បេប៊ី ចេញបទថ្មី «ប្រពន្ធកាច» សាច់ភ្លេងកន្ទ្រាក់អារម្មណ៍ចង់ចាក់ក្បាច់រាំ

បទថ្មីពីតារាចម្រៀងស្រី បេប៊ី ទើបតែចេញក្ដៅៗ នៅក្នុងផលិតកម្មថោននោះ មានចំណងជើងថា«ប្រពន្ធកាច» ដោយបទនេះ គឺគ្រាន់តែស្ដាប់សាច់ភ្លេងមានការចាប់អារម្មណ៍តែម្ដង ស្របពេលដែលគេជឿថា ស្រីស្អាតជាម្ចាស់បទនេះ ក៏ពិតជាបំបែកក្បាច់រាំបានទាក់ភ្នែកឱ្យត្រូវនឹងសាច់ភ្លេងល្អ។

បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក ម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន ដែលធ្លាប់និពន្ធបទភ្លេងឱ្យតារាចម្រៀង កញ្ញា រ៉ាប៊ីផ្ទុះ។ បទថ្មីរបស់កញ្ញា បេប៊ីនេះ នឹងក្លាយជាបទប្រកួតប្រជែងក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសាច់ភ្លេងក្នុងបទចម្រៀងនេះ គ្រាន់តែឮក៏ចង់រាំ មិនខុសពីបទ«មាន់ស្រែ» របស់ថោន ដែលធ្លាប់ផ្ទុះកាលឆ្នាំមុន។

កញ្ញា បេប៊ី ដែលកាន់តែស្រស់សោភាខុសប្លែកពីមុនប្រកាសថា កុំភ្លេចរង់ចាំទស្សនាMV បទនេះ ដោយនាងក៏សន្យានឹងបង្កើតក្បាច់រាំឱ្យរស់រវើកជាមួយក្រុមរាំ និងបង្កើតការសម្ដែងឱ្យប្លែកតម្រូវអ្នកចូលចិត្តរាំបុណ្យចូលឆ្នាំផងដែរ។ អ្នកគាំទ្ររបស់នាងរំពឹងយ៉ាងខ្លាំងថា បេប៊ី នឹងក្លាយជាតារាចម្រៀងលេចធ្លោនៅក្នុងផលិតកម្មថោន ខណៈដែលតារាចម្រៀង មាស សុខសោភា ដែលជាខ្លាញីក៏លេចដំណឹងថារត់ទៅហង្សមាស ដែលច្បាស់ណាស់ថា រ៉ាប៊ី បេប៊ី និង ស៊ូស៊ីរីកា និងក្លាយជាតារាជួរមុខរបស់ផលិតកម្មនេះ។

យ៉ាងណាមិញ បេប៊ី ហាក់មិនមានរំពឹងថាបទ«ប្រពន្ធកាច» របស់ខ្លួន នឹងផ្ទុះកក្រើកជំនួសបទ”មាន់ស្រែ” ដែលធ្លាប់ល្បីលក្រើកកាលចូលឆ្នាំមុននៅឡើយទេ ដោយនាងបានត្រឹមតែអះអាងថានឹងប្រឹងឱ្យអស់ពីលទ្ធភាព។ ក្រៅពីបទប្លែកត្រចៀកមួយនេះ បេប៊ី ក៏មានបទល្អៗជាច្រើនទៀត សម្រាប់ឱកាសចូលឆ្នាំខ្មែរផងដែរ៕

Advertisement