ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 អបអរភាពជោគជ័យរបស់ខ្លួនក្រោយពីថតបញ្ចប់រឿងចំនួន2

បន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 បានផលិតរឿងភាគចំនួន2រឿង គឺរឿង «ចម្ការលាក់ស្នេហ៍» និងរឿង «ជីវិតនាងរចនា» ចប់ជាស្ថាពរហើយនោះ កាលពីថ្ងៃទី29  ខែកក្កដា កន្លងទៅអ្នកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ក៏ដូចជាអ្នកគ្រប់គ្រងការផលិតទាំងអស់បានរៀបចំពិធីជប់លៀងលើកទឹកចិត្ដដល់តារាសម្ដែងគ្រប់ៗគ្នា។

ក្នុងពិធីនេះគេឃើញសង្កេតឃើញថា ក្រុមតារាសម្ដែងនៅក្នុងរឿងទាំងពីរដែលចូលរួមញ៉ាំអាហារនៅភោជនីយដ្ឋានទន្លេបាសាក់ បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដើម្បីជាការអបអរដល់ភាពជោគជ័យរបស់ពួកគេក្រោយបញ្ចប់ការងារសម្ដែងទាំងស្រុង។

មានតារាសម្ដែងជាច្រើនបានលើកឡើងស្រដៀងគ្នាថា គេកម្រឃើញស្ថានីយទូរទស្សន៍ណាដែលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីរៀបចំពិធីជប់លៀងបែបនេះណាស់។ ជាមួយគ្នានេះដែរពួកគេចាត់ទុកថា វាជាការលើកទឹកចិត្ដដល់ក្រុមការងារផលិតដើម្បីឱ្យពួកគេប្រឹងប្រែងធ្វើការងារនៅរឿងក្រោយៗជាបន្ដបន្ទាប់ទៀតឱ្យបានកាន់តែល្អខ្លាំងបន្ថែមទៀត៕

 

 

 

Advertisement