កន្លងទៅ4ឆ្នាំ!! Train to Busan វគ្គ2 វិលមកវិញ រំលេចឈុតឆាកព្រឺសម្បុរ មិនឱ្យអ្នកគាំទ្រខកចិត្ត

បន្ទាប់ពីបាត់មុខ4ឆ្នាំ ពេលនេះ Train to Busan វគ្គ2 រំលេចចំណងជើងថ្មី« PENINSULA » និងបានបញ្ចេញ Official Teaser របស់ខ្លួនហើយ។ Train to Busan វគ្គ2 ខ្សែភាពយន្ត Zombie របស់ប្រទេសកូរ៉េខាងត្បូង ពិតជាមិនធ្វើឱ្យខកចិត្តការគាំទ្រខ្លាំងមែនទែនពីទស្សនិកជនដែលកំពុងទន្ទឹងចាំទស្សនា។

រឿងថ្មីសន្លាងពីវគ្គមុននេះ ដំណាលឡើងបន្ទាប់ពីកើតហេតុការណ៍អាក្រក់ក៏ទទួលបានភាពជោគជ័យឡើងវិញ។ ខណៈដែល Train to Busan ចាក់បញ្ចាំងរួចរាល់ ក៏មានការសំណូមពរពីទស្សនិកជន ជាពិសេសអ្នកគាំទ្រតែម្ដង ដោយពួកគេចង់ឱ្យខាងផលិតកម្មផលិតវគ្គ2 ជាបន្ដមកទៀត។ អ្វីដែលគួរឱ្យរំភើបនោះគឺ អ្នកដឹកនាំរឿង ពុំបានធ្វើឱ្យទស្សនិកជនខកចិត្តនោះឡើយ ដោយថ្ងៃនេះផងដែរខាងផលិតកម្មបានបង្ហោះនូវ Teaser នៃរឿង PENINSULA ។ PENINSULA គឺជារឿងដែលរៀបរាប់ពីរយៈពេល4 ឆ្នាំក្រោយព្រឹត្តិការណ៍នៃរឿង Train to Busan នេះឯង ប៉ុន្តែសាច់រឿងនេះមិនមែនបន្តពី Train to Busan ឡើយ ដោយរឿងនេះគ្រាន់តែស្ដិតនៅក្នុងព្រឹត្តិការណ៍ចក្រវាលជាមួយ Train to Busan តែប៉ុណ្ណោះ។

តាមការអះអាងរបស់អ្នកដឹកនាំរឿង លោក យ៉៉ន សាំងហូ បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានកូរ៉េថា៖ « យើងតាំងចិត្តសាងពិភពលោកមួយក្រោយជួបគ្រោះមហន្ដរាយ ឱ្យពោរពេញទៅដោយអរិយធម៌ដ៏ស្រស់បំព្រង ក្នុងរូបបែបរបស់យើង គឺ PENINSULA ដែលនិទានរឿងរ៉ាវថ្មីសម្លឹងទៅទីធំល្វឹងល្វើយ ចំណាយទុនផលិតអស់ច្រើនជាងមុន។ ដោយភាគដំបូង យើងអាចកើបប្រាក់ចំណេញខ្ពស់ដល់ 92 លានដុល្លារ អ៊ីចឹងហើយ ភាគបន្ទាប់នេះយើងកាន់តែរំពឹងខ្ពស់ ដោយសារយើងសាងភាពយន្ដថ្មី មិនមែនជាហេតុការណ៍កើតក្នុង Train to Busan តែនិទានពីអ្នកដែលរួចជីវិត និងសាងរូបភាពពិភពថ្មីនៃទីក្រុងរលំរលាយ ជាមួយការបង្ហាញមុខតួអង្គថ្មី ក្នុងការសង្គ្រោះពិភពលោកមួយ»។

សូមជម្រាបបញ្ជាក់ថា រឿង« PENINSULA » ឬTrain to Busan វគ្គ2 នេះ ខាងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់បញ្ចាំងនៅអំឡុងខែ សីហា ឆ្នាំ 2020 នេះហើយ ក៏ប៉ុន្ដែ ខណៈពិភពលោកកំពុងតែរងគ្រោះដោយសារវីរ៉ុសកូរូណា19 នេះ ទើបបណ្ដាលឱ្យខាងផលិតកម្ម នៅមិនទាន់អាចបញ្ជាក់ពីថ្ងៃដាក់បញ្ចាំងជាក់លាក់ ពោលគឺ អាស្រ័យលើស្ថានភាពល្អប្រសើរឡើងវិញសិន៕

Advertisement