Yoona សន្យានឹងទៅជួប Lim Si Wan នៅមូលដ្ឋានទ័ពរបស់លោក

តារាសម្ដែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ MBC ដែលមានចំណងជើងថា «The King in Love » បានមករួបរួមគ្នាបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធរឿងថ្មីនេះ រួមមានវត្តមានតារាឯកស្រី Yoona និង តារាឯកប្រុស Lim Si Wan ផងដែរ។

ជាការលាគ្នា តារាឯកប្រុស Lim Si Wan បានតាំងចិត្តប្រមូលផ្ដុំតារាសម្ដែងក្នុងរឿងនេះទាំងអស់ ដើម្បីរៀបចំកម្មវិធីជួបជុំគ្នាមុនមួយថ្ងៃរួចហើយ ហើយថ្ងៃសម្ពោធរឿងនេះគឺជាថ្ងៃចុងក្រោយ មុនពេលដែលលោកត្រូវចូលទៅហ្វឹកហាត់យោធានាពេលខាងមុខឆាប់ៗនេះ។ តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ តារាស្រី Yoona បានផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តជូនតារាឯកប្រុសរូបនេះ ដោយបានសន្យាថា នាងនឹងទៅជួបលោកនៅឯមូលដ្ឋានទ័ពរបស់លោកដោយផ្ទាល់ នៅពេលដែលនាងនឹកលោកខ្លាំង។

នៅក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះបាននិយាយថា «នាងខ្ញុំបាននិយាយទៅកាន់គាត់ (Lim Si Wan ) មួយថ្ងៃមុនពេលគាត់ចូលទៅហ្វឹកហាត់យោធា ដែលនោះគឺជាឱកាសល្អ សម្រាប់ពួកយើងបានជួបជុំគ្នាទាំងអស់គ្នា ក៏ប៉ុន្តែដោយសារតែតារាងការងាររវល់ពេក ទើបខ្ញុំមិនអាចទៅជួបគាត់បានមុនមួយថ្ងៃ មុនពេលគាត់នឹងចាកចេញទៅ។ យ៉ាងណាមិញ គាត់បានប្រាប់ថា គាត់នឹងត្រឡប់មកវិញឆាប់ៗនេះ ហើយខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាទៅជួបគាត់នៅឯមូលដ្ឋានទ័ពជាមួយគ្នាផងដែរ»។

គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះមិនបានបង្ហាញថា នាងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយ Lim Si Wan ក៏ដោយ តែក្ដីបារម្ភ និងអារម្មណ៍នឹកនារបស់នាងនៅតែមិនអាចបិទបាំងពីភ្នែកមជ្ឈដ្ឋានមហាជនបានឡើយ៕

Advertisement