ម៉ីម៉ី ក្រោយពីសម្រុកមួយប្រាវ ត្អូញថា ហត់ខ្លាំង…

ទើបតែបីឆ្នាំប៉ុណ្ណោះដែលកញ្ញា អៀ ម៉ីលិ ហៅ ម៉ីម៉ី ចូលប្រឡូកក្នុងវិថីសិល្បៈ តែនាងទទួលបានភាពជោគជ័យជាខ្លាំង ពោលទាំងការងារសិល្បៈ និងការងាររកស៊ីដែលកំពុងតែដំណើរការទៅមុខយ៉ាងរលូន។ តារាសម្ដែងរូបនេះបានត្អូញត្អែរថា នាងមានអារម្មណ៍នឿយហត់ជាខ្លាំង ខណៈរកពេលសម្រាកស្ទើរតែគ្មាន។

ថ្លែងក្នុងពិធីខួបកំណើតគម្រប់អាយុ 19ឆ្នាំ កញ្ញាម៉ីម៉ីបានបញ្ជាក់ថា បច្ចុប្បន្ននាងមានការមមាញឹកជាមួយការងារ
សិល្បៈជាខ្លាំង ព្រោះនាងត្រូវថតបញ្ចប់រឿងចាស់ៗមួយចំនួន ព្រមទាំងទទួលបានការងារថ្មីៗបន្ថែមទៀតផង។ នាងបន្ដថា ក្រៅពីការងារសិល្បៈហើយ ក៏ត្រូវមើលការខុសត្រូវហាងផឹកស៊ីរបស់ខ្លួនឈ្មោះថា «លិលី ស៊ុបកន្ធាយ» បន្ទាប់ពីបើកដំណើរការអស់រយៈពេលជិតបីខែកន្លងមកហើយ។


តារាសម្ដែងរូបនេះបន្ថែមថា នាងក៏មិននឹកស្មានថាអ្វីៗបានល្អប្រសើរដូចសព្វថ្ងៃនេះដែរ ព្រោះពេលនាងបោះជំហានលើវិថីសិល្បៈដំបូងៗត្រូវជួបនឹងការលំបាកជាខ្លាំងទៅលើជីវភាព និងមធ្យោបាយធ្វើដំណើរ ប៉ុន្ដែនៅពេលនេះអាចនិយាយបានថា នាងមានអ្វីៗគ្រប់អស់ហើយ។

ពាក់ព័ន្ធនឹងការងារទាំងពីរ នាងបន្ដថា នៅពេលនាងចេញសម្ដែងនៅទីតាំងជិតៗនាងត្រូវត្រឡប់មកមើលការខុសត្រូវហាងវិញ ផ្ទុយទៅវិញ ពេលនាងចេញទៅថតនៅទីតាំងឆ្ងាយៗ មិនអាចមកទាន់ក៏មានបងប្អូនជួយមើលការខុសត្រូវហាងនោះដែរ។ ម៉ីម៉ីបញ្ជាក់ថា៖ «ទោះជាការបើកមុខរបរនេះចំណាយថវិកាមិនច្រើនក៏ពិតមែន តែក៏វាបានមកពីញើសឈាមរបស់ក្រុមគ្រួសាររបស់ខ្ញុំដែរ ដូច្នេះខ្ញុំមិនអាចទុកវាចោលបានទេ ពិសេសគ្រាដែលវាកំពុងតែទទួលបានការគាំទ្រពីអតិថិជនច្រើនដូច្នេះ»។

ជាមួយគ្នានេះ កញ្ញា ម៉ីម៉ី បានបញ្ជាក់ថា៖ «ក្រោយពីសម្រុកជាមួយការងារសិល្បៈ និងមុខរបរថ្មីមួយប្រាវមកខ្ញុំមានអារម្មណ៍ថា នឿយហត់ខ្លាំងណាស់ ព្រោះមានថ្ងៃខ្លះស្ទើរតែពេញមួយខ្ញុំសឹងតែគ្មានពេលសម្រាកសោះ តែទោះយ៉ាងណា ក៏ខ្ញុំសប្បាយចិត្ដដែរ ព្រោះមុខរបរទើបតែបើកដំណើរការមានអតិថិជនមកគាំទ្រច្រើនយ៉ាងនេះ»។

តារាសម្ដែងរូបនេះបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមុខរបររបស់នាងពុំទាន់រកផលចំណេញឃើញទេ ព្រោះចំណូលបានមកនាងត្រូវយកទៅទិញសម្ភារបន្ថែម ដើម្បីបង្កើតមុខម្ហូបថ្មីៗ ក៏ដូចជាសេវាកម្មថ្មីៗបន្ដទៀត ដូច្នេះការចំណាយទិញសម្ភារផ្សេងៗ នាងមិនបានដាក់ទុនបន្ថែមទៀតទេ៕

 

Advertisement