វីន វីន បកស្រាយរឿងលុយទុនបើកភោជនីយដ្ឋានធំមួយនៅភ្នំពេញ

កញ្ញាវីន វីន ជាតារាសិល្បៈដែលគេឧស្សាហ៍បានឃើញវត្ដមានក្នុងកម្មវិធីដើរម៉ូដជាច្រើន។ រាល់ការងារដែលនាងធ្វើកន្លងមកមានការខំប្រឹងប្រែងជាខ្លាំង រហូតធ្វើឱ្យអ្នករួមអាជីពជាមួយនាងលើកឡើងថា ធម្មតាទេ ជាតារាសម្ដែងថ្មោងថ្មី នាងត្រូវតែខំប្រឹងប្រែងអ៊ីចឹងហើយ ម្យ៉ាងទំនងជានាងពឹងផ្អែកលើប្រាក់ចំណូលពីសិល្បៈតែមួយមុខទេ ទើបនាងខំប្រឹងប្រែងខ្លាំងបែបហ្នឹង។ថ្មីៗនេះនាងបានបង្ហើបប្រាប់ថា  ក្រៅពីការងារសិល្បៈ នាងក៏ជាម្ចាស់ភោជនីយដ្ខានធំមួយក្នុងទីក្រុងភ្នំពេញឈ្មោះថា «រាជធានីថ្មី» ដែរ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែន ដែលតារាវ័យក្មេងម្នាក់មានឱកាសក្លាយជាម្ចាស់ភោជនីយដ្ឋានធំមួយក្នុងក្រុងភ្នំពេញខណៈដែលនាងជាក្មេងកំព្រាឱពុកម្ដាយផងនោះ។

ជុំវិញបញ្ហានេះត្រូវបានកញ្ញា វីន វីន ប្រាប់ថា តាមពិតនាងបានចាប់យកអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ តែដោយសាររវល់ជាមួយការរកស៊ី និងការបើកភោជនីយដ្ឋាន ទើបនាងពុំសូវផ្ដោតអារម្មណ៍លើអាជីពសិល្បៈធ្វើឱ្យប្រជាប្រិយភាពរបស់នាងនៅមានកម្រិត។ ជាមួយភាពអស្ចារ្យរបស់តារាសម្ដែងវ័យក្មេង វីន វីន ត្រូវបាននាងបញ្ជាក់ថា ទម្រាំមានដូចពេលបច្ចុប្បន្ន ជីវិតនាងបានឆ្លងកាត់ការលំបាក និងការងារជាច្រើន សូម្បីតែធ្វើការជាអ្នកអនាម័យក៏ធ្លាប់  និងការងារក្នុងក្រុមហ៊ុនក៏នាងធ្លាប់ឆ្លងកាត់មកអស់ហើយ។ តារាសម្ដែងវ័យ23 ឆ្នាំរូបនេះបន្ដថា៖ « អ្វីដែលលំបាក និងឈឺចាប់បំផុតនោះ គឺនៅពេលធ្វើការងារនៅកន្លែងមួយ ហើយត្រូវបានគេមើលងាយ រិះគន់ រករឿងក្នុងចេតនាចង់ឱ្យយើងសុំឈប់ពីការងារ»។ ដូច្នេះហើយទើបនាងមានគំនិតចង់បង្កើតមុខរបរផ្ទាល់ខ្លួនមួយដោយខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូលឱ្យបានច្រើនបន្ទាប់ពីនាងបានឆ្លងកាត់ជីវិតក្រលំបាក និងក្រោយពីនាងត្រូវបាត់បង់ឪពុកម្ដាយរួចមក។ នាងបន្ថែមថា៖ «មុនពេលចូលធ្វើការងារឱ្យក្រុមហ៊ុនគេ មានថ្ងៃខ្លះ លុយតែមួយរយរៀលក៏គ្មានក្នុងខ្លួនដែរ»។

ពាក់ព័ន្ធអាជីវកម្មមួយនេះត្រូវបានគេលើកការសង្ស័យថា តើនាងបានលុយមកពីណាច្រើនម្ល៉េះក្នុងការបើកភោជនីយដ្ឋាន?  ទោះជាយ៉ាងណាកញ្ញា វីន វីន ទទួលស្គាល់ថា ខណៈដែលនាងជាតារាសម្ដែងពុំទាន់ទទួលបានប្រជាប្រិយភាពខ្លាំង តែបែរជាមានអាជីវកម្មផ្ទាល់ខ្លួនពិតជាធ្វើឱ្យមហាជនមានការសង្ស័យមែន ប៉ុន្ដែជាក់ស្ដែងអ្វីដែលនាងមានសព្វថ្ងៃ គឺបានមកពីកម្លាំងញើសឈាមនាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «សម្រាប់ការគិតរបស់គេផ្សេង ឯការគិតរបស់ខ្ញុំផ្សេង អ្នកដែលស្គាល់ខ្ញុំគេប្រាកដជាដឹងថា ជីវិតរបស់ខ្ញុំតស៊ូតាំងពីក្មេង តាមរយៈការខំប្រឹងប្រែងធ្វើការងារដើម្បីសន្សំប្រាក់យកមកបើកមុខរបររកស៊ីនេះ»។

នាងប្រាប់បន្ដទៀតថា កន្លងមកនាងធ្វើការងារឱ្យគេយកប្រាក់ខែ រួចយកប្រាក់នេះមករកស៊ីចងការប្រាក់ និងដោយសារតែការរកស៊ីលើផ្នែកនេះកាក់កបខ្លាំង ទើបធ្វើឱ្យលុយរបស់នាងចាប់ផ្ដើមកើនរហូតធ្វើឱ្យនាងមានគំនិតចូលហ៊ុនគ្នាជាមួយបងប្រុសដើម្បីបង្កើតភោជនីយដ្ឋាននេះ។ទោះបីជាមុខរបរនេះជាទីបង្អែកក៏ដោយ ក៏នាងមិនបោះបង់ចោលអាជីពសិល្បៈរបស់នាងដែរ ព្រោះការងារសិល្បៈក៏ជាការរួមចំណែកជួយឱ្យកិច្ចការរកស៊ីរបស់នាងដំណើរការល្អដែរ។ ផ្ទុយទៅវិញនាងបញ្ជាក់ថា បច្ចុប្បន្ននាងបានពង្រីកអាជីពសិល្បៈពីធ្លាប់តែដើរម៉ូដមកជាការសម្ដែងផងដែរ ដោយ  បច្ចុប្បន្ននាងកំពុងតែទទួលបានការសម្ដែងខ្សែភាពយន្ត2រឿងហើយ គឺរឿង«ស្នេហាយុវវ័យ» និង «ទេពធីតាម៉ាណឺកាំង»។ ក្រៅពីទទួលបានការសម្ដែងពីររឿងហើយនោះ ថ្មីៗនេះនាងក៏ទទួលបានស្ប៉តផលិតផលហ្វូងដុសមុខា alite៕

Advertisement