាជន​ភាគច្រើន​សុទ្ធ​តែមាន​ការនិយម​ទៅលើ​សម្ភារ​ម៉ាកល្បីៗ និង​សម្រាប់​លោក​ផ្ទាល់​ក៏មាន​ការស្រឡាញ់​ពេញចិត្ដ​ដូចគ្នា ប៉ុន្ដែ​លោក​គិតថា ពេលខ្លះ​វា​ពុំ​ចាំបាច់​ឡើយ ព្រោះ​មិន​ប្រាកដថា សម្លៀកបំពាក់​ម៉ាកល្បីៗទាំងនោះ ពេល​ស្លៀកពាក់​ទៅ វា​សម​នឹង​រូបរាង​របស់លោក​នោះទេ។

សាយ សៀ​រ៉ា បញ្ជាក់ថា៖ «សម្រាប់​ខ្ញុំ​សាមញ្ញ​បំផុត ទោះជា​ស្លៀកពាក់​ចូល​កម្មវិធី​ក៏ដោយ មិនចាំបាច់​ចាយលុយ​លើ​សម្លៀកបំពាក់​ម៉ាកល្បីៗទេ សំខាន់​ឱ្យតែ​ស្លៀកពាក់​ទៅ​សម​នឹង​រូបរាង គឺ​ខ្ញុំ​ពេញចិត្ដ​ណាស់​ទៅហើយ»។ សាយ សៀ​រ៉ា បន្ថែមថា មិនមែន​លោក​មិន​ចង់​ស្លៀកពាក់​ខោអាវថ្លៃៗនោះទេ ប៉ុន្ដែ​ពេលខ្លះ​លោក​យល់ថា ដូចជា​ពុំ​ចាំបាច់​ឡើយ។ ប្រសិនបើ​កម្មវិធី​តម្រូវ​ខ្លាំង ឬ​ចាំបាច់​នោះ​យើង​ត្រូវតែ​ចំណាយ តែ​ឱ្យ​ត្រូវ​ពេលវេលា និង​កាលៈទេសៈ។

តារា​សម្ដែង​រូបនេះ​ប្រាប់​បន្ដថា៖« មូលហេតុ​ខ្ញុំ​គិត​ដូច្នេះ​ព្រោះ​ខ្ញុំ​រៀប​ផែនការ​ទុក នឹងត្រូវ​ធ្វើ​អ្វី ឬ​បង្កើត​អ្វីមួយ​នៅពេល​អនាគត ដូច្នេះ​ការ​សន្សំ​ប្រាក់​ទុកឱ្យ​បាន​ច្រើន​វា​ជា​រឿង​សំខាន់បំផុត​នៅពេល​យើង​ត្រូវ​ការប្រើ​វា អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ចាយ​ខ្ជះខ្ជាយ​បានទេ៕

Advertisement