មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំទី៩ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២០នេះហើយ!!! 

(CSFF) ត្រូវបានចាប់បដិសន្ធិឡើង ដើម្បីអបអរដល់ភាពយន្តខ្លីមកពីជុំវិញ​ ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែ មីនានេះ តទៅ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់យុវសមិទ្ធិករយើង ឱ្យបង្ហាញ ទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៩នេះនឹងត្រូវបានរៀបចំដោយ អង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO])។

CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលលេចធ្លោ សម្រាប់ឆ្នាំទី៩នេះ ក្នុងពាក់កណ្តាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៤ប្រភេទដូចតទៅ៖

🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា

🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា

🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក

🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំនេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ ដូចជា «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp), យុទ្ធនាការផ្សព្វផ្សាយតាមសាលា សន្និសីទព័ត៌មាន។

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី៩នេះថ្លែងថា៖ «២០២០ ជាឆ្នាំ ដែលយើងចង់បន្តលើកទឹកចិត្តយុវជនកម្ពុជា ឱ្យចូលរួមចែករំលែករឿងរ៉ាវជីវិត តាមរយៈស្នាដៃភាពយន្តខ្លី។» លោកក៏បន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើង ប្រកាន់យក ពាក្យស្លោក «ប្រាប់រឿងរបស់អ្នកឱ្យយើងដឹងផង» (Bring Along Your Story) សម្រាប់ ឆ្នាំនេះ»

គួរឱ្យរំភើបជាងនេះទៅទៀត គឺឆ្នាំនេះ មហោស្រពមានកិត្តិយសលពីកញ្ញាពីយ៉ា វេហ្គា (Piya Vega) ដែលជាតារ៉ា បង្ហាញម៉ូដ និងសម្តែង ជាទីអារម្មណ៍របស់មហាជនកម្ពុជា ក្នុងការធ្វើជាទូតសុឆន្ទៈ សម្រាប់ ឆ្នាំនេះ។  ជ័យលាភីកម្ពុជា ពី Thailand Digital Awards 2020 ម្នាក់នេះ បានសម្តេងចំណាប់អារម្មណ៍ថា៖  «នាងខ្ញុំធ្លាប់បានចូលរួមកម្មវិធីជំរំភាពយន្តរបស់មហោស្រពកាលពីឆ្នាំ២០១៦ ក្នុងនាមជាតួសម្តែង សម្រាប់សាច់រឿងទាក់ទងនឹងការជួញដូរផ្លូវភេទ។ សម្រាប់ឆ្នាំនេះ នាងខ្ញុំត្រឡប់មកគាំទ្រកម្មវិធីមហោស្រពទាំងមូល ក្នុងន័យផ្តល់កម្លាំងចិត្តដល់ក្រុមការងាររៀបចំយុវសមិទ្ធិករភាពយន្តខ្លីយើង ក៏ដូចជាទស្សនិកជនឱ្យចូលរួមលើកស្ទួយវិស័យភាពយន្តទាំងអស់គ្នា។ ព្រោះថា អនាគត របស់យុវសមិទ្ធិករយើង គឺចាប់ផ្តើមពីភាពយន្តខ្លីនេះហើយ។ »


សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «មុនមេឃភ្លៀង» ដឹកនាំរឿងដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។ រឿងនេះនិយាយពីយុវតី​ជាសិស្សរួមថ្នាក់២រូប ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ រហូត មានម្នាក់ត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺស្នាដៃនេះ ត្រូវបានចាក់បញ្ចាំងនៅមហោស្រពជាដៃគូនៅក្រៅ ស្រុក ដូចជា Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម។  CSFF នឹងប្រារព្ធ Chaktomuk Film Insightដំបូងរបស់ខ្លួន នៅចុងខែមិនានេះ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់យើងខ្ញុំ។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកយើងខ្ញុឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

http://csff.cohttps://www.facebook.com/CSFF.co/

ថតរឿងខ្លីឱ្យបានសប្បាយណា៎ ទាំងអស់គ្នា!

អំពី «ក្រុមភាពយន្តឈូករ័ត្ន»

ក្រុមភាពយន្តឈូករ័ត្ន Sunflower Film​ ​Ailliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយអង្គការភាពយន្តឈូករ័ត្ន – Sunflower Film Organization – SFO ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលស្រលាញ់ជំនាញ ភាពយន្ត អាយុចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការនេះបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ចំេណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាស លេខ ១៣៩៤ ប្រ.ក។

ក្រុមភាពយន្តឈូករ័ត្នវិញបានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ២០១៧ ដែលរួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយចំនួនទៀត។ ទាំងនេះ គឺដោយសារតែមាន ការគាំទ្រពីទស្សនិកជនទូទាំងប្រទេសនិងបានចាប់ដៃសហការគ្នាជាមួយ ស្ថាប័នល្បីៗ មួយចំនួនទៀត។ ក្រុមភាពយន្តឈូករ័ត្ន មាន គោលដៅដ៏ចម្បង គឺចង់អោយមានការយល់ដឹងកាន់តែទូលំ ទូលាយអំពីការផលិតភាពយន្ត ដើម្បីកសាង ឧស្សាហកម្មភាពយន្ត កម្ពុជា ឱ្យរឹងមានដោយយើង ក៏បានសហការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសម្ព័ន្ធមិត្តតាមបណ្តាខេត្ត មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

លោក ម៉ុត គិមរី

ប្រធានផ្នែកទំនាក់ទំនង

លេខដៃ: (+855) 10 23 68 17, (+855) 12 56 86 51

អុីមែល: com@csff.co

Advertisement