កំពូលតារាសម្ដែងល្បីឈ្មោះ Tom Hanks និងភរិយា បានឆ្លងនូវវីរុសCOVID-19

តាមរយៈសារព័ត៌មានកម្សាន្ដបរទេស variety បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា កំពូលតារាសម្ដែងលោក Tom Hanks និង នាង Rita Wilson ជាភរិយា បង្ហោះសារនៅបណ្ដាញអ៊ីនស្ដាក្រាមរបស់ខ្លួនប្រកាសថា អ្នកទាំងពីរបានធ្វើតេស្តឃើញវិជ្ជមានសម្រាប់វីរុស COVID-19។ នេះជាដំបូងហើយដែលតារាសម្ដែងល្បីឈ្មោះ ហ៊ានបង្ហោះនិងផ្សព្វផ្សាយជាសាធារណៈនូវការធ្វើរោគវិនិច្ឆ័យ។

ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេ​ង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.”

អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ បានន័យថាការថតមិនទាន់មានដំណើរការអ្វីឡើយ។ ចំណែកក្រុមហ៊ុនផលិតធំ Warner Bros. ក៏បានសម្តែងការយកចិត្តទុកដាក់ទទួលខុសត្រូវ និងមើលថែអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយមានការសហការណ៍យ៉ាងជិតស្និតជាមួយស្ថាប័នសុខភាពនៅប្រទេស អូស្ត្រាលី។

យ៉ាងណាមិញ Nine Network បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែងស្ថិតនៅក្នុងការយកចិត្តទុកដាក់ខ្ពស់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបានទំនាក់ទំនងយូរជាមួយតារាសម្តែងទាំងពីររូបខាងលើនេះ។

Advertisement