លាង ឧត្ដម ចែករំលែកបទពិសោធដល់តារាសិល្បៈស្រករក្រោយ

លោក លាង ឧត្ដម ជាតារាសិល្បៈដែលបានឈរជើងលើអាជីពសម្តែងអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់លោកទើបតែលោតឡើងប្រហែលជា3ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ ជាមួយប្រជាប្រិយភាពដែលកំពុងតែទទួលបាននេះ ត្រូវបានលោកបញ្ជាក់ប្រាប់ថា វាមិនមែនជារឿងចៃដន្យទេដែលលោកបានឈានមកដល់ដំណាក់កាលនេះ។

ជុំវិញបទពិសោធក្នុងអាជីពសិល្បៈត្រូវបានលោក លាង ឧត្ដម ប្រាប់ថា អ្វីដែលជំរុញឱ្យលោកទទួលបានការងារ និងការគោរពស្រឡាញ់ពីអ្នកដឹកនាំរឿងជាច្រើននោះ ព្រោះតែលោកមានការតាំងចិត្ដ និងបានដាក់កំហិតខ្លួនឯងឱ្យត្រូវតែអនុវត្ដនូវកិច្ចការ និងវិន័យមួយចំនួន។ លោកបន្ដថា៖ « ក្រៅពីខ្ញុំមានទេពកោសល្យសម្ដែងបែបធម្មជាតិហើយ ខ្ញុំតែងគោរពម៉ោងពេល និងវេលាការងារមិនដែលធ្វើឱ្យអ្នករួមការងារលំបាកដោយសារខ្ញុំឡើយ។ ការប្រាស្រ័យទាក់ទងល្អជាមួយក្រុមការងារ យើងត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ពិសេសនៅពេលដែលខ្ញុំសម្ដែង វាមិនមែនសុទ្ធតែធ្វើបានល្អរហូតនោះទេ ប៉ុន្ដែនៅពេលអ្នកដឹកនាំរឿងពន្យល់ណែនាំ ខ្ញុំទទួលយកដោយក្ដីរីករាយ និងឆាប់ចាប់យកបានអ្វីដែលពួកគាត់ប្រាប់»។

លោក លាង ឧត្ដម បញ្ជាក់ថា លោកចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2006មកម្ល៉េះ ប៉ុន្ដែកាលនោះវិស័យសិល្បៈហាក់នៅទ្រឹង ស្របគ្នាទៅនឹងបទពិសោធ ទេពកោសល្យនៃការសម្ដែងរបស់លោកពេលនោះក៏នៅមានកម្រិត ទើបធ្វើឱ្យលោកពុំទាន់ទទួលបានភាពល្បីល្បាញ។  ក្រោយពីចំណាយពេលក្នុងអាជីពសិល្បៈអស់រយៈពេលជាង10ឆ្នាំមក ពិសេសក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះដែលវិស័យសិល្បៈហាក់មានសកម្មភាពផុសផុលឡើងនោះ ទើបធ្វើឱ្យលោកអាចទទួលបានការងារច្រើន និងទទួលបានប្រជាប្រិយភាពខ្លាំង រហូតធ្វើឱ្យលោកអាចទទួលបានឱកាសសម្ដែងនៅក្នុងរឿងធំៗជាច្រើនបន្ដបន្ទាប់ក្នុងឆ្នាំនេះ។

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានទាំងការគាំទ្រ និងការរិះគន់ទៅលើក្រុមតារា ខណៈពួកគេបានប្រព្រឹត្ដនូវអំពើមិនល្អដែលបានកើតឡើងដំណាលៗគ្នា ជាហេតុធ្វើឱ្យតារាសម្ដែងរូបនេះមានការបារម្ភពីផលប៉ះពាល់ដល់វិស័យសិល្បៈទាំងមូល។

ដូច្នេះទើបលោក លាង ឧត្ដមបានសំណូមពរដល់ទស្សនិកជនថា ប្រសិនបើទស្សនិកជនមិនពេញចិត្ដ ឬស្អប់តារាសិល្បៈណាម្នាក់ សូមស្អប់តែបុគ្គលម្នាក់នោះចុះ កុំស្អប់លើតារាសិល្បៈទាំងអស់អី។ ក្នុងនាមយើងជាតារាសិល្បៈដូចគ្នា ដើម្បីឱ្យទស្សនិកជនស្រឡាញ់ និងផ្តល់ការគាំទ្រមកលើយើង គប្បីយើងទាំងអស់គ្នាគួរតែប្រព្រឹត្ដនូវសកម្មភាព និងទង្វើល្អៗ និងគួរតែប្រឹងប្រែងពង្រឹងទេពកោសល្យ ជំនាញរបស់ខ្លួនឱ្យខ្លាំងឡើងដើម្បីបម្រើអារម្មណ៍របស់ពួកគាត់ឱ្យមានភាពជក់ចិត្ត និងសប្បាយរីករាយ៕

Advertisement