ខៀវ សានសាណា បង្ហោះសាររំឮកអនុស្សាវរីយ៍កាល ៧ ឆ្នាំមុន ពពោះកូនប្រុសដំបូង

ភ្នំពេញៈ ការ​បង្ហោះ​​រូប​ថត​ថ្នាក់​ថ្នម​ និង​ថែប​ថែ​​កូន​ប្រុស​ច្បង​ខ្លួន ដែល​​សល់​ពី​ចំណង​ស្នេហ៍​​​ស្វា​មី​​ទី​ ១ របស់​​​ពិធី​ការិនី​ទូរទស្សន៍​ ដែល​ចេះ​ភាសា​អង់គ្លេស​ជ្រៅ​ជ្រះ​ ស្ទាត់​ជំនាញ និង​សម្បូរ​​​​វោហារ​​​​​​មិន​ចាញ់​​តារា​កំប្លែង អ្នកនាង ខៀវ សានសាណា ក៏​បង្ក​ការ​​​ងឿង​ឆ្ងល់​​ពេញ​បណ្តាញ​​​​សង្គម​​​យ៉ាង​ខ្លាំង​ ក៏បាន​​ព្រលយ​ចេញ​ជា​ពាក្យ​ចចាម​អារាម​សង្ស័យ​ថា ​ទំនងជា​អ្នក​នាង​​មាន​​​​ក្តី​​ប្រាថ្នា​ចង់​​​​បាន​បុត្រ​​ជាមួយ​នឹង​ស្វាមី​ទី ​២​ ទៀត​ទេ​ដឹង​?

ពិធី​ការិនី​កូន ​២​​ សម្រស់​នៅ​តែ​ស្រស់​ស្អាត​ អ្នកនាង ខៀវ សានសាណា ​ក៏​​ច្រាន​ចោល​ភ្លាម​តែ​​ម្តង​ទៅ​នឹង​​ចម្ងល់​របស់​​មហាជន​ដែល​​ថា នាង​កំពុង​តែ​ត្រៀម​ចិត្ត​កាយ​ព​ពោះ​ជូន​ស្វាមី​ទី​ ២​ ជន​ជាតិ​​អូស្ត្រាលី​លោក Seraj Sutton ​ដែរ​ថា៖ «នៅ​មិន​ទាន់​មាន​គម្រោង​ដូច្នោះ​ នៅ​ឡើយ​នោះ​ទេ​!​ សព្វ​​ថ្ងៃនេះ​​​ពួក​យើង​​រវល់​ខ្លាំង​ណាស់​នឹង​ការ​ងារ​រៀង​ខ្លួន​​ ដូច្នេះ​​ត្រូវ​រង់​ចាំ​មើល​មួយ​រយៈ​​សិន​»។ ពិធីការិនី​​ល្បី​ប្រចាំ​​ទូរទស្សន៍ My TV និង ​CTN អ្នកនាង ខៀវ សានសាណា នា​ពេល​មួយ​រយៈ​ក្រោយ​​នេះ គេ​សង្កេត​ឃើញ​នាង​ច្រើ​នតែ​កាន់​កម្ម​វិធី​កម្សាន្ត​របស់​​ក្មេង​ៗ​រួម​មាន​ដូច​ជា​កម្ម​វិធី ​Bet Your Baby ជា​ដើម​នៅ​ CTN ដូច្នេះ​ហើយ​បាន​ជា​នាង​ងាក​មក​នឹក​ឃើញ​រើស​រើ​រូប​ថត​កូន​ប្រុស​ច្បង​មក​​បង្ហោះ​រំឮក​អនុស្សាវរីយ៍​ពេញ​បណ្តាញ​សង្គម​នោះ។

អ្នក​នាង ខៀវ សានសាណា ក៏​បាន​បក​ស្រាយ​នូវ​សារ ​ដែល​នាង​បាន​ប​ង្ហោះ​​​ជា​ភាសា​អង់គ្លេស​​មួយ​​ឃ្លានោះ​ថា៖ «​ អស់ពេល ៧ ឬ ៨​ ឆ្នាំ​ កន្លង​​ផុតមក​​ហើយ ដែល​ខ្ញុំ​បានសម្រាល​កូន​ប្រុស​ដំបូង​។​ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើសយក​គាត់​ សុខ​ចិត្ត​ចោល​ទ្រព្យ​ធន​​នានា​ ដែល​បាន​ពី​ការ​ងារ​​​​កំពុង​តែ​មាន​រាសី​ឡើង​ និង​​ចោល​​អ្នក​ស្គាល់​ទាំង​ឡាយពីកាល​​មុន​។ ​ពេល​នោះ​ពិតជា​​ពិបាក​សម្រេច​​​​​​ចិត្ត​​បំផុត​សម្រាប់​ខ្ញុំ​។ តែ​ពេល​នេះ នាង​ខ្ញុំ​គិត​ថា ​ជា​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ជីវិត​​​ខ្លួន​​​​​ឯង។ ជា​ពិសេស​​ នា​​ពេល​​យើង​បាន​រៀបការ​ ហើយ​មាន​កូន​​​ដំបូង​ ក៏​សម្រេច​ចិត្ត​តាម​ស្វាមី​ និង​​ជ្រើស​រើស​ផ្លូវ​រក្សា​​ទុកកូន​ ដោយ​​សុខ​ចិត្ត​​​លះ​បង់​ចោល​ការងារ​ដែល​ខ្លួន​ស្រឡាញ់»។

ពិធី​ការិនី​​ដែល​សម្បូរ​​​វោហារ​ ចេះ​បត់​បែន​តាម​ស្ថាន​ភាព​ នៃ​កម្ម​វិធី​រូប​នេះ​បាន​​បន្ត​ថា៖ «ជាមួយ​គ្នា​​នេះ​ដែរ នាង​​ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក ​នូវ​សារ​ដាស់​ស្មារតី​មួយ​ចំណែក​តូច​នេះ ​ទៅ​ដល់​ស្រ្តី​ទាំង​ឡាយ​ដែល​​​​មាន​​វ័យ​ស្របាលៗ​​នឹង​ខ្ញុំ​កាល​ពី ​៨​ ឆ្នាំ​មុន ​ជា​ស្ថាន​ភាព​ពិបាក​ប្រហាក់​ប្រហែល​គ្នា នៅ​​ក្នុង​​ការ​​​​សម្រេច​​​​ចិត្ត​​​ព្រោះ​​តែ​មាន​វ័យ​ខ្ចី​គំនិត​។ ជា​ពិសេស​នោះ នៅ​ពេល​ស្រ្តី​យើង​មាន​កូន​ដំបូង សុំ​កុំ​សម្រេច​​ចិត្ត​ខុស​ដោយ​​មិន​ព្រម​​រក្សា​ទុក្ខ​នូវ​សាច់​ឈាម​របស់​ខ្លួន​អី។ ​ដូចជា​រូប​ខ្ញុំ​អ៊ីចឹង បាន​សម្រេច​​ចិត្ត​រក្សា​​កូន​​ប្រុស​ច្បង​ Samuel Elson Bowser ឥឡូវនេះ​ ​ខ្ញុំ​បាន​ចង់​ចាំ​ថ្ងៃ​កំណើត​របស់​គេ​ ហើយក៏​សប្បាយ​ចិត្ត​ក្នុង​នាម​ជា​ម្តាយ​មួយ​ដែល​រូប​ស្រឡាញ់​កូន​»។​​​ យ៉ាងណា​មិញ ពិធី​ការិនី​ដែល​ល្បី​ទាំង​ការងារ​លើ​ឆាក និងបាន​​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​ទាំង​លើ​ខ្សែជីវិត​គូ​របស់​នាង​ដែរ​​នោះ អ្នកនាង ខៀវ សានសាណា ក៏​បាន​សំណូម​ពរ​​ដល់​ស្រ្តី​គ្រប់​រូប​ដែល​​​​​បាន​សម្រេច​​ចិត្ត​រៀបការ​រួច​ហើយ ក៏​ត្រូវ​​​ត្រៀម​ចិត្ត​ទទួល​យក​នូវ​​​ការ​គិត​ដ៏​​ត្រឹម​ត្រូវ​ និងមាន​ស្មារតី​​​រឹង​​មាំ​​របស់​ខ្លួន​​ផង​​ដែរ៕

 

Advertisement