កុមារីអាយុ9ឆ្នាំ ធ្លាប់ប្តូរតម្រងនោមបានប៊ូតុងមាសនៅ America’s Got Talent

ព័ត៌មានទើបតែចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា កុមារី Angelica Hale កាលពីអាយុ4ឆ្នាំ នាងធ្លាប់ទទួលការវះកាត់ផ្លាស់ប្តូរតម្រងនោម ដោយសារតែនាងទទួលរងគ្រោះដោយ​ជំងឺជាច្រើននៅពេលនោះ និងគ្រប់គ្នាបាន​អរគុណដល់​អ្នកស្រី Eva Hale ជាម្តាយរបស់​កុមារីវ័យ9ឆ្នាំម្នាក់នេះដែលបានបរិច្ចាគក្រលៀន (តម្រងនោម) ដល់កូនស្រី​កម្សត់របស់គាត់ ទើបនាងអាចបន្តជីវិតរស់នៅដូចសព្វថ្ងៃបាន។

មិនធម្មតាទេសម្រាប់អ្នកដែលហ៊ានយកបទពិបាកៗដូចជាបទ girl on fire ជាដើម ទៅឡើងច្រៀង​សម្តែងសមត្ថភាពលើឆាកនោះ ប៉ុន្តែកុមារីមួយរូបដែលទើបតែមានវ័យ9ឆ្នាំ បែរជាអាចច្រៀងបទនេះបានយ៉ាងពិរោះ និងមានសំឡេងប្រកប​ដោយថាមពល ដែលតារាចម្រៀងមួយចំនួនសុំខ្មាស ហើយអ្វីដែលអស្ចារ្យទៀតនោះ គឺគណៈកម្មការប្រុស​មួយរូបនៃកម្មវិធី Got Talent នៅអាមេរិកមិនអាចទប់នឹងអារម្មណ៍ស្ញប់ស្ញែងរបស់ខ្លួនចំពោះកុមារីនោះបាន ក៏ងើបឡើងទះ​ប៊ូតុងមាសធ្វើឲ្យប្រិយមិត្តទស្សនិកជនហ៊ោកញ្ច្រៀវទះដៃអបអរសាទរស្ទើរតែផ្ទុះវេទិកាប្រកួត។

បទចម្រៀង girl on fire ជាបទដ៏ល្បីកក្រើកអន្តរជាតិរបស់តារាចម្រៀង Alicia Keys កាលពីឆ្នាំ2012 ហើយត្រូវបានគេ​ទទួលស្គាល់ថា ជាបទដែលពិបាកច្រៀងតាមបំផុត  ប៉ុន្តែខណៈដែលគ្រប់គ្នាខ្លាចមិនហ៊ានយកបទនេះមកប្រកួត កុមារី Angelica Hale បែរជាយកវាមកសម្តែងសមត្ថភាពបានយ៉ាងល្អអស្ចារ្យនៅលើឆាករបស់ America’s Got Talent ទៅវិញ ដែលធ្វើឲ្យគ្រប់គ្នារំភើបទាំងនៅក្នុងកន្លែងប្រកួត និងអ្នកទស្សនានៅគេហដ្ឋាន ហើយជាពិសេសទៀតនោះ គឺវីដេអូបកស្រាយចម្រៀងរបស់ Hale ត្រូវបានបង្ហោះ និងចែកចាយតាមបណ្តាញសង្គម ដោយបានទាក់ទាញ​អ្នកគាំទ្រ ព្រមទាំងកោតសរសើររាប់លាននាក់។

ទោះបីជាអាចច្រៀងបានយ៉ាងប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏ Angelica Hale មិនធ្លាប់ដែលជឿថា ខ្លួនឯងអាចធ្វើបានរហូត​ដល់ថ្នាក់ទទួលបានប៊ូតុងមាស Golden Buzzer ដូច្នេះដែរ។ កុមារី Hale បានបង្ហោះលើបណ្តាញ Twitter របស់នាងថា «ខ្ញុំកំពុងតែហាត់ច្រៀងនៅឡើយ!!! ខ្ញុំមិនដែលគិតថា វានឹងកើតឡើងបែបនោះឡើយ!»៕

Advertisement