ស្ងាត់ៗ!! រុន ណាកូ​ ចុះកុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក

មិនមែនតែអ្នករាប់អានប៉ុណ្ណោះទេដែលសម្ដែងការភ្ញាក់ផ្អើល សូម្បីតែអ្នកសិល្បៈរួមក្រុមក៏សម្ដែងអារម្មណ៍ស្រឡាំងកាំងមិនតិចដែរ នៅពេលផេកផ្លូវការរបស់ផលិតកម្មក្លាសុិក ធ្វើការបង្ហោះថា តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ច្រើនក្រោយជាប់ពានជាអ្នកគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ បានកុងត្រាពេញសិទ្ធិធ្វើជាតារាចម្រៀង។ ការប្រកាសជាផ្លូវការនេះ បានធ្វើឱ្យមានចំណោទថាតើ លោក រុន ណាកូ មានសមត្ថភាពផ្នែកទឹកដមសំឡេងកម្រិតណា បើទោះកម្មវិធីអ្នកសិល្បៈលោកហាក់កម្របង្ហាញឱ្យដឹងពីសមត្ថភាពផ្នែកច្រៀងនេះផង។ យ៉ាងណាមិញ ទាំងម្ចាស់ផលិតកម្ម និង សាមីខ្លួនអះអាងថា មិនយូរទេនឹងបានស្ដាប់បទផ្លូវការនៅក្នុងផលិតកម្មក្លាសុិក។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសុិកបានថ្លែងបញ្ជាក់ថា លោកបានសម្រិតសម្រាំងបទចម្រៀង យ៉ាងហោច២បទ ឱ្យតារាចំណូលថ្មី គឺលោក រុន ណាកូ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដោយបទរបស់លោក ក៏នឹងចេញជា MV នៅអំឡុងថ្ងៃម្ភៃជាង ក្នុងខែមីនានេះផងដែរ។ លោកថាលោករុន ណាកូ មានសមត្ថភាពសំលេងអាចប្រើការបាន ហើយបើទោះជាមិនពីរោះខ្លាំង តែក៏អាចធ្វើជាអ្នកចម្រៀងអាជីពបានដែរ ទើបលោកសម្រេចចិត្តជ្រើសឱ្យចូលជាសមាជិកថ្មី ដោយបានកុងត្រារយៈពេល១ឆ្នាំ។ លោកជឿថា វត្តមានបញ្ចូលតារាសម្ដែងរូបនេះ នឹងជួយលើកមុខឱ្យក្រុមក្លាសុិកកាន់តែមាការចាប់អារម្មណ៍ ដោយសារតែ លោក កំពុងឡើងកូដនៅក្នុងវិស័យសិល្បៈ ក្នុងនាមជាសមាជិកគ្រួសារតារាកម្ពុជា និងមានរូបសម្រស់ទាក់ទាញយុវវ័យ។

ម្យ៉ាងលោកក៏ជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាសុិក ដែលនឹងត្រៀមដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទទក ផងដែរ ទើបលោកយល់ថា ការជ្រើសយកលោក រុន ណាកូ អោយក្លាយជាតារាចម្រៀង គឺជារឿងល្អមួយ។ លោក ហួរ សុផល បន្តថា មកទល់ពេលនេះ ផលិតកម្មកាន់តែប្រមូលបានធនធានតារាចម្រៀងល្អៗ ដូចជា លោក បញ្ញា សិទ្ធិ កញ្ញា ញឹម ចាន់ថន លោក រតនៈ វិសិដ្ឋ និង តារារះថ្មីៗ ដែលមានទឹកដមសំឡេងល្អជាច្រើនទៀត ឱ្យក្លាយជាតារាក្លាសុិក។ ដោយឡែក លោក រុន ណាកូ បញ្ជាក់ថា ខ្លួនអាចច្រៀង និង ចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីមិនដែលមានឱកាសបង្ហាញទើបអ្នកខ្លះមិនបានដឹង។ យ៉ាងណាមិញ លោកថាខ្លួនមិនមានសំលេងល្អក្រលួចនោះទេ តែលោកនឹងប្រឹងដុសខាត់តាមការផ្ចុងផ្ដើម របស់ម្ចាស់ផលិតកម្មឱ្យបានល្អ៕

Advertisement