តារាកូរ៉េជាច្រើនដួងបង្ហោះសាររួមគ្នាបង្ហាញសកម្មភាពមនុស្សធម៌ជួយដល់អ្នកមានផ្ទុកវីរ៉ុស Covid-19 នៅក្នុងទីក្រុង ដេកូ

តាមរយៈសារព័ត៌មានកម្សាន្ដ Naver របស់កូរ៉េខាងត្បូងដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា តារាសម្ដែង និងតារាចម្រៀងខេប៉បជាច្រើនដួង បានរួមគ្នាបង្ហោះសារបំផុសឱ្យមានសកម្មភាពសប្បុរសធម៌ក្នុងការបរិច្ចាគ ថវិកា ម៉ាស និងវត្ថុដែលមានប្រយោជន៍ក្នុងការជួយដល់ការទប់ស្កត់ការរីករាលដាលឆ្លងវីរ៉ុស Covid-19 នៅទីក្រុង ដេកូ ប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីបានឃើញនូវទឹកចិត្តតារាស្រី អុី យ៉ុងអេ បរិច្ចាគទឹកប្រាក់ ៥០ លានវ៉ុនដល់ក្រុមគ្រួសារអ្នកផ្ទុក Covid-19 គេក៏ឃើញមានតារាសម្ដែងជាច្រើដួងទៀត ចាប់ផ្ដើមធ្វើការបរិច្ចាគបន្តបន្ទាប់គ្នាជួយដល់ប្រជាជនកូរ៉េ។

នៅក្នុងនោះគេឃើញមានតារាសម្ដែងប្រុស ផាក សជុន (Park Seo Joon) បានប្រកាសបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ជូនដល់មូលនិធិសហគមន៍សុខមាលភាពសង្គមប្រចាំទីក្រុង ដេកូ ដោយលោកអះអាងថា «ខ្ញុំចង់រួមចំណែករក្សាសុខភាពរបស់ជំងឺនៅក្នុងទីក្រុង ដេកូ បន្ទាប់ពីខ្ញុំបានឃើញទឹកចិត្តរបស់តារាសម្ដែងស្រី អុី យ៉ុងអេ »។

តារាសម្ដែងស្រី គីម កុអុឺន (Kim Go-Eun ) ក៏បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ដើម្បីទិញម៉ាសការពារវីរ៉ុសសម្រាប់គ្រួសារជំងឺដែលកំពុងខ្វះខាតផងដែរ។


អ្នកនាងអំពាវនាវសកម្មភាពបន្ដ ដោយថេកទៅកាន់ពិធីករលោក គីម ថេក្យុន ( Kim Tae-kyun ) បានបរិច្ចាគម៉ាសអនាម័យចំនួន ១០,០០០ ម៉ាសសម្រាប់កុមារងាយរងគ្រោះ។

សូមជម្រាបថា ក៏មានតារាចម្រៀងខេប៉បជាច្រើនដួងទៀត​បានធ្វើការបរិច្ចាគទឹកអាកុលអនាម័យលាងសម្អាតដៃជាច្រើនដប ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស Covid-19 នៅក្នុងទីក្រុង ដេកូ ថែមទៀតផង៕

Advertisement