សូរ្យ អេនណា៖ គណៈកម្មការមិនអាចធ្វើរឿងអយុត្ដិធម៌បានទេ ព្រោះជាមុខមាត់ប្រទេសជាតិ

ខណៈកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួតកញ្ញាឯក Miss Global 2017នាខែវិច្ឆិកាខាងមុខនេះ កញ្ញាសូរ្យ អេនណា អតីតបេក្ខភាព Miss Global 2016 បានសម្ដែងនូវមោទនភាព និងការជឿជាក់ចំពោះការជ្រើសរើសបេក្ខនារីតំណាងឱ្យកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខនារីមកពី80ប្រទេសផ្សេងទៀត។

កញ្ញា សូរ្យ អេនណា បានលើកឡើងថា នាងពិតមានមោទនភាពណាស់ខណៈកម្ពុជាមានឱកាសបានធ្វើជាម្ចាស់ផ្ទះ ព្រោះក្រោយពីនាងបានចូលរួមប្រកួតនៅបរទេសកាលពីឆ្នាំ2016មក នាងយល់ថា កម្មវិធីនេះជាការប្រកួតបវរកញ្ញាលក្ខណៈពិភពលោក និង Professional។ ម្យ៉ាងវាជាឱកាសក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាទៅកាន់ឆាកអន្ដរជាតិក្រោយពីបេក្ខភាពទាំងអស់មកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល18 ថ្ងៃ និងធ្វើសកម្មភាពមនុស្សធម៌ និងសកម្មភាពជាច្រើនទៀត។

តារាសម្ដែងរូបនេះជាបញ្ជាក់ថា ចំពោះការរៀបចំកម្មវិធីនេះនាងជឿថា គណៈកម្មការដែលនឹងត្រូវជ្រើសរើសបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ចូលរួមការប្រកួតប្រជែងជាមួយបេក្ខនារីមកពីបរទេសនេះ នឹងធ្វើឡើងដោយភាពយុត្ដិធម៌បំផុត។ នាងសង្កត់ធ្ងន់ថា៖ «បេក្ខនារីដែលត្រូវជ្រើសរើស គឺត្រូវមានសមត្ថភាពខ្ពស់ ចំណេះដឹងច្បាស់ ព្រោះត្រូវឆ្លងកាត់វគ្គជម្រុះ និងឧបសគ្គច្រើន។

ម្យ៉ាងកម្មវិធីនេះវាជាមុខមាត់របស់ប្រទេសជាតិបើគាត់ចេះតែជ្រើសរើសមនុស្សគ្មានចំណេះដឹង វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ តែខ្ញុំជឿថា មិនអាចធ្វើអំពើអយុត្ដិធម៌ទៅរួចទេ ខ្ញុំមើលទៅពួកគាត់សុក្រឹតខ្លាំងណាស់»។

សូរ្យ អេនណា បន្ដថា សូម្បីតែកាលពីពេលជ្រើសរើសនាងជាបេក្ខភាពចេញទៅប្រកួតនៅក្រៅប្រទេសកាលពីឆ្នាំ2016នោះ ក៏ត្រូវបានជ្រើសរើសដោយ National Director មកពីសហរដ្ឋអាមេរិកដែរ ដោយគាត់សំអាងទៅលើចំណេះដឹងទូទៅ និងបទពិសោធធ្លាប់ចេញទៅក្រៅប្រទេសរបស់គាត់។ ទោះយ៉ាងណានាងទទួលស្គាល់ថា សមត្ថភាពរបស់យុវតីកម្ពុជាបច្ចុប្បន្នពិតជាអាចចួលប្រកួតប្រជែងជាមួយបេក្ខភាពមកពីបរទេសបានតាមរយៈរូបសម្ផស្ស និងចំណេះដឹងដែលពួកគេមាន៕

Advertisement