បើកឆាកអាជីពជាអ្នកចម្រៀង!! រុន ណាកូ បញ្ចេញបទទោល២បទភ្លាមៗ

ក្រោយកុងត្រាក្លាយជាតារាចម្រៀងរបស់ក្លាសុិក តារាសម្ដែងលោក រុន ណាកូ ចេញបាន៣បទភ្លាមៗ សម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោកត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះមិនមែនជា Original Song។ ផលិតកម្មក្លាស៊ិកហាក់រំពឹងខ្លាំងថាវត្តមានតារារះថ្មីរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រថ្មី នៅក្នុងផលិតកម្មរបស់ខ្លួននោះផង។

ហក់ចូលសិល្បៈប្រមាណតែជាង១ឆ្នាំប៉ុណ្ណោះ តែតារាសម្ដែងវ័យ២២ឆ្នាំ លោក រុន ណាកូ ត្រូវគេកត់សម្គាល់ថាទទួលបានទីផ្សារច្រើននៅក្នុងវិស័យសម្ដែង និងដើរម៉ូដ។ លោកកាន់តែលេចមុខលេចមាត់ក្រោយមានឱកាសក្លាយជាក្រុមការងាររបស់ផ្ទះតារា និងជាពិធីករក្នុងវីដេអូផ្ទះតារា ដែលជាកម្មវិធីសម្ភាសន៍ដ៏ពេញនិយមរបស់គ្រួសារតារាកម្ពុជា។ នេះក៏អាចជាចលករមួយ ដែលរុញឱ្យលោកឡើងកូដផងដែរ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសឱ្យសម្ដែងជាតួឯកក្នុងរឿង”ដំណក់ទឹកភ្នែក១លានដំណក់” និងផ្ដល់ឱកាសអោយក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថាលោកមានសមត្ថភាពសំលេងល្អ។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បញ្ជាក់ថា លោក រុន ណាកូ មិនត្រឹមតែជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” ដែលមានរូបរាងសង្ហារ និង សម្ដែងបានល្អប៉ុណ្ណោះទេ តែលោកក៏មានសំលេងល្អ មិនចាញ់តារាចម្រៀងអាជីពផងដែរ ទើបលោកសប្បាយចិត្តក្រោយពេលបញ្ចេញបទមេឱ្យច្រៀងចំនួន៣បទសម្រាប់ចូលឆ្នាំ។ លោកថាលោក រុន ណាកូ មានបទផ្ទាល់ខ្លួនចំនួន៣បទ គឺបទ”កណ្ដៀវម៉ែមួយ” បទ”ចាប់យាយ ចាប់តា” ដែលជាបទទោលម្នាក់ឯង និងបទ”ចាប់កណ្ដុរ” ដែលបទច្រៀងរួមគ្នា៣នាក់ លោក បញ្ញា សិទ្ធិ និង លោក ត្រា យ៉ាកូ។

លោក រុន ណាកូ និយាយថាលោកមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និង ខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើបដែល លោក ហួរ សុផល ផ្ដល់ឱកាសឱ្យខ្លួន និង អរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើឱ្យលោកមានទីផ្សារក្រោយពេលក្លាយជាសមាជិក។ យ៉ាងណាមិញ លោកថាសមត្ថភាពខ្លួននៅមានកម្រិតនៅឡើយ ដែលតម្រូវឱ្យលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យទើបបញ្ចប់ការសិក្សារូបនេះប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករ និង ចម្រៀងឱ្យជោគជ័យ ខណៈដែលការសម្ដែង និង ដើរម៉ូដ ក៏នឹងចាប់មិនឱ្យរបូត។

Advertisement