មិនធម្មតាទេ លី ឌីណា បញ្ចេញក្បាច់បាញ់កាំភ្លើងឡើងញាក់សាច់

តួឯកស្រីក្នុងរឿង «ឋានសួគ៌វណ្ណៈ» កញ្ញា លី ឌីណា ដែលទស្សនិកជនស្គាល់ថា ជាតារាស្រគត់ស្រគំនោះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ជាខ្លាំង ខណៈដែលនាងបានបង្ហោះវីដេអូឃ្លីបខ្លីៗ និងរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយដៃមានកាន់កាំភ្លើងបង្ហាញពីចរិតម៉ឺងម៉ាត់។

តាមរយៈវីដេអូនេះ កញ្ញា លី ឌីណា បានស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ដៃកាន់កាំភ្លើងវែង និងខ្លី ហើយអង្គុយបាញ់សំដៅទៅផ្ទាំងស៊ីបដែលហាក់បីដូចជាមានជំនាញខ្លាំងណាស់។ គេមិនបានដឹងថា ក្នុងឃ្លីបនេះនាងចង់បង្ហាញពីអត្តសញ្ញាណជាមន្ត្រីប៉ូលីស ឬយោធា​ ឬយ៉ាងណានោះទេ?  តែយ៉ាងណា  អ្នកគាំទ្ររបស់នាងទាំងអស់មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងនេះ ព្រោះមើលទៅដូចជាអ្នកជំនាញដែលធ្លាប់ប្រើកាំភ្លើងជាយូរមកហើយអ៊ីចឹង។

ទន្ទឹមជាមួយគ្នានេះដែរ កញ្ញា ឌីណា បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “ក្នុងការបាញ់កាំភ្លើងនេះ គឺមានភាពតក់ស្លុតបន្ដិចបន្តួចដែរ តែនេះគ្រាន់តែជាការថតស្ប៉តរូបភាពសម្រាប់ធ្វើប៉ាណូផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ មិនមែនជាការសម្ដែងក្នុងរឿង ឬបន្ថែមអាជីពអ្វីនោះទេ”។ ជាមួយគ្នានោះដែរ កញ្ញា បានបញ្ជាក់ប្រាប់ទៀតថា ទាំងរូបភាពកាំភ្លើងវែង និងកាំភ្លើងខ្លី គឺសុទ្ធសឹងតែជាកាំភ្លើងពិតប្រាកដទាំងអស់ ហើយគេបានកំណត់ឱ្យនាងបាញ់ចំនួន 5 គ្រាប់ ក៏ប៉ុន្ដែនាងបានបាញ់ត្រូវគោលដៅដល់ទៅ 3 គ្រាប់។

ជាចុងក្រោយកញ្ញា លី ឌីណា បានបញ្ជាក់ប្រាប់ផងដែរថា ថ្មីៗនេះ នាងកំពុងទទួលបានការងារសម្តែងថ្មីៗជាច្រើនទៀត គឺកំពុងថតរឿងភាគថ្មីសម្រាប់ស្ថានីយ៍ទូរទស្សន៍ PNN និងកំពុងថតខ្សែភាពយន្ដខ្នាតធំដែលមានចំណងជើងថា «ថាអត់ចូលចិត្តមួយម៉ាត់ទៅ»៕

Advertisement