ខៀវ ប៊ុនលាភ៖ បទ «ពុកខ្ញុំពិធីករ» សូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបង អ៉ិត សេដ្ឋា

ខៀវ ប៊ុនលាភ ដែលទស្សនិកជនធ្លាប់បានឃើញការសម្ដែងតាមរយៈរឿងជាច្រើនពិសេស រឿង «រនាំងវណ្ណៈ» នោះ ថ្មីៗនេះលោកប្រាប់ថា លោកនឹងបង្ហាញវត្ដមានក្នុងអាជីពជាតារាចម្រៀងព្រមជាមួយបទថ្មីដំបូងគេផងដែរ។

ជាមួយនឹងការវិវឌ្ឍខ្លួនទៅជាតារាចម្រៀងត្រូវបានលោក ខៀវ ប៊ុនលាភ បញ្ជាក់ថា បើទោះជាលោកមិនមែនជាតារាសម្ដែងមានឈ្មោះបោះសំឡេងខ្លាំងក្លាក៏ពិតមែន ប៉ុន្ដែក្រោយពីសម្ដែងអស់រយៈពេលច្រើនឆ្នាំមក លោកក៏ទទួលបានការគាំទ្រច្រើនពីមហាជនដែរ។ ដូច្នេះទើបធ្វើឱ្យលោកមានគំនិតចង់អភិវឌ្ឍខ្លួនបន្ថែមទៀត ខណៈសមត្ថភាពនៃការច្រៀងរបស់លោកក៏អាចឈានទៅប្រដំប្រសងនឹងតារាចម្រៀងមួយចំនួនដែរ។ លោកបញ្ជាក់ថា៖ «បច្ចុប្បន្នខ្ញុំក៏រវល់ជាមួយអាជីពសម្ដែងច្រើន ក្រោយពីបានថតបញ្ចប់រឿងជាច្រើនមក ថ្មីៗនេះខ្ញុំទទួលបាន4រឿងបន្ថែមទៀតអាចនឹងធ្វើឱ្យខ្ញុំពិបាកបែងចែកពេលវេលាបន្តិច តែដោយសារតែស្រឡាញ់ និងចង់សាកល្បងសមត្ថភាពរបស់ខ្លួនផងនោះ ទើបខ្ញុំសម្រេចចិត្ដចាប់យកអាជីពចម្រៀងមួយទៀត»។

តារាសម្ដែងរូបនេះបន្ដថា ប្រសិនបើគ្មានការតាំងចិត្ដទេ លោកក៏មិនតស៊ូជាមួយអាជីពចម្រៀងដែរ ព្រោះការងារសម្ដែងធ្វើឱ្យលោកមានការនឿយហត់ខ្លាំងទៅហើយ តែយ៉ាងណាក៏លោកត្រូវតែចំណាយពេលធ្វើការហ្វឹកហាត់សំឡេង និងក្បាច់រាំជាច្រើនទៀតដែរ។ ជាមួយនឹងការខំប្រឹងប្រែងនេះលោកអះអាងថា៖ «នៅពាក់កណ្ដាលខែសីហាឆ្នាំនេះ លោកនឹងចេញបទចម្រៀងមួយបទមានចំណងជើងថា «ពុកខ្ញុំពិធីករ» បទនេះនិពន្ធឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបងប្រុសអ៉ិត សេដ្ឋា បន្ទាប់ពីមានព្រឹត្ដិការណ៍កើតឡើងជាច្រើនជុំវិញការស្លាប់របស់គាត់ដែលវាបានដក់នៅក្នុងអារម្មណ៍ខ្ញុំ។ ក្នុងនោះយើងបានលើកពីវីរភាពនៃការងាររបស់គាត់ពិសេសការប្រឹងប្រែងបីបាច់ថែរក្សាក្រុមគ្រួសារទាំងមូល»។

លោក ខៀវ ប៊ុនលាភ បានសម្ដែងនូវក្ដីរំពឹងថា បទនេះនឹងទទួលបានការគាំទ្រច្រើន ខណៈប្រជាជនកម្ពុជាជាច្រើន ពិសេសតារាសិល្បៈទាំងអស់ហាក់មិនទាន់បំភ្លេចឈ្មោះលោកអ៊ិត សេដ្ឋា ចេញពីក្នុងចិត្ដរបស់ពួកគាត់នៅឡើយ។ គួរបញ្ជាក់ថា ខៀវ ប៊ុនលាភ ជាតារាសម្ដែងមានភាពអត់ធ្មត់ជាមួយនឹងការសម្ដែងជាខ្លាំង ខណៈលោកមកពីខេត្ដចូលប្រឡូកសិល្បៈទាំងមានការខ្វះខាតជីវភាពជាខ្លាំងក៏ដោយ។

លោកបញ្ជាក់ថា៖ «អ្វីដែលមានសព្វថ្ងៃនេះគឺកើតចេញពីការផ្ដល់កម្លាំងចិត្ដរបស់ម្ដាយខ្ញុំដែលតែងតែជំរុញថា ប្រសិនបើកូនចង់ធ្វើអ្វីមួយកូនត្រូវតែជឿជាក់ និងដើរទៅមុខដោយពុំចាំបាច់ភ័យខ្លាចជាមួយអ្វីទេ ខណៈដែលគាត់ត្រឹមតែជាស្រ្ដីម្នាក់លក់ចេកចៀនចិញ្ចឹមកូនតែប៉ុណ្ណោះ។ ពាក្យសំដីទាំងនេះហើយដែលធ្វើឱ្យខ្ញុំអាចដើរមកដល់ចំណុចដូចសព្វថ្ងៃនេះ»៕

Advertisement