ក្រោយមានការរិះគន់ខ្លាំងលើបទ «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ខាងក្រសួងស្នើឱ្យម្ចាស់មេឌៀ ចុះបញ្ជីផលិតកម្ម

ថ្មីៗនេះថ្នាក់ដឹកនាំ និងមហាជនកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លឹមសារ និងការសម្ដែងក្នុងបទចម្រៀង «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ហាក់វាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកមានកំណើតកើតជានៅខេត្តព្រៃវែងទាំងមូល។ មតិរិះគន់បានលើកឡើងនូវចំណុចពាក្យសម្ដីតួអង្គក្នុងវីដេអូន ដែលមានក្លឹមសារ និងរូបភាពនិយាយថា «អ្នកព្រៃវែង សុទ្ធតែមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ»។

ដោយឡែកនាថ្ងៃរសៀលថ្ងៃទី 6 ខែកក្កដាឆ្នាំ 2020 នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំណាត់ការភ្លាមៗចំពោះអ្នកនិពន្ធ សយ រតនា និងឈួន សុខលីម គឺជាម្ចាស់ផលិតកម្មមរតក មេឌៀ។ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ដោយមើលឃើញងថា អ្នកនិពន្ធ និងម្ចាស់ផលិតកម្មខាងលើនេះសុទ្ធតែជាបញ្ញវន្ដ ហើយក៏ជាអ្នកស្រុកខេត្តព្រៃវែទៀតនោះ ដូចនេះហើយទើបខាងក្រសួងអាចពិចារណាបានថា អ្នកទាំងពីរគ្មានចេតនាណាមួយបង្អូសបង្អាប់ដល់អ្នកខេត្តព្រៃវែងនោះទេ។ យ៉ាងណាមិញ តាមការបកស្រាយរបស់អ្នកនិពន្ធ លោកក៏មានបំណងចង់លើកតម្កើងឱ្យគ្មានការរើសអើងចំពោះអ្នកខេត្តព្រៃវែង តែជាអកុសលដោយសារតែវីដេអូបទចម្រៀង និងវីដេអូ Trailer បានបញ្ចេញខុសពេលគ្នា (មុនក្រោយគ្នា) ទើបបណ្ដាលឱ្យមហាជនទស្សនាទៅមានការយល់ច្រលំ និងប៉ះពាល់សតិអារម្មណ៍។

ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យអ្នកទាំងពីរធ្វើការសុំទោសជាសាធារណៈ និងស្នើឱ្យខាងផលិតកម្មមានការចុះបញ្ជីនៅក្នុងក្រសួង ដើម្បីឱ្យមានការត្រួតពិនិត្យបទចម្រៀង មុនការបញ្ចេញនៅលើទីផ្សារ។ ខាងក្រសួងក៏បានបន្ដលើកទឹកចិត្តដល់អ្នកទាំងពីរ ហើយក៏បានសំណូមពរឱ្យអ្នកទាំងពីរនៅតែបន្ដលើកស្ទួយវប្បធម៌ខ្មែរតាមរយៈវិស័យសិល្បៈមួយនេះ។ ចំពោះឆានែល Youtube «មរតក មេឌៀ» មិន​ត្រូវ​បាន​តម្រូវឲ្យ​លុប​ចេញនោះឡើយ៕

Advertisement