ហ្អា៎ា!? ហាងបាយសាច់ជ្រូកអាំងរបស់ VJ អាណូ មានអ្នកចង់ទិញ Franchise?

ក្រោយពី VJ អាណូ បង្កើតអាជីវកម្មលក់បាយសាច់ជ្រូកអាំងអស់រយៈពេល 6ខែកន្លងមក បច្ចុប្បន្ននាងទទួលបានអតិថិជនច្រើនដែលជាមធ្យមនាងលក់បានប្រមាណ 350 ប្រអប់ក្នុងមួយថ្ងៃតាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ ស្របពេលជាមួយគ្នានេះដែរ នាងបានប្រាប់ថា ហាងបាយដែលមានឈ្មោះថា «Christian បាយសាច់ជ្រូកអាំងពិសេស» នេះកំពុងតែមានអ្នកចង់ទិញ Franchise។

កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា បន្ទាប់ពីនាងទទួលបានយោបល់ពីមិត្ដភ័ក្ដិជាច្រើនបង្ខំឱ្យនាងរៀបចំបើកអាជីវកម្មហាងលក់បាយរួចមក នាងក៏បានដាក់ឈ្មោះហាងថា «Christian បាយសាច់ជ្រូកអាំងពិសេស» និងបានសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចជាស្រេចទៀតផង។ នាងបន្ដថា ការធ្វើដូច្នេះព្រោះនាងចង់រៀបចំឱ្យអាជីកម្មរបស់ខ្លួនដំណើរការមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ចៀសវាងការចម្លងឈ្មោះពាណិជ្ជកម្មមួយនេះ គ្រាដែលនាងរំពឹងថា មុខរបរមួយនេះនឹងមានភាពរីកចម្រើនទៅអនាគត។

VJ អាណូ បានប្រាប់ទៀតថា បន្ទាប់ពីដំណើរការបានកន្លះឆ្នាំ ឃើញថាមានលក្ខណៈល្អប្រសើរដូចនាងរំពឹងទុកមែន ទើបធ្វើឱ្យនាងឈានទៅពង្រីកសាខាមួយទៀតនៅខេត្ដសៀមរាប ជាពិសេសបាយសាច់ជ្រូកប្រឡាក់របស់នាងក៏មានអ្នកមានមុខមាត់ក្នុងសង្គម និងឧកញ៉ាមួយចំនួនធ្លាប់បានទទួលសេវាកម្មពីហាងរបស់នាងផងដែរ។ VJ អាណូ ប្រាប់ទៀតថា៖ «ដោយសារតែមានសាខានៅខេត្ដសៀមរាបនេះហើយ ទើបខ្ញុំត្រូវចំណាយពេលចុងសប្ដាហ៍រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ជិះយន្ដហោះទៅមើលការងារនៅទីនោះ»។

ពិធីការិនី និងតារាសម្ដែងរូបនេះបញ្ជាក់ថា បន្ទាប់ពីមានការសរសើរពីរសជាតិសាច់ប្រឡាក់ឆ្ងាញ់ តាមរយៈការប្រើរូបមន្ដប្រឡាក់សាច់ផ្ទាល់ខ្លួនរបស់នាងដែលទម្លាប់ធ្វើក្នុងគ្រួសារគួបផ្សំជាមួយ និងសេវាកម្មផ្ដល់ទៅឱ្យភ្ញៀវបានល្អផងនោះ ក៏មានអ្នកចង់ទិញ Franchise ឬរូបមន្ដនៃការប្រឡាក់សាច់នោះ។

តែទោះជាយ៉ាងណានាងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់លក់ទេ ខណៈនាងកំពុងតែមានបំណងចង់ពង្រីកសាខារបស់ខ្លួនមួយទៀតនៅក្នុងផ្សារសុវណ្ណា ទីក្រុងភ្នំពេញ៕

Advertisement