តារាចម្រៀងក្រុមគ្រួសារ ឆាយ វិរៈយុទ្ធ និង ព្រាប សុវត្ថិ ជួបទុក្ខក្រៀមក្រំបាត់បង់ជីដូនក្នុងជន្មាយុ105ឆ្នាំ

កាលពីថ្ងៃទី5 ខែឧសភា ឆ្នាំ2020 នេះ មហាជនជាច្រើនបានទទួលដំណឹងថា លោកយាយរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានទទួលមរណភាពដោយជរាពាធ ខណៈដែលកាលនៅមានព្រះជន្ម លោកយាយគឺមានសភាពចាស់ជរា វង្វេងខ្លាំងទៀតផង។

ដំណឹងមរណភាពលោកយាយរបស់ តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន និងមិត្តសិល្បៈជាច្រើន មានការសោកស្ដាយ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះផងដែរ។ ស្របគ្នានេះដែរ គេបានដឹងថា ឧបាសិកា វ៉ា បុប្ផា បានមរណភាពខាងលើនេះក៏ជាជីដូនបង្កើតរបស់តារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលត្រូវជាសាច់ញាតិខាងប្រពន្ធតារាចម្រៀង ព្រាប សុវត្ថិ គឺអ្នកស្រី ឡុង ស្រីមុំ ត្រូវជាបងប្អូនជីដូនមួយបង្កើតហ្នឹងគ្នា។ លោក ឆាយ វិរៈយុទ្ធ បានបង្ហោះសាររៀបរាប់ប្រាប់មហាជនឱ្យដឹងថា « លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ (105ឆ្នាំ ) ថ្ងៃអង្គារ 15 កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស 2563 ត្រូវនឹងថ្ងៃទី5 ខែឧសភា ឆ្នាំ2020 វេលាម៉ោង 4: 42នាទី រសៀល។ សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅស្រុកកំណើត ភូមិពោធិសាលា2 ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយនិងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ🙏🙏🙏 »។

យ៉ាងណាមិញនៅលើអ៊ីនស្តាក្រាមរបស់កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ គឺតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ បានបង្ហោះនូវរូបភាព បង្ហាញពីទិដ្ឋភាព ពិធីបុណ្យសពរបស់លោកយាយទួតរបស់ខ្លួន ភ្ជាប់ជាមួយនឹងពាក្យពេចន៍រំលែកទុក្ខ និងបួងសួងឱ្យវិញ្ញាណក្ខន្ធយាយទួតរបស់ខ្លួន បានទៅកាន់សុគតិភព។ ក្រោយពីបានជ្រាប ពីដំណឹងដ៏សោកសៅមួយនេះ អ្នកគាំទ្រព្រមទាំងមិត្តៗជាច្រើន បានផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារ របស់លោក គ្រប់ៗគ្នាផងដែរ៕

Advertisement