ថៃ នរៈពិទូ ប្រហែលរំជួលចិត្តខ្លាំងពេលឃើញសារម្តាយ​

ភ្នំពេញ: តារា​សម្តែង​រាង​សង្ហា អតីត​ប្រុស​ស្អាត​លេខ​ ១ កាល​ពី​ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ ដែល​មាន​ឪពុក​ជា​មន្រ្តី​​ជាន់​ខ្ពស់​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​ និង​ម្តាយ​ជា​អ្នក​និពន្ធ​និង​ជា​នាយិកា​ក្រុមហ៊ុន​កែ​សម្ផស្ស​ ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរគ្រឿង​ញៀន​ ជិត​កន្លះ​ឆ្នាំ​ហើយ ប៉ុន្តែ​អ្វី​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ថ្មី​នោះ ខណៈ​ម្តាយ​តារា​សម្តែង​រូប​សង្ហា​ជាប់​​ប្តូរ​ឈ្មោះ​ជា​ប្រុស​ស្អាត មក​ជា​ពិរុទ្ទ​​ជន​ ​​បង្ហោះ​​ទួញ​រៀបរាប់​​រញ្ជួយ​អស់​​មហាជន​ ពីទឹក​ចិត្ត​ម្តាយ​។

រំឭកថា អតីត​ប្រុស​ស្អាត​ឆ្នាំ​ ២០០៦ ​ដែល​មាន​កំណើត​​ក្នុង​ត្រកូល​គ្រួសារ​មន្រ្តី​រាជ​ការ​ ត្រូវ​បាន​សមត្ថ​កិច្ច​​​ខេត្ត​ បាត់ដំបង​ចាប់​ឃាត់​ខ្លួន រួម​នឹង​ភរិយា​ផង​ កាល​ពី​ថ្ងៃ​ទី​ ៩ ​​ ខែ​មករា​ឆ្នាំ​ ២០១៧ ពី​បទ​ចែកចាយ​គ្រឿង​ញៀន ​នៅ​ចំណុច​ខារ៉ា​អូខេ ដឺសោន​​​ហ្វាមី​លី។ អ្វី​ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​នៅ​ក្នុង​សង្គម​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ មិន​តែ​ប៉ុណ្ណោះ​ទស្សនិក​ជន​ជា​ច្រើន​ បាន​បង្ហាញ​អារម្មណ៍​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ក្រោយ​បាន​ដឹង​រឿង​នេះ។

ដាស់​​​ភាព​ភ្ញាក់​ផ្អើល​ជាថ្មី ក្រោយ​កំហុស​អា​សោច​កេរ្តិ៍​ដល់​អ្នក​មាន​គុណ​​ ​ អ្នក​ស្រី ម៉ានីយ៉ា ជា​ម្តាយ​​​ប្រុស​ស្អាត​ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ បាន​បញ្ចេញ​សារ​​ទួញ​​រៀប​រាប់​ពី​ភាព​កម្សត់​នៅ​លើ​គណនីហ្វេស​ប៊ុក​របស់​អ្នក​ស្រី ដែល​ធ្វើ​ឲ្យ​​មនុស្ស​ជាច្រើន​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​ម្តាយ​រូប​នេះ ទាំង​​បង្ហាញ​ទាំង​ថ្ងៃ​ខួប​កំណើត ថៃ នរៈ​ពិទូ ជាមួយ​នឹង​នំ​ខួប​កំណើត​ ខណៈ​ជិះ​លើ​រថយន្ត។ អ្នកស្រី ម៉ានី​យ៉ា បាន​រៀបរាប់​ថា៖ «យប់​មិញ​ម៉ាក់​មិន​បាន​​គេង​ទេ ហើយ​បើក​ឡាន​រាប់​រយ​គីឡូ​មក​រក​កូន ព្រោះ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​ម៉ាក់​បាន​បង្កើត​កូន​ប្រុស​ឲ្យ​មក​ស្គាល់​ពិភព​លោក​នេះ….ពិទូរ​ពួក​យើង​ស្រឡាញ់​​កូន​ណាស់… កូន​ប្រុស! ទោះ​បី​ជា​ឆ្នាំ​នេះ ពួក​យើង​កំ​សត់​ជាង​រាល់​ឆ្នាំ តែ​ម៉ាក់​សប្បាយ​ចិត្ត ព្រោះ​ថា ចាប់​ពី​ពេល​វេលា​នេះ​ទៅ កូន​និង​យល់​​ដឹង នឹង​ស្គាល់​ពី​ន័យ​ពិត​របស់​ជីវិត»។ ពី​សារ​​នោះម្តាយ​តារា​​សម្តែង​និង​ជា​អតីត​ប្រុស​ស្អាត​ឆ្នាំ ២០០៦ កំពុង​​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធ​ធនា​គារ​ខេត្ត​ បាត់ដំបង​នោះ អ្នក​ស្រី​រៀបរាប់​​បាន​លើក​ទឹក​ចិត្ត​​ថា៖ «កូន​តស៊ូ​ឡើង ដើម្បី​អនាគត កើត​ជា​មនុស្ស​គ្មាន​នរណា​មិន​ចេះ​ខុស​ទេ សំខាន់ ខុស​ហើយ​កូន​ត្រូវ​កែខ្លួន​បែរមក​រក​ផ្លូវត្រូវ​វិញ…អត់ធ្មត់​ណា​កូន ក្រុម​គ្រួសារ​យើង ព្រម​ទាំង​មនុស្ស​ជាច្រើន​នៅ​ស្រឡាញ់​កូន នឹង​​រង់​ចាំ​ផ្លូវ​កូន​ត្រឡប់​មក​វិញ ពេញ​ដោយ លក្ខណសម្បត្តិ​ជា​កូនប្រុស ដ៏​ថ្លៃថ្នូរ ជាសរ​សរ​ទ្រូង​គ្រួសារ ជា​កូន​ល្អ ជា​បង​ល្អ ជា​ប្ដី​ល្អ នឹង​ជា ឪពុក​ល្អ ណា៎​កូន​ណា៎!!! Happy ​birthday son. I love you»៕

Advertisement