កុំភ័ន្ដច្រលំ!! ភាពយន្ដខ្នាត «ពោះធំ» ជាVersion រោងកុន​​ត្រៀមដាក់បញ្ចាំងក្នុងរោងភាពយន្ដហើយ

ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ នៅ​​លើ​ហ្វេសប៊ុក​ផេក​ទូរទស្សន៍​បាយ័ន​ និង​ Youtube ​ផ្លូវ​ការ​របស់​សាស្ត្រាហ្វៀម (SATRA FILM ) រួច​មក​ឥឡូវ​នេះ​​រឿង​ “ពោះធំ” បាន​កំណត់​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​រោងកុន​ហើយ។

បើ​តាម​ហ្វេសប៊ុក​ផេក​​ផ្លូវ​ការ​របស់​ Pous Thom The Movie បាន​ប្រកាស​ថារឿង “ពោះធំ” Version រោងកុន​​ត្រៀម​នឹង​សម្ពោធ​​ចាក់​បញ្ចាំង​​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ។ រឿង “ពោះធំ” ជា​ប្រភេទ​ភាពយន្ត​បែប​កម្សត់​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​ក្នុង​រឿង​ ពិសេស​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​មិត្តយុវវ័យ​តែ​ម្ដង​ ដែល​ឆាប់​ប្រឡូក​​រឿង​​ផ្លូវ​ភេទ​ទាំង​ខ្លួន​នៅ​​វ័យ​ក្មេង។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿងពោះធំ​ Version រោងកុន​ ដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ​ គឺមានភាពខុសប្លែកពី​ version ភាពយន្តជីវិតរឿងពោះធំ​ Version អនឡាញ​ ដែលធ្លាប់ចាក់បញ្ចាំងតាមទំព័រ​ Facebook និង​ Youtube របស់ផលិតកម្ម​ Sastra ព្រោះមានការថតឈុតឆាកថតថ្មីទាំងអស់ ដែលបង្ហាញពីជីវិតរបស់តួឯកប្រុសស្រីក្រោយពេលចាកចេញពីផ្ទះ​ ទៅផ្សងជីវិតក្មេងខ្ចីគ្មានទីជម្រក​ តស៊ូលំបាកវេទនា​ ដោយគ្មានឪពុកម្តាយ​ ទាំងតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង​ ។ ជាក់​ស្ដែង​ក្នុង​ភាព​យន្ត​​”ពោះធំ” នេះ​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​​គឺ​ជា​សិស្ស​សាលា​កំពុង​​តែ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ តែ​ពួក​គេ​​ទាំង​ពីរ​បាន​ស្រឡាញ់​ទាក់​ទង​គ្នា​ជ្រុល​ជ្រួស​រហូត​ដល់​មាន​កូន​​ដោយ​មិន​បាន​ព្រៀង​ទុក។ ក្រោយ​មក​គូស្នេហ៍​​វ័យ​ក្មេង​មួយ​គូ​នេះ​ត្រូវ​បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តែ​ពីរនាក់​បន្ទាប់​ពី​បែក​ធ្លាយ​រឿង​ដល់​ឪពុក​ម្ដាយ។

ឈុតឆាកថ្មីនេះនឹងកាន់តែធ្វេីឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកនឹងឆាកជីវិតរបស់ពួកគេ​ និងស្រាយចម្ងល់អ្នកទស្សនាវគ្គមុនថាតេីវាសនារបស់ពួកគេនិងកូនក្នុងពោះចុងក្រោយនឹងទៅជាយ៉ាងណា?

Advertisement