ខាត់ វ៉ៃហាំង សម្ដែងឡើងដុះស្លែហើយ! ប៉ះតួស្រីថៃធ្វើឯងភ័យបុកពោះ

ខាត់ វ៉ៃហាំង ជាតារាសម្ដែងដែលទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈការសម្ដែងរឿងជាច្រើន  ក្នុងនោះលោកក៏ធ្លាប់បានសម្ដែងជាមួយតារាបរទេសផងដែរ។ ទោះបីជាយ៉ាងនេះក្ដី វ៉ៃ ហាំង បានសម្ដែងនូវការបារម្ភ ខណៈផលិតកម្មមហាហង្សបានតម្រូវឱ្យលោកចាប់ដៃគូសម្ដែងជាមួយតារាថៃក្នុងរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»។

លោក ខាត់ វ៉ៃហាំង បានប្រាប់ថា លោកពិតជាមានអារម្មណ៍រីករាយជាខ្លាំង ខណៈបានសម្ដែងរួមគ្នាជាមួយតារាស្រីថៃ ប៉ុន្ដែលោកក៏មានការបារម្ភតិចៗដែរក្រោយពីទទួលការងារនេះ  ព្រោះមិនដឹងថា នឹងអាចធ្វើបានល្អប៉ុនណាឡើយ?។ តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «កន្លងមកខ្ញុំធ្លាប់សម្ដែងរឿងជាមួយតារាបរទេសខ្លះដែរ ដូចជារឿងសង្គ្រាមបងប្អូនជាដើម ខ្ញុំធ្វើបានល្អ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េច?ក្រោយពីដឹងថា ខ្ញុំ​ត្រូវសម្ដែងជាមួយតារាស្រីថៃកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ខ្ញុំពិតជាបារម្ភមែនទែន  មិនដឹងថា មកពីអ្វីទេ?  និយាយទៅអារម្មណ៍របស់ខ្ញុំសប្បាយ ក៏សប្បាយ! ភ័យ ក៏ភ័យ»។

 

ជាមួយក្ដីបារម្ភនេះត្រូវបានគេលើកឡើងថា ប្រហែលជាលោក ខាត់ វ៉ៃហាំង បារម្ភពីការសម្ដែងឈុតឆាកស្នេហាជាមួយតួស្រីម្នាក់នេះទេដឹង ទើបលោកភ័យអរៗបែបនេះ ព្រោះនៅក្នុងរឿងនេះតម្រូវឱ្យលោកធ្វើជាមគ្គុទេសក៍ទេសចរណ៍(អ្នកនាំផ្លូវ)នាំតួស្រីដើរកម្សាន្ដនៅប្រទេសកម្ពុជា ខណៈតួស្រីត្រូវចាកចេញពីប្រទេសកម្ពុជាជាមួយក្រុមទេសចរណ៍ ប៉ុន្ដែនាងងើបមិនទាន់។

 

ទោះយ៉ាងណាតារាប្រុសម្នាក់នេះបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ថា ត្រូវមានឈុតឆាកអ្វីខ្លះទេ? គ្រាន់តែដឹងថា លោកត្រូវសម្ដែងជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទេសចរណ៍ និងត្រូវនាំតួស្រីដើរកម្សាន្ដ និងមានឈុតឆាកស្និទ្ធស្នាល និងបានសាងអនុស្សាវរីយ៍ជាមួយតួស្រីជាច្រើននៅក្នុងថ្ងៃចូលឆ្នាំនៅក្នុងប្រទេសកម្ពុជា។ លោកបន្ដថា មូលហេតុលោកជាប់ក្នុងជម្រើសនៃការសម្ដែងរឿងនេះ គឺដោយសាតែររូបសម្បត្ដិរបស់លោកផង និងលោកអាចប្រើប្រាស់ភាសាថៃ​ និងអង់គ្លេសបាន ព្រមទាំងលោកជាតារាសម្ដែងដែលធ្លាប់មានបទពិសោធសម្ដែងជាមួយតារាបរទេសផងដែរ។  

គួរបញ្ជាក់ថារឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាខ្សែភាពយន្ដខ្នាតធំដែលបានសហការគ្នាជាមួយផលិតកម្មមហាហង្ស និងផលិតករមកពីប្រទេសថៃ និងត្រូវថតនៅក្នុងប្រទេសចំនួន3 គឺកម្ពុជា ថៃ ឡាវ និងត្រូវចំណាយទុនផលិតរង្វង់ 30 ម៉ឺនដុល្លារ៕

Advertisement