កាន់តែកៀកហើយ!! រួសរាន់..មហោស្រពភាពយន្តខ្លីចតុមុខ ជិតដល់ថ្ងៃឈប់ទទួលវីដេអូភាពយន្ដហើយ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មហោស្រពភាពយន្តខ្លីចតុមុខ ដែលបង្ហោះជាផ្លូវការប៉ុន្មានថ្ងៃមុននេះ បានប្រកាសឱ្យដឹងថា ដោយសារបញ្ហាកូវីដ19នៅកម្ពុជា ធ្វើឲ្យមហោស្រពភាពយន្តខ្លីចតុមុខ2020 សម្រេចពន្យាពេលទទួលរឿងប្រកួតរហូតដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ ជំនួសឱ្យកាលបរិច្ឆេទចាស់ដែលបានកំណត់។

តាមការបញ្ជាក់របស់លោក គាំ វុត្ថា តំណាងអ្នករៀបចំមហោស្រពភាពយន្តខ្លីចតុមុខ2020 មូលហេតុដែលក្រុមការងារនៅបន្តទទួលរឿងប្រកួតបែបនេះ មិនមែនដោយសាររឿងដែលទទួលបានតាមការកំណត់មានចំនួនតិចនោះទេ តែនេះជាសំណូមពររបស់អ្នកមានបំណងដាក់រឿងចូលប្រកួត តែយឺតយ៉ាវការផលិតដោយសារការត្បាតនៃវីរ៉ុសកូ19។

លោកឱ្យដឹងបន្ថែមថា ទោះនៅបន្តទទួលរឿងប្រកួត តែការរៀបចំមហោស្រពភាពយន្តខ្លីចតុមុខ2020 លើកទី9 នៅតែប្រារព្ធឡើងតាមការគ្រោងដដែរ តែរៀបចំនៅទីតាំងណានោះ ក្រុមការងារមិនទាន់អាចបញ្ជាក់បាននៅឡើយ។ បើប្រៀបទៅនិងឆ្នាំ2019 ចំនួនរឿងដែលដាក់ចូលប្រកួតឆ្នាំនេះមានការថមថយប្រមាណ30ទៅ40%។ តែទោះយ៉ាងនេះក្តី តាមគម្រោងមហោស្រពភាពយន្តខ្លីចតុមុខ2020នឹងលេចរូបរាងឡើងនៅអំឡុង ខែ កញ្ញា ឆ្នាំ2020ខាងមុខនេះ។

នេះចាត់ទុកជាដំណឹងល្អមួយសម្រាប់អ្នកមានបំណងដាក់រឿងដែលខ្លួនផលិត ដើម្បីចូលប្រកួតមហោស្រពភាពយន្តខ្លីចតុមុខ2020។ រួសរាន់ឡើង! ប្រញាប់ដាក់ពាក្យតាមរយៈ www.filmfreeway.com/csff ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងប្រអប់សារ ឬ [email protected] ឬទូរស័ព្ទទៅលេខ: 016689190

Advertisement