ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ចូលរួមគោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ​ព្រឹទ្ធាចារ្យ ឈិន ឈាង

នៅរសៀលថ្ងៃទី31 ខែឧសភា ឆ្នាំ2020នេះ តារាសិល្បៈមួយក្រុមបានចូលរួមគោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង ដែល​បាន​លាចាក​លោក​នា​ពេល​កន្លងមក។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរបានបញ្ជាក់​ដូច្នេះ​ថា «ថ្ងៃនេះ​នាង​ខ្ញុំ និង សមាជិកសមាគម​សិល្ប​ករ​ខ្មែរ បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ ផ្នែក​ចម្រៀង​អា​យ៉ៃ គឺ​លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង ដែល​ព្រឹទ្ធាចារ្យ​បាន​ទទួល​មរណភាព​នៅ​រសៀល​ម៉ោង3​និង​45នាទី​កាលពី​ម្សិលមិញ នៅ​គេហដ្ឋាន​របស់​លោក​គ្រូ ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ទី2 ខណ្ឌទួលគោក ខាងក្រោយ​វត្ត​នាគ​វ័​ន្ត​។​សូម​ដួង​វិញ្ញាណក្ខន្ធ​លោកគ្រូ​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​អាក់ខាន​ឡើយ»។

សូមជម្រាបបញ្ជាក់​ថា វីរ​សិល្បករ ​ផ្នែក​ចម្រៀង​អាយ៉ៃ លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង បាន​ទទួល​មរណភាព​ កាលពី​ថ្ងៃ​ទី29 ខែ​ឧសភា ឆ្នាំ2020 វេលា​ម៉ោង​3និង45នាទី​រសៀល​ ក្នុង​ជន្មាយុ​អាយុ​75ឆ្នាំ ដោយសារ​ជំងឺ​គាប​សរសៃឈាម​ក្នុង​ខួរក្បាល។ ជំងឺ​មួយ​នេះ កើត​មាន​លើ​​​រូប​លោក​ព្រឹទ្ធាចារ្យ​រយៈពេល​18ឆ្នាំ​ហើយ មើល​មិន​ជា​សះស្បើយ​សោះ​ ដោយ​គ្រួសារ​​​​​​​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រមទាំង​មន្ទីរពេទ្យ​ល្បីៗ​នៅ​កម្ពុជា​ជាច្រើន​ទៀត ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់លោក​ហាក់នៅតែ​មិន​ប្រសើរ​។ ក្រោយមក ​សាច់ញាតិ សម្រេច​ទុក​រូបលោក​ថែទាំ​នៅផ្ទះ​ ​​ស្ថិតនៅ​ក្បែរ​វត្ត​នាគ​វ័​ន្ដ ក្នុង​សង្កាត់​បឹងកក់2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ រហូត​ទទួល​មរណភាព​តែម្ដង។ លោក ឈិន ឈៀង និង​ភរិយា គឺ​អ្នកស្រី អ៊ុក សូ​ផា បាន​ក្លាយជា​គ្រូ និង​អ្នកចម្រៀង​ច្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​ទាំងពីរ​នាក់​តាំងពី​អំឡុង​ឆ្នាំ​1979៕

Advertisement