ស៊ឹម ស្រីមុំ យកក្មេងធ្វើជាខែល ព្រោះមិនចង់ឱ្យប្រុសតាមរំខាន

បន្ទាប់ពីកញ្ញា ស៊ឹម ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាមួយរូបភាពសិចស៊ីហើយនោះ ថ្មីៗនេះនាងក៏បានបង្ហោះរូបភាពជាមួយក្មេងតូចម្នាក់ព្រមទាំងសារមួយឃ្លាថា «Kon Srey Mak»។ ជុំវិញការបង្ហាញពាក្យពេចន៍នេះបានធ្វើឱ្យសាធារណជនយល់ច្រឡំថា នាងកំពុងមានបំណងបង្ហាញពីកូនសំណព្វចិត្ដរបស់ខ្លួនឱ្យមហាជនបានស្គាល់ហើយ។

កញ្ញា ស៊ឹម ស្រីមុំ បញ្ជាក់ថា ការពិតកូនតូចនោះជាកូនរបស់អ្នករស់នៅជិតផ្ទះនាង ដោយសារតែកូននោះគួរឱ្យស្រឡាញ់ពេកទើបនាងថតរូបបង្ហោះរូបទុកជាអនុស្សាវរីយ៍។ នាងបន្ដថា ពេលបង្ហោះរូបភាពនេះឡើងមានអ្នកយល់ច្រឡំលើនាងថា មានកូនពិតមែន។

បើទោះជាមានការយល់ច្រឡំបែបនេះក៏ពិតមែន ប៉ុន្ដែកញ្ញាស៊ឹម ស្រីមុំ ហាក់ពុំបានព្រួយបារម្ភពីប្រជាប្រិយភាព ឬអន់ចិត្ដទេ ផ្ទុយទៅវិញនាងកាន់តែសប្បាយចិត្ដទៅវិញ ពោលគឺប្រសិនបើមានការយល់ច្រឡំលើនាងកាន់តែច្រើននាងកាន់តែសប្បាយចិត្ដ។ ស្រីមុំបានបញ្ជាក់ប្រាប់ថា៖ «កន្លងមកមានបុរសមួយចំនួន Call សួរពីរឿងផ្ទាល់ខ្លួនច្រើន អ្នកខ្លះសួរខ្ញុំថាមានអ្នកស្រឡាញ់ហើយឬនៅ? ខ្ញុំប្រាប់ថា ខ្ញុំមានម្ចាស់ចិត្ដហើយ ក៏នៅតែមិនជឿដែរ នៅតែមានអ្នក Call មករំខានចិត្ដស្ទើរតែរាល់ថ្ងៃ។ ពេលខ្លះខ្ញុំក៏ខ្លាចគេអន់ចិត្ដដែរ»។

យើងបានលើកជាសំណួរតបនឹងចម្លើយនេះទៅវិញថា អ៊ីចឹងតើរឿងមានសង្សារនោះជាការពិតដែរឬទេ? ឬក៏កញ្ញាគ្រាន់តែលើកយកមកធ្វើជាលេសអាង?

បញ្ហានេះ កញ្ញា ស៊ឹម ស្រីមុំ បានទទួលស្គាល់ថា ខ្លួនពិតជាមានសង្សារមែន ពួកយើងស្គាល់គ្នារយៈពេលជិតកន្លះឆ្នាំហើយ ហើយពួកយើងឧស្សាហ៍បណ្ដើរគ្នាទៅញ៉ាំអីនៅខាងក្រៅ ពិសេសចូលរួមកម្មវិធីរបស់មិត្ដភ័ក្ដិ។ នាងបន្ដថា៖«កន្លងពួកយើងដើរជាមួយគ្នារហូតហ្នឹង! គ្រាន់តែខ្ញុំមិនចូលចិត្ដបង្ហោះរូបតាមរយៈហ្វេសប៊ុកតែប៉ុណ្ណោះ»។

ទោះជាយ៉ាងណា តារាសម្ដែងរូបនេះបញ្ជាក់ថា មូលហេតុដែលនាងសម្រេចចិត្តថា យកបុរសអ្នកជំនួញវ័យ 34ឆ្នាំ ម្នាក់នោះធ្វើជាសង្សារ ព្រោះក្នុងចំណោមបុរសជាច្រើនដែលមកស្រឡាញ់នាង គឺមានតែបុរសម្នាក់នេះទេដែលមានបំណងល្អ និងចង់សាងអនាគតជាមួយនាង។ ខុសពីបុរសដទៃដែលមានចរិតជាមនុស្សហុតទឹកសម្លឹងកាក។

តារាសម្ដែងរូបនេះប្រាប់ថា៖ «ទៅអនាគតខ្ញុំមិនដឹងថា វានឹងមានរឿងអ្វីកើតឡើងទេ តែពេលនេះខ្ញុំអាចប្រាប់បានថា បុរសដែលខ្ញុំជ្រើសរើសជាសង្សារម្នាក់នេះ គាត់ជាបុរសល្អ មានភាពទទួលខុសត្រូវខ្ពស់លើជីវិតខ្ញុំ»៕

Advertisement