អ្នកស្រី សុគន្ធី៖ នីឡា និងកូនប្រុសខ្ញុំគ្មានផ្លូវបែកគ្នាទេ

ក្រោយពីកញ្ញា វ៉ាន់ នីឡា តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និង CNC បានភ្ជាប់ពាក្យ ជាមួយកូនប្រុសថៅកែល្ខោន ភី សុគន្ធី អស់រយៈពេលជាច្រើនឆ្នាំមក ថ្មីៗនេះមានលេចឮថា អ្នកទាំងពីរមានជម្លោះនឹងគ្នា និងឈានទៅដល់ការបែកបាក់ថែមទៀតផង។

ដំណឹងនេះកើតឡើងក្រោយពីគេបានឃើញថា គូដណ្តឹង និងកញ្ញា វ៉ាន់ នីឡា បានបង្ហោះសារឆ្លើយឆ្លងគ្នាលើបណ្តាញសង្គមហ្វេសប៊ុកដែលបង្ហាញពីចំណុចអវិជ្ជមានដែលនាំឱ្យឈានទៅរកការបែកបាក់។ អ្នកស្រី សុគន្ធី ជាម្ដាយរបស់ខាងប្រុស បានលើកឡើងថា ស្នេហាអ្នកទាំងពីរគ្មានអ្វីប្រែប្រួលទេ ពោលពួកគេនៅតែស្រឡាញ់គ្នាដូចដើម។ ទោះយ៉ាងណាអ្នកស្រីទទួលស្គាល់ថា ពួកគេទាំងពីរពិតជាមានរឿងហេតុកើតឡើងជាមួយគ្នាមែន ដែលរឿងនោះកើតចេញពីក្ដីប្រចណ្ឌរបស់កូនប្រុសអ្នកស្រីហួសហេតុពេក សូម្បីតែអ្នកស្រីក៏ពុំគាំទ្រដែរ។

ម្ចាស់វង់ល្ខោន ភី សុគន្ធី បញ្ជាក់ថា៖ «ខ្ញុំមិនដែលកាន់ជើងកូនប្រុសខ្ញុំទេប្អូន មានតែខ្ញុំនិយាយឱ្យកូនស្រីពង្រឹងស្មារតីកុំធ្វើចិត្ដទន់ដើម្បីឱ្យកូនប្រុសខ្ញុំដឹងខ្លួនម្ដង ព្រោះខ្ញុំគិតថា ស្រីជាភេទទន់ខ្សោយ ម្យ៉ាងកូនខ្ញុំក៏ប្រចណ្ឌជ្រុលបន្ដិចដែរ តែយ៉ាងណាវាកើតឡើងដោយសារតែការស្រឡាញ់ជ្រុលពេកហ្នឹងឯង។ យើងដឹងហើយស្នេហាក្មេងៗសម័យឥឡូវ ស្រឡាញ់ខ្លាំង ប្រចណ្ឌខ្លាំង។ ទោះយ៉ាងណាខ្ញុំបានណែនាំកូនទៅហើយថា បើកូនស្រឡាញ់គ្នា ក្នុងនាមនីឡាជាអ្នកសិល្បៈ កូនត្រូវបើកចិត្ដឱ្យទូលាយ ព្រោះម្ដាយក៏ជាអ្នកសិល្បៈដែរ»។ អ្នកស្រីបន្ដថា ក្រោយពីពន្យល់ណែនាំហើយ កូនប្រុសអ្នកស្រីក៏ឯកភាពតាមយោបល់អ្នកស្រី ។ ពិសេសអ្នកស្រីក៏បានជួបពិភាក្សាជាមួយដន្លងដើម្បីនិយាយសម្របសម្រួលជាមួយពួកគេរួចហើយដែរ។ បច្ចុប្បន្នពួកគេឆាតទៅរកគ្នា សួរសុខទុក្ខគ្នាទៅមក អ្វីៗវិលមករកធាតុដើមវិញហើយ។

ជាមួយគ្នានេះដែរ អ្នកស្រីភី សុគន្ធី បញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាឪពុកម្ដាយខ្ញុំហ៊ានអះអាងថា ពួកគេមិនអាចឈានទៅដល់ការបែកបាក់គ្នាទេ ព្រោះបញ្ហាកើតឡើងដោយសារតែចិត្ដស្រឡាញ់គ្នាជ្រុលពេកតែប៉ុណ្ណោះ។ ម្យ៉ាងខ្ញុំនឹងដន្លងស្រឡាញ់គ្នាណាស់ ចាស់ៗមិនបណ្ដោយឱ្យរឿងនោះកើតឡើងបានទេ»។ ដើម្បីឱ្យកាន់តែជាក់ច្បាស់អ្នកស្រីបើកទូលាយ ព្រមទាំងស្វាគមន៍ដល់អ្នកសារព័ត៌មានដែលមានបំណងចង់បានព័ត៌មានអំពីរឿងនេះជាក់ច្បាស់ពីអ្នកស្រី៕

Advertisement